រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាមានសំណាញ់មេឃក្នុងបាញ់តបជាមួយសត្រូវ ដើម្បីការពារប្រទេសសម្រាប់ត្រៀមប្រយុទ្ធជាមួយអ្នកមានបំណងឈ្លានពានកម្ពុជា ដោយបាញ់ពីក្រោមទម្លាក់យន្តហោះនៅពេលដាំក្បាលចុះមកជិត ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នេះ ឆ្លើយតបទៅអ្នកខមមិនក្នុងហ្វេសប៊ុករបស់សម្តេចថា ក្រោយមានការប៉ះទង្គិច រវាងកងទ័ពកម្ពុជាជាមួយកងទ័ពថៃ ភាគីបានត្រៀមយន្តហោះចម្បាំងរួចរាល់ហើយ ។ ប៉ុន្តែចំណុចនេះ សម្តេចតេជោ បានថ្លែងសារពិសេស នាព្រឹកថ្ងៃ២៩ ឧសភា នេះថា កម្ពុជាអត់មានយន្តហោះចម្បាំងនោះទេ ប៉ុន្តែអ្វីដែលកម្ពុជាមាន គឺសំណាញ់មេឃ និងបានត្រៀមអាវុធទំនើបៗ ដើម្បីតបតទៅអ្នកចង់ បំពានមកលើទឹកដីកម្ពុជា ។
ឆ្លើយតបទៅក្រុមមនុស្សដែលចាំអុចអាលសភាពការណ៍ កម្ពុជា-ថៃ សម្តេចតេជោបានមានប្រសាសន៍ថា «ប៉ុន្តែពួកអាល្ងង់មួយចំនួន វាអត់ស្គាល់សំណាញ់មេឃ ។ សំណាញ់មេឃ គ្រាប់ទៅពីក្រោម ។ យន្តហោះកាលណាហែងហោះពីលើខ្ពស់ ហែងធ្វើអីអញអត់បានទេ ប៉ុន្តែបើហែងចង់ធ្វើអីអញ ទាល់តែហែងដាំក្បាលចុះ ព្រោះវាដាំក្បាលចុះ អាហ្នឹងបាញ់វាទៅពីខាងក្រោមរាប់ពាន់ រាប់ម៉ឺនគ្រាប់ រាប់សែនគ្រាប់ងាយអីមិនត្រូវខ្លះ» ។
សម្តេចតេជោបន្តថា ដូច្នេះ នៅពេលដែលមានសង្គ្រាមនៅតាមព្រំដែន ភាគីម្ខាងៗមិនដែលប្រើប្រាស់យន្តហោះចម្បាំងនោះទេ ។ ជាមួយគ្នានេះដែរ សម្តេចតេជោបានអះអាងថា កម្ពុជាមានយន្តហោះប្រភេទការពារដែនអាកាសយ៉ាងល្អប្រសើរ ដែលអាចបាញ់សាកល្បង៤០គីឡូទៅម្ខាងទៀត ។
ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីមានរិះគន់ពីអ្នកលេងបណ្តាញសង្គម ពិសេសក្រុមប្រឆាំងតែងតែចាក់រុកថា កម្ពុជាគ្មានអ្វីតបតជាមួយថៃ និងថា កម្ពុជាគ្មានអាវុធសម្រាប់បាញ់ ខណៈថៃបានត្រៀមយន្តហោះចម្បាំង ៕
ចែករំលែកព័តមាននេះ