ការវិវត្តន៍ចុងក្រោយបានបង្ហាញថា កម្ពុជាកាន់តែដើរតួនាទីសំខាន់ឡើងៗនៅក្នុងតំបន់ដើម្បីពង្រីកអាស៊ាន និងចូលរួមជួយប្រទេសក្នុងតំបន់ ដើម្បីស្វែងរកសន្តិភាព ។ តួនាទីដ៏សំខាន់នេះ បានលេចចេញពីការប្តេជ្ញាចិត្តធំៗពីរ របស់កម្ពុជា គឺការសម្របសម្រួលបញ្ហាមីយ៉ាន់ម៉ា និងការជំរុញអោយប្រទេសទីម័រខាងកើត…
ការវិវត្តន៍ចុងក្រោយបានបង្ហាញថា កម្ពុជាកាន់តែដើរតួនាទីសំខាន់ឡើងៗនៅក្នុងតំបន់ដើម្បីពង្រីកអាស៊ាន និងចូលរួមជួយប្រទេសក្នុងតំបន់ ដើម្បីស្វែងរកសន្តិភាព ។ តួនាទីដ៏សំខាន់នេះ បានលេចចេញពីការប្តេជ្ញាចិត្តធំៗពីរ របស់កម្ពុជា គឺការសម្របសម្រួលបញ្ហាមីយ៉ាន់ម៉ា និងការជំរុញអោយប្រទេសទីម័រខាងកើត បានចូលជាសមាជិកអាស៊ាននៅចុងឆ្នាំនេះ ។

សម្រាប់មីយ៉ាន់ម៉ានោះ កម្ពុជាពិតជាមានបំណងចង់យកគោលនយោបាយឈ្នះឈ្នះជួយចែករំលែកបទពិសោធន៍ជាមួយនឹងមីយ៉ាន់ម៉ា ដើម្បីឲ្យប្រទេសនេះមានសន្តិភាព ក្រោយពេលដែលយោធាបានដណ្តើមអំណាចដោយចុងកាណុងលើរបបស៊ីវិលជាថ្មីនៅឆ្នាំ២០២១ ។
នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តជាច្រើន ប៉ុន្តែដោយសារតែវិបត្តិវាចាក់ស្រេះខ្លាំង ហើយប្រវត្តិសាស្ត្រប្រទេសនេះស្មុគស្មាញ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឆ្ពោះទៅរកជោគជ័យ ។
មេដឹកនាំមីយ៉ាន់ម៉ា នៅតែបន្តអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឡើយ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏យន្តការជាច្រើន ដែលកម្ពុជាបានដាក់ចេញត្រូវបានអាស៊ានបន្តរិះគិត និងអនុវត្តខ្លះៗ ជាពិសេស គឺយន្តការត្រយការ ។ យន្តការនេះ គឺជាក្រុមការងារដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ារបស់អាស៊ានដែលមានអតីតប្រធានអាស៊ាន-ប្រធានអាស៊ានថ្មី-អនាគតប្រធានាអាស៊ាន ។

