ខេត្តស្វាយរៀង ៖ កម្មករកម្មការនី ជិត១ពាន់នាក់លើកគ្នាមកធ្វើកូដកម្មទាមទាឲ្យថៅកែរគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមកម្មករកម្មការនីចោទប្រកាន់ថា ថៅកែររោងចក្រមិនគោរពច្បាប់ការងារ នៃព្រះរាជាណាចក្រកម្ពុជា និងបានរំលោភលើសិទ្ធិកម្មករកម្មការនី ដោយធ្វើការបញ្ឈប់ការងារកម្មករកម្មការនីដោយគ្មានមូលហេតុ កាត់ពន្ធលើប្រាក់ខែលើសច្បាប់កំណត់ គឺប្រាក់ខែកម្មករក្នុង១ខែលើសពី១លានរៀល (១,២០០,០០០រៀល កាត់២៥ដុល្លារ)បើប្រៀបធៀបទៅរោងចក្រផ្សេង បើប្រាក់ខែក្នុង១ខែ ១,២០០,០០០រៀល ថៅកែកាត់ពន្ធ៥ដុល្លារ បើប្រាក់ខែ១ខែបាន១,៦០០,០០០រៀលគឺគេកាត់តែ៦ដុល្លាទេ។
ការធ្វើកូដកម្មនេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ឧសភា២០២៥ នៅខាងមុខរោងចក្រWT SPORT ស្ថិតនៅភូមិព្រៃតាអីឃុំព្រៃតាអីស្រុកស្វាយទាប។
បើតាមស្ត្រីម្នាក់តំណាងឲ្យកម្មករកម្មការនី បានប្រាប់អ្នកសារព័ត៌មានយើងថា កម្មករកម្មការនី នាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការនេះ មូលហេតុ ទី១ ថៅកែ រោងចក្របញ្ឈប់ការងារកម្មករកម្មការនី ចំនួន៣០នាក់ដោយគ្មានមូលហេតុ ទី២ អត់បើកប្រាក់ធ្វើការថែមម៉ោងក្នុងថ្ងៃបុណ្យ ទី៣ កាត់ពន្ធ លើប្រាក់ខែកម្មករកម្មការនី (ប្រាក់ខែក្នុង១ខែ១,២០០,០០០រៀល កាត់២៥ដុល្លារ)ទី៤ រំលោភសិទ្ធិកម្មករកម្មការនី (ស្គែនមុខ១ថ្ងៃ៤ដង ព្រឹកម៉ោង៧ ដល់ម៉ោង៧និង៣០នាទីព្រឹក ពេលថ្ងៃម៉ោង១២និង០០នាទីដល់ម៉ោង១២និ១០នាទី សម្រាកហូបបាយ កន្លែងហូបបាយចម្ងាយជាង២០០ម៉ែត្រ ម៉ោង១និង០០នាទីរសៀលស្គែនមុខចូលធ្វើការវិញ និងម៉ោង៥ល្ងាចស្គែនចេញពីធ្វើការ)ទី៥រឹតបន្តឹង ហាមចេញទៅបន្ទោបង់យូ និងញឹកញាប់ ត្រូវពិន័យនិងបញ្ឈប់ពីការងារ។
កម្មករកម្មការនី ធ្វើការទាំងភ័យខ្លាច ដោយថៅកែស្រី មកលួចតាមដាន ពីចម្ងាយបើឃើញកម្មករកម្មការនីណាម្នាក់អង្គុយសម្រាកពេលគ្មាន សម្ភារៈធ្វើ គឺបញ្ឈប់ការងារភ្លាម (មាននៃថា ខាងរោងចក្រផ្គត់ផ្គង់វត្ថុធាតុដើមមិនគ្រប់ មានតិចពេលកម្មករផលិតអស់គ្មានអ្វីធ្វើក៏អង្គុយស្ងៀមរង់ចាំរោងចក្រយកសម្ភារៈមកឲ្យបែជាថៅកែស្រីមិនសួនាំ បញ្ឈប់ការងារតែម្តងហើយអត់បើកប្រាក់ដែលបានធ្វើកន្លងមកទេ)។
