ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​រវាង​អ្នក​ជិតខាង​ភាគ​កើត និង​ភាគ​ខាងលិច​ដែល​មាន​តម្លៃ​សរុប​៣៥​ពាន់​លាន​ដុល្លារ នឹង​មិន​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ​សម្រាប់​កម្ពុជា​ពីព្រោះ​មូលដ្ឋាន​ផលិតកម្ម​របស់​កម្ពុជា ពិតជា​មាន​ធនធាន និង​កម្លាំង​គ្រប់គ្រាន់​ដែល​អាច​បំពេញ​គោលបំណង​នេះ​បាន ។ តាម​ការ​ប្តេជ្ញា​ចិត្ត​ក៏​ដូច​ជា ចង់បាន​របស់​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ដែល​ជា​ប្រទេស​ជិតខាង​ភាគ​ខាងកើត នៅ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ដល់​២០​ពាន់​លាន​ដុល្លារ…

រឿង​គោលដៅ​ជំរុញ​ពាណិជ្ជកម្ម​រវាង​អ្នក​ជិតខាង​ភាគ​កើត និង​ភាគ​ខាងលិច​ដែល​មាន​តម្លៃ​សរុប​៣៥​ពាន់​លាន​ដុល្លារ នឹង​មិន​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ​សម្រាប់​កម្ពុជា​ពីព្រោះ​មូលដ្ឋាន​ផលិតកម្ម​របស់​កម្ពុជា ពិតជា​មាន​ធនធាន និង​កម្លាំង​គ្រប់គ្រាន់​ដែល​អាច​បំពេញ​គោលបំណង​នេះ​បាន ។

តាម​ការ​ប្តេជ្ញា​ចិត្ត​ក៏​ដូច​ជា ចង់បាន​របស់​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ដែល​ជា​ប្រទេស​ជិតខាង​ភាគ​ខាងកើត នៅ​ក្នុង​ការ​ជំរុញ​ពាណិជ្ជកម្ម​ដល់​២០​ពាន់​លាន​ដុល្លារ និង​គោលដៅ​១៥​ពាន់​លាន​ដុល្លារ​រវាង​កម្ពុជា និង​ថៃ វា​ពិតជា​មិន​មាន​អ្វី​ជា​ឧបសគ្គ​ឡើយ ពីព្រោះ​មូលដ្ឋាន​ពាណិជ្ជកម្ម និង​ធនធាន​ដែល​កម្ពុជា អាច​បំពេញ​ជាមួយនឹង​ប្រទេស​ជិតខាង​ទាំង​ពីរ គឺ​វា​មាន​សន្ទុះ​កំណើន​ស្រប​តាម​និន្នាការ​នោះ​រួច​ទៅ​ហើយ ។

សម្រាប់​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយនឹង​វៀតណាម គឺ​ភាគី​ទាំង​ពីរ​បាន​ដាក់​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​ការ​ជំរុញ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​លើ​វិស័យ​សំខាន់​ៗ​សំដៅ​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​២០​ពាន់​លាន​ដុល្លារ យ៉ាង​យូរ​៥​ឆ្នាំ​ទៀត ។ ការ​សន្យា​នេះ ត្រូវ​បាន​គូសបញ្ជាក់​ជា​ម្តង​ហើយ​ម្តងទៀត ដោយ​មេដឹកនាំ​កម្ពុជា និង​វៀតណាម នៅ​ក្នុង​ជំនួប​ជា​បន្តបន្ទាប់​កន្លង​មក ហើយ​សូ​ម្បី​តែ​នៅ​ក្នុង​កិច្ច​សន្ទនា​ធុរកិច្ច ឆ្នាំ​២០២៥​ថ្មី​ៗ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​លើក​ឡើង​ពី​ផែនការ​នេះ​ផង​ដែរ ។

មក​ដល់​ពេល​នេះ អ្នកវិភាគ​បាន​លើក​ឡើង​ថា ប្រទេស​ទាំង​ពីរ គឺ​ពិតជា​មាន​លក្ខខណ្ឌ​អំណោយផល​ច្រើន​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​វិស័យសេដ្ឋកិច្ច​ជាក់លាក់ ។ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នៅ​តែ​បន្ត​រីក​ចម្រើន បើ​ទោះបីជា​មាន​បញ្ហា​ប្រឈម​ជា​សាកល​ក៏​ដោយ ។ នៅ​ឆ្នាំ​២០២៤ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ គឺ​ឈាន​ដល់​តម្លៃ​១០,១​ពាន់​លាន​ដុល្លារ​មានការ​កើនឡើង​១៧,៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣ ។ ក្នុង​រយៈពេល​៤​ខែ​ដំបូង នៃ​ឆ្នាំ​២០២៥ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម ដល់​ទៅ ៣,២២​ពាន់​លាន​ដុល្លារ​កើនឡើង​៧​ភាគរយ ដោយនៅ​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​វៀតណាម​សរុប​១,៧៨​ពាន់​លាន​ដុល្លារ ហើយ​នាំ​ចូល​ប្រមាណ​ជា​១,៤៣ ពាន់​លាន​ដុល្លារ​ដោយ​កម្ពុជា​មាន​អតិរេក​ពាណិជ្ជកម្ម​ជាង​៣៥៤​លាន​ដុល្លារ ។

