បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទបោកតាមអនឡាញ បន្ទាប់ពីជននោះបានទិញស៊ីមកាតរហូតដល់១០០០ ដើម្បីធ្វើការបោកប្រាស់លុយគេ នៅតាមបណ្តាញសង្គម ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានសរសេរនៅហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២៤ ខែឧសភាថា ខ្លួនបានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនីហ្វេសប៊ុក និងបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារទំនាក់ទំនងទៅបងប្អូនម្ចាស់គណនី ដើម្បីខ្ចីប្រាក់ ព្រមទាំងព្យាយាមទាក់ទងទៅសាច់ញាតិជនរងគ្រោះដទៃទៀត ។
ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ០១រូប ឈ្មោះ ល.ស.ហ ភេទប្រុស ។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យពិតជាបានទទួលប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ហើយធ្វើការផ្ទេរប្រាក់បន្តទៅជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ តាមបញ្ជារបស់ជននោះ ដោយទទួលបាននូវផលកម្រៃអំពើឆបោកប្រាក់ខាងលើ ។
ទន្ទឹមនឹងនេះ ជនសង្ស័យខាងលើ ក៏ត្រូវបានរកឃើញថា ជាអ្នកធ្វើសកម្មភាពក្លែងអត្តសញ្ញាណប័ណ្ណអ្នកដទៃធ្វើការទិញស៊ីមកាត បានប្រហែល១,០០០ស៊ីមកាត កាលពីឆ្នាំ២០២២ ដើម្បីយកទៅឲ្យជនអនាមិកប្រព្រឹត្តបទល្មើសផ្សេងៗ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់សាធារណជន មេត្តាប្រុងប្រយ័ត្ន មុននឹងធ្វើការផ្ទេរប្រាក់ទៅកាន់គណនីធនាគារណាមួយ សូមពិនិត្យឲ្យបានជាក់លាក់នូវគណនីធនាគារអ្នកទទួល និងធ្វើការបញ្ជាក់ពីម្ចាស់គណនីទទួលប្រាក់ផងដែរ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ ។
ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលប្រាក់ដែលផ្ទេរចូលដោយគ្មានប្រភពច្បាស់លាស់ ដែលអាចក្លាយខ្លួនជាអ្នកសមគំនិតក្នុងការទទួលផលនៃបទល្មើស ៕
ចែករំលែកព័តមាននេះ