បើតាមបុរសម្នាក់តំណាងកម្មករកម្មការនី បានប្រាប់អ្នកសារព័ត៌មានយើងថា ការធ្វើកូដកម្មនេះដើម្បីទាមទា ឲ្យថៅកែគោរពច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កុំបញ្ឈប់កម្មករកម្មការនីដោយគ្មានមូលហេតុ ។ទី១-សូមឲ្យថៅកែ ទទួលយកកម្មករកម្មការនី ចំនួន៣០នាក់ដែលថៅកែរោងចក្របញ្ឈប់ឲ្យចូលបម្រើការងារវិញ ទី២-កម្មករកម្មការនីចូលបម្រើការងារថ្មី ត្រូវបង្រៀនជំនាញដល់កម្មករ។ទី៣-ការឈប់សម្រាកថ្ងៃបុណ្យជាតិ បើឲ្យកម្មករកម្មការនីធ្វើការបន្ថែមម៉ោងត្រូវបើកប្រាក់ជូនកម្មករកម្មការនី ដោយកំណត់ថ្ងៃបើកប្រាក់ឲ្យបានជាក់លាក់។
ទី៤ ស្នើសុំ ប្រាក់ថែទាំសុខភាព ១ខែ៥ដុល្លារ។ទី៥ កាត់ពន្ធលើប្រាក់ខែ លើស១លានរៀល(១,២០០,០០០រៀល កាត់ត្រឹម៥ដុល្លារឬកាត់តាមច្បាប់ពន្ធអាករលើពន្ធប្រាក់ខែដែលច្បាប់កំណត់)។ទី៦ សូមឲ្យស្គែនមុខ១ថ្ងៃ០៣ដង គឺម៉ោង៧-៧និង៣០នាទីព្រឹកម៉ោងចូលធ្វើការ ពេលថ្ងៃរសៀលម៉ោង១និង០០នាទីម៉ោងចូលធ្វើការ ពេលល្ងាចស្គែនពេលម៉ោងចេញពីធ្វើការ(ពេលចេញទៅហូបបាយថ្ងៃត្រង់ម៉ោង១២ មិនចាំបាច់ស្គែនទេ)។
លោកអ៊ូសាខឿនប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង បានប្រាប់កោះសន្តិភាពនារសៀលថ្ងៃទី២៦នេះថា រោងចក្រWT SPORT ជារោងចក្រផលិតសម្ភារៈកីឡា មានកម្មករកម្មការនីបម្រើការងារចំនួន៩៥០នាក់ ហើយទីតាំងដែលកម្មករកម្មការនីកំពុងធ្វើកូដកម្មនេះជាទីតាំងថ្មី កន្លងមករោងចក្រWT SPORT នេះមានទីតាំងចាស់នៅខាងកើតផ្សារជីភូមិស្ថិតក្នុងសង្កាត់ច្រកម្ទេសក្រុងបាវិត ទើបតែរើមករយៈពេល៤ទៅ៥ខែប៉ុណ្ណោះ។
ហើយការធ្វើកូដកម្មនេះរហូតមកដល់វេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី២៦ឧសភា២០២៥នេះ គឺកំពុងចរចារដោះស្រាយ ពុំទាន់ចរចារដោះស្រាយបញ្ចប់នៅឡើយទេ ខាងក្រុមការងារដោះស្រាយវិទាទ បានយកសំណើរលក្ខណ្ឌ័របស់កម្មករកម្មការនី ទៅឲ្យភាគីរោងចក្រពិនិត្យជាបឋម រហូមកដល់ម៉ោង២រសៀលនេះ កុំពុងតែចរចារ សម្របសម្រួល ម្យាងភាគីកម្មករកម្មការនីពុំទាន់មានជ្រើសរើសតំណាងរបស់ខ្លួន និងមិនទាន់មានសហជីពតំណាងកម្មករកម្មការនីនៅឡើងដូច្នេះក្រុមការងារកុំពុងធ្វើការចរចា ៕
ចែករំលែកព័តមាននេះ