ខេត្តស្ទឹងត្រែង ៖ ស្ថិតនៅប្របតាមដងទន្លេមេគង្គ ឆ្ពោះទៅអន្លង់ផ្សោត ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ជាផ្លូវតូចល្មម ក្រាលគ្រោះក្រហម ចន្លោះដៃទន្លេ ភ្ជាប់ដោយស្ពានឈើ ពីមុនជាចាស់ទ្រុឌទ្រោម បច្ចុប្បន្នកំពុងសាងសង់ជំនួសដោយផ្លូវបេតុង និងស្ពានបេតុងឆ្អឹងដែករឹងមាំ ដែលអាចធន់ និងការប្រើប្រាស់យូអង្វែង នេះបើតាមការលើកឡើងរបស់លោក ញ៉ែម វណ្ណយុត្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះរំកិល គ្រាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សឃុំព្រះរំកិល នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ។
លោកបន្តថា ពាក់ព័ន្ធទៅនឹងសក្តានុពល ដែលមានស្រាប់លោកអភិបាលខេត្ត បានចង្អុលបង្ហាញ បន្តនៅយន្តការការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម។ ដែលជាលទ្ធផលហេដ្ឋារចនាសម្ព័ន្ធ ដែលអភិវឌ្ឍន៍បានទាំងនោះ គឺជួយដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់អ្នកភូមិក្នុងឃុំ និងជំរុញទេសចរណ៍ ទៅកម្សាន្ត ផងដែរ ។
នាឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ និងការធ្វើបច្ចុប្បន្នភាពទិន្ន័យ ជីវមាត្រ ដែលប្រព្រឹត្តិទៅនៅទីស្នាក់ការគណបក្សឃុំព្រះរំកិល លោកប្រធានក្រុមការងារ បានជំរុញឱ្យគណបក្សឃុំ និងសាខាបក្សភូមិ ធ្វើការជំរុញផ្សព្វផ្សាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន និងអ្នកទើបដល់អាយុបោះឆ្នោតឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជំរុញអ្នកចុះបោះនៅឆ្នាំ២០១៦ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ឱ្យទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ និងកែតំរូវទិន្នន័យ ដែលមិនត្រឹមត្រូវឱ្យបានមុនថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ។
ទន្ទឹមនឹងនោះ លោកបានជំរុញឱ្យយកចិត្តទុកដាក់ការងនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពលើបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ។
ក្រុមការងារក៏បានពាំនាំយកថវិកាចំនួន ១.០០០.០០០រៀល ឧបត្ថម្ភដល់ភ្នាក់ងារសង្កេតការណ៍គណបក្ស និងឧបត្ថម្ភថវិកាដល់សាខាបក្សភូមិដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋ ដែលជួបការលំបាក និងនៅឆ្ងាយមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ។
បន្ទាប់មកនោះ ឆ្លៀតឱកាសនោះ ក្រុមការងារ ក៏បានឆ្លៀតឱកាសចុះពិនិត្យស្ថានភាព នៃការសាងសង់ផ្លូវបេតុង និងស្ពានបេតុងឆ្អឹងដែក ដែលប្រើប្រាស់មូលនិធិឃុំឆ្នាំ២០២៥ ផងដែរ ៕








ចែករំលែកព័តមាននេះ