រាជធានីភ្នំពេញ ៖ ស.ពបុរសម្នាក់ មានលក្ខណៈហើមស្អុយទៅហើយ ត្រូវបានគេប្រទះឃើញអណ្តែតទឹកទន្លេសាប ខាងជើងស្ពានជ្រោយចង្វារប្រមាណ ១០០ម៉ែត្រ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង០៦និង១០នាទីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ហើយប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យ ។
បុរសរូបនោះ ពុំស្គាល់អត្តសញ្ញាណនៅឡើយ ពាក់អាវដៃវែង ពណ៌ខ្មៅ និងខោជើងវែង ពណ៌ខ្មៅ សក់ក្បាលខ្លី ពណ៌ទង់ដែង មានស្នាមចាក់សាក់អក្សរ BRKL និងរូបមុខញញឹមនៅខ្នងប្រអប់ដៃខាងស្ដាំ, មានស្នាមចាក់សាក់រូបក្បាលព្រួញ នៅកំភួនដៃខាងស្ដាំ និងសាក់អក្សរMY LOVE FAMILY picl នៅភ្លៅខាងស្ដាំ មានស្នាមចាក់សាក់រាងពងក្រពើ ។
តាមនគរបាលមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកនោះ មានប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេសាប ត្រើយខាងកើត ប្រទះឃើញមានសាកស.ពមនុស្សប្រុសម្នាក់អណ្ដែតទឹកផ្កាប់មុខ មកអែបក្បែរមាត់ច្រាំង រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីទាក់ទងនគរបាលជំនាញចុះមកត្រួតពិនិត្យតែម្ដង ។
តាមការត្រួតពិនិត្យសមត្ថកិច្ចជំនាញ រកពុំឃើញមានស្លាកស្នាមឡើយ ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា បុរសរូបនោះ ស្លា.ប់ដោយលង់ទឹក ។ ស.ពត្រូវបាននគរបាលមូលដ្ឋាន បញ្ជូនទៅកាន់ឈាបនដ្ឋានវត្តកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីបូជាតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