ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ឆ្នាំ​២០២៥ សត្វ​ផ្សោត​កើតបាន​​ចំនួន​២​ក្បាល ដោយ​គ្មាន​ងា​.​ប់​នោះ​ទេ

1 ថ្ងៃ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អន្លង់​ចំនួន​៣​ជាទី​ជម្រក​នៃ​សត្វ​ផ្សោត ដែល​មាន​ចន្លោះ​ពី​២៥ ទៅ​៣០​ក្បាល ។ ដោយឡែក យោង​តាម​ការ​តាមដាន​របស់​មន្ត្រី​ជំនាញ​ក្នុង​ឆ្នាំ​២០២៥ សត្វ​ផ្សោត​កើត​ថ្មី​ចំនួន​២​ក្បាល រីឯ​ការ​ងាប់​គឺ​ពុំ​មាន​នោះ​ឡើយ…

ខេត្តស្ទឹងត្រែង ៖ អន្លង់​ចំនួន​៣​ជាទី​ជម្រក​នៃ​សត្វ​ផ្សោត ដែល​មាន​ចន្លោះ​ពី​២៥ ទៅ​៣០​ក្បាល ។ ដោយឡែក យោង​តាម​ការ​តាមដាន​របស់​មន្ត្រី​ជំនាញ​ក្នុង​ឆ្នាំ​២០២៥ សត្វ​ផ្សោត​កើត​ថ្មី​ចំនួន​២​ក្បាល រីឯ​ការ​ងាប់​គឺ​ពុំ​មាន​នោះ​ឡើយ ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី សំ​វិចិត្រ នាយ​ខណ្ឌ​ជលផល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​កោះសន្តិភាព នា​ថ្ងៃ​ទី​២៦ ឧសភា​២០២៥ ។

នាយ​ខណ្ឌ​ជលផល​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ក្នុង​ខេត្តស្ទឹងត្រែង មាន​អន្លង់​សត្វ​ផ្សោត​រស់នៅ​ចំនួន​៣​នោះ គឺ​អន្លង់​ស​ន្ទុ អន្លង់​កោះ​កូន​សត្វ និង​អន្លង់​ត្បូង​ខ្លា​។ ដែល​បច្ចុប្បន្ន មន្ត្រី​របស់​យើង​បាន​រួម​សហការ​ជាមួយ​សហគមន៍​នេសាទ​ឆ្មាំ​ទន្លេ និង​បណ្ដា​អង្គភាព​ពាក់ព័ន្ធ​ផ្សេង​ទៀត​ខិតខំ​ប្រឹងប្រែង​តាមដាន​អភិរក្ស​ការពារ​យ៉ាង​យកចិត្តទុកដាក់​បំផុត​ផង​ដែរ ។

ដោយឡែក ស្ថិត​នៅ​អន្លង់​កាំ​ពី ក្នុងភូមិ​ជ្រោយ​បន្ទាយ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ កូន​សត្វ​ផ្សោត​មួយ​ក្បាល ត្រូវ​គេ​ប្រទះឃើញ​ក្នុង​ហ្វូង​សត្វ​ផ្សោត​ធំ​ៗ៤​ក្បាល​ផ្សេង​ទៀត ដែល​តាម​ការ​ប៉ាន់ស្មាន​ទើប​មាន​អាយុប្រមាណ​ជា​២​ថ្ងៃ​ប៉ុណ្ណោះ ។

យោង​តាម​ក្រសួងកសិកម្ម បើ​គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ​២០២៥ នេះ កម្ពុជា​ទទួល​បានកូន​ផ្សោត​កើត​ថ្មី​ចំនួន​៧​ក្បាល ក្នុង​នោះ ៥​ក្បាល​កើត​នៅ​ខេត្តក្រចេះ និង​២​ក្បាល​នៅ​ខេត្តស្ទឹងត្រែង ដែល​ធ្វើ​ឲ្យ​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ​នៅ​កម្ពុជា​សរុប​កើនឡើង​ដល់​ចំនួន​១១១​ក្បាល​ហើយ ។

ជាមួយ​គ្នា​នេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ជលផល ជា​សេនាធិការ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​អស់ពីដួងចិត្ត ចំពោះ​ការ​លះបង់​របស់​បងប្អូន​ឆ្មាំ​ទន្លេ​ទាំង​៧២​រូប នៅ​ខេត្តស្ទឹងត្រែង និង​ក្រចេះ ក្នុង​បុព្វហេតុ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ ហើយ​ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​គាំទ្រ​ការងារ​របស់​បងប្អូន​ឆ្មាំទន្លេ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