រាជធានីភ្នំពេញ ៖ នៅរាត្រីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារស.ពលោក ព្រិន្ធបាលឯក សួន រោន ដោយសារការវាយឆ្ម.ក់ពីកងទ័ពឈ្លានពាន ។

ជុំវិញព្រឹត្តការណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្តាញសង្គមដូច្នេះថា « ដំបូងខ្ញុំសូមសម្ដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារស.ពលោកព្រិន្ទបាល ឯក សួន រោន ដោយសារការវា.យឆ្ម.ក់ពីកងទ័ពឈ្លានពាន ។ ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ មិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាព ឬថ្នាក់ណាក៏ដោយដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ» ។

សម្តេចតេជោ ហ៊ុន សែន បន្តថា «ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ព និងអាវុ.ធធុនធ្ងន់ទៅកាន់ព្រំដែន ដើម្បីត្រៀមវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត ។ ខ្ញុំសង្ឃឹមថា ការចរចាដែលនឹងត្រូវធ្វើនៅថ្ងៃស្អែករវាងមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងទទួលបានផលល្អ ។ ខ្ញុំសង្ឃឹមថា មិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែនរវាងប្រទេសទាំងពីររហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀតដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ» ។

សម្តេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អ.ប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាល និងកងទ័ពនៃប្រទេសទាំងពីរ ។
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា ៖ «យើងស្អប់សង្គ្រាម តែយើងបង្ខំចិត្ត ត្រូវធ្វើសង្គ្រាម ដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ ដល់២០១១ ដែលប្រើមុខព្រួញ០៣ គឺយោធា ការទូត និងផ្លូវច្បាប់» ។

សូមជម្រាបថា កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុ.ធគ្នា នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃ បានធ្វើការបា.ញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត ។
រំលឹកថា ពិធីបុណ្យសពយោធិនពលី សួន រោន អាយុ៤៨ឆ្នាំ បានប្រារព្ធ ធ្វើកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមភាពសោកស្តាយយ៉ាងក្រៃលែងរបស់ប្រជាជាតិខ្មែរ ។ យោធិនរូបនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបលើកកម្កើង និងចាត់ទុកលោក គឺជាវីរៈបុរសដ៏អង់អាចក្លាហានដែលបានលះបង់ជីវិត សា.ច់ស្រ.ស់ ឈា.មស្រ.ស់ ដើម្បីការពារជាតិមាតុភូមិ ៕



ចែករំលែកព័តមាននេះ