នៅពេលនេះ កម្ពុជានៅតែបន្តធ្វើការជាមួយនឹងសមាជិកអាស៊ានឯទៀត លើបញ្ហាមីយ៉ាន់ម៉ា ដើម្បីរក្សាឯកភាព និងមជ្ឈភាពរបស់អាស៊ាន ។ ដោយឡែក កិច្ចខិតខំរបស់កម្ពុជាមួយទៀត គឺការនាំទីម័រខាងកើតឲ្យចូលជាសមាជិកអាស៊ាន ។
នៅពេលដែលកម្ពុជាដឹកនាំអាស៊ានកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា គឺបានជួយឲ្យប្រទេសទីម័រខាងកើតក្លាយជាប្រទេសសមាជិកសង្កេតការណ៍អាស៊ាន ។ អ្វីដែលកម្ពុជាបានជួយដុតដៃដុតជើងនេះ គឺត្រូវបានឃើញទីម័រខាងកើត និងប្រជាជននៃប្រទេសនេះបានស្វាគមន៍មេដឹកនាំកម្ពុជាដែលធ្លាប់ធ្វើកិច្ចការនេះយ៉ាងកក់ក្តៅបំផុត ។
លោក ចូសេ រ៉ាម៉ូស ហ័តា (José Ramos-Horta) ប្រធានាធិបតីនៃប្រទេសនេះ និង នាយករដ្ឋមន្ត្រីបានមកទទួលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាយ៉ាងកក់ក្តៅនៅក្នុងដំណើរទស្សនៈកិច្ចនៅទីក្រុងឌីលីថ្មីៗនេះ ។ លោកប្រធានាធិបតី មិនត្រឹមតែទៅទទួលទេ គឺបានបើករថយន្តជូនសម្តេចតេជោ ដោយផ្ទាល់ ហើយបានផ្តល់កិត្តិយសអញ្ជើញសម្តេចតេជោ ធ្វើបាថកថា អំពីបទពិសោធន៍កម្ពុជានៅក្នុងការរៀបចំខ្លួន និងបំពេញខ្លួននៅក្នុងឋានៈជាកូនពៅអាស៊ាន បច្ចុប្បន្នជូនដល់ទីម័រខាងកើត ។

ពាក់ព័ន្ធនឹងការខិតខំរបស់កម្ពុជានេះនៅក្នុងអំឡុងពេលដែលមេដឹកនាំអាស៊ានកំពុងតែចូលរួមប្រជុំកំពូលលើកទី៤៦ នៅទីក្រុងកូឡាឡាំពួរ លោក ចូសេ រ៉ាម៉ូស ហ័តា ប្រធានាធិបតីទីម័រខាងកើត បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា ប្រទេសរបស់លោកនឹងក្លាយសមាជិកអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលលើកទី៤៧ ដែលមេដឹកនាំអាស៊ានគ្រោងនឹងជួបគ្នាជាថ្មីនៅមុនដំណាច់ឆ្នាំ ។
សរុបទៅ ផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបានកំពុងតែលេចចេញរូបរាងបណ្តើរៗ ហើយអ្វីដែលទីម័រខាងកើតសម្រេចបាននៅពេលដ៏ខ្លីខាងមុខនេះក៏ជាទម្ងន់ និងជាការទទួលស្គាល់នូវបទពិសោធន៍ការទូតរបស់កម្ពុជាផងដែរ ។

ទោះបីជាកម្ពុជាជាសមាជិកអាស៊ានក្មេងជាងគេ នៅពេលនេះក៏ពិតមែន ប៉ុន្តែកម្ពុជាយ៉ាងហោចណាស់ក៏បានជួយជ្រោមជ្រែងទីម័រខាងកើត ដើម្បីក្លាយជាសមាជិកថ្មីរបស់អាស៊ាន។ នេះ គឺជាជោគជ័យផ្នែកការទូតមួយថ្មីរបស់កម្ពុជាដែលបានចូលរួមចំណែកពាក់ព័ន្ធនឹងជោគជ័យរបស់ប្រជាជាតិទីម័រខាងកើត ។
ដូច្នេះ សកម្មភាពដ៏រស់រវើករបស់កម្ពុជានៅក្នុងកិច្ចការតំបន់កាន់តែលេចធ្លោក្នុងក្រសែភ្នេកប្រទេសនានាក្នុងអាស៊ានក៏ដូចជា ក្នុងពិភពលោក ។
នេះជាមោទកភាពសម្រាប់ប្រជាជន និងប្រទេសកម្ពុជាទាំងមូលដេលបានប្រែក្លាយពីប្រទេសទទួលការជួយជ្រោមជ្រែងពីគេទៅជាប្រទេសដែលជ្រោមជ្រែងរបស់ប្រទេសដទៃនៅក្នុងការដោះស្រាយបញ្ហាវិបិត្តនយោបាយ និងការពង្រីកសមាជិកអាស៊ាន ៕
ចែករំលែកព័តមាននេះ