ដោយឡែក ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយនឹង​ថៃ គឺ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​ចិត្ត​សម្រេច​ឲ្យ​បាន​ដល់​១៥​ពាន់​លាន​ដុល្លារ ។ ភាគី​កម្ពុជា និង​ថៃ បាន​អះអាង​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ប្រកបដោយ​ម​ហិ​ច្ឆិ​តា​ចំនួន​១៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៧ នេះ​ជា​ថ្មី ដោយ​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក ម៉ា​រី​ស សាង​អាម​ភ​ង្សា ( Maris Sangiampongsa ) នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី​ថ្មី​ៗ​នេះ ។

ក្រសួងការបរទេស​បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​រួម​ជាមួយនឹង​ការ​ពិភាក្សា​ស៊ីជម្រៅ​លើ​វិស័យ​សក្តានុពល​នៃ​កិច្ច​សហប្រតិបត្តិការ រួម​មាន​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​១៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៧ ការ​លើកកម្ពស់​ទេសចរណ៍ កសិកម្ម កិច្ច​សហប្រតិបត្តិការ​វប្បធម៌ ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស (SEZs) នៅ​តាម​ព្រំដែន និង​រួម​គ្នា​ដោះស្រាយ និង​សហការ​លើ​បញ្ហា​សន្តិសុខ​មិន​ប្រពៃណី ។

កិច្ចព្រមព្រៀង​លើកកម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីក​ចម្រើន​នៃ​ការ​ពឹងពាក់​គ្នា​ខាង​សេដ្ឋកិច្ច​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ។ ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន ជា​ពិសេស​តាម​រយៈ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រំដែន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម ។

រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​យុទ្ធសាស្ត្រ​លើកកម្ពស់​ការ​សម្របសម្រួល​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន ។ ចំណុច​ពិសេស​មួយ គឺ​ការ​សម្ពោធ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ នា​ពេល​ខាង​មុខ​ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា ស្ពាន​ស្ទឹង​បត់​-​បាន​ណ​ង​អៀន ដែល​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​ដែល​រំពឹង​ថា នឹង​ជំរុញ​លំហូរ​ទំនិញ និង​ប្រជាជន​ឆ្លងកាត់​ព្រំដែន ។

កាលពី​ឆ្នាំ​២០២៤ កន្លង​ទៅ ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ មាន​តម្លៃ​សរុប​៤,២៨ ពាន់​លាន​ដុល្លារ​កើនឡើង​១៤,១៩ ភាគរយ ។ នៅ​ក្នុងអំឡុងពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​១,៤៩ ពាន់​លាន​ដុល្លារ កើនឡើង​៦,៤ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​ៗ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។ ចាប់ពី​ខែមករា​ដល់​ខែមេសា ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ​មាន​ចំនួន​សរុប​ជិត​៣២៨​លាន​ដុល្លារ ធ្លាក់​ចុះ​២,៩ ភាគរយ ផ្ទុយ​ទៅ​វិញ​ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ប្រទេស​ថៃ បាន​កើនឡើង​៩,៤ ភាគ ពោល គឺ​មាន​តម្លៃ ១,១៦ ពាន់​លាន​ដុល្លារ ។

នេះ គឺជា​និន្នាការ​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​កម្ពុជា​ជាមួយនឹង​ប្រទេស​ជិតខាង​ទាំង​ពីរ ដែល​នៅ​ទិស​ខាងកើត និង​ខាងលិច ខណៈ​ដែល​ជាមួយនឹង​ឡាវ គឺ​មាន​ទំហំ​តិចតួច​នៅឡើយ​ទេ ។ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ជិតខាង​នៅ​ខាងកើត និង​ខាងលិច គឺជា​ទូទៅ​ផលិតផល​កសិកម្ម​ដែល​ជា​វត្ថុធាតុដើម​សំខាន់​សម្រាប់​ការ​កែ​ច្នៃ ហើយ​នាំ​ចូល​មក​វិញ គឺជា​ផលិតផល​សម្រេច គ្រឿង​អេ​ឡិច​ត្រូ​និ​ច ផលិតផល​ប្រើប្រាស់ ប្រេងឥន្ធនៈ …​។​ល​។

សរុប​ទៅ និន្នាការ​នៃ​ទំនាក់ទំនង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយនឹង​ប្រទេស​ជិតខាង គឺ​នៅ​តែ​ប្រសើរ ហើយ​ស្ថានភាព​ទំនងជា​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។ ដូច្នេះ​យើង​សង្ឃឹមថា ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​យកចិត្តទុកដាក់ ដើម្បី​ឲ្យ​យើង​សម្រេច​បាន​នូវ​កំណើន​ពាណិជ្ជកម្ម​តាម​ការ​ចង់បាន​របស់​សាមី​ភាគី​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