ខេត្តបាត់ដំបង ៖ កសិករម្នាក់ ត្រូវរន្ទះបាញ់ធ្លាក់ពីលើគោយន្តកន្រ្តៃបណ្ដាលឲ្យស្លាប់ ពេលកំពុង បើកគោយន្តចេញពីក្នុងចម្ការដំឡូងមី កាលពីវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី ២៤ ឧសភា នៅក្នុងចម្លារដំឡូងមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងក្បាលស្វា ឃុំឃ្លាំងមាស ស្រុកបវេល។
សេចក្ដីរាយការណ៏របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធឿន ភ័ក្រ ប្រុសអាយុ២៨ឆ្នាំ រស់នៅ ភូមិ ឃុំកើតហេតុ។
ជនរងគ្រោះ ត្រូវរន្ទះបាញ់ស្លាប់ពេលគាត់កំពុងបើកបរគោយន្តចេញពីក្នុងចម្ការ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ មុនពេលមេឃភ្លៀង។
បើតាមសាក្សីនិយាយថា មុនកើតហេតុមេឃគ្រាន់តែខ្មៅ តែមិនទាន់ធ្លាក់ភ្លៀងទេ។ ពេលនោះគេឃើញជនរងគ្រោះ បើកគោយន្តចេញពីក្នុងចម្ការដំឡូង តែទើបចេញបានប្រហែល៥០ម៉ែត្រ ស្រាប់តែមានផ្គររន្ទះលាន់កក្រើកមេឃ។ ហើយភ្លាមនោះគេឃើញជនរងគ្រោះធ្លាក់ពីលើគោយន្ត លុះគេនាំគ្នាទៅមើលឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
សាក្សីបញ្ជាក់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានបើកគោយន្ត ក្នុងបំណងទៅដឹកដំឡូង និង ដឹកមនុស្សប៉ុន្មាននាក់ទៀត ត្រឡប់ទៅផ្ទះ តែបើកចេញពីចម្ការមិនទាន់បានប៉ុន្មានម៉ែត្រផង ក៏ត្រូវរន្ទះបាញ់ស្លាប់ល្មម។
អធិការស្រុកបវេល លោក សុខ សារិន បានប្រាប់ថា ក្រោយរន្ទះបាញ់ជនរងគ្រោះស្លាប់ក្នុងចម្ការ មេឃក៏ចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំង ធ្វើឲ្យមន្រ្តីជំនាញរបស់លោក ជួបការលំបាកក្នុងការធ្វើដំណើរទៅពិនិត្យកន្លែងកើតហេតុ។ ម្យ៉ាងដោយសារយប់ជ្រុលផង ប៉ុន្តែយ៉ាងណា លុះដល់ព្រឹកថ្ងៃទី ២៥ ឧសភា ទើបមន្រ្តីជំនាញចុះទៅកន្លែងកើតហេតុ តាមរយៈការជិះគោយន្តកន្រ្តៃ ព្រោះផ្លូវធ្វើដំណើរជួបការលំបាកខ្លាំងណាស់៕




ចែករំលែកព័តមាននេះ