ទីក្រុងបាងកក៖ ឧទ្ធម្ភាគចក្ររបស់នគរបាលថៃមួយគ្រឿងបានធ្លាក់ និងឆេះយ៉ាងសន្ធោសន្ធៅនៅស្រុកមឿង ខេត្តប្រាឈុបគិរីខាន់នៅល្ងាចថ្ងៃសៅរ៍។ នៅក្នុងចំណោមមនុស្សបួននាក់ដែលជិះនៅក្នុងឧទ្ធម្ភាគចក្រនោះ បីនាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតអាចចុចគន្លឹះឆ័ត្រយោងលោតចេញពីឧទ្ធម្ភាគចក្រទាន់ពេលវេលា។ ប៉ុន្តែសុខទុក្ខរបស់គាត់យ៉ាងណានោះក៏គេមិនទាន់ដឹងនៅឡើយដែរ។
ហេតុការណ៍នេះកើតឡើងនៅភូមិណងខក់ (Nong Kok) ក្នុងតំបន់អាវណយ (Ao Noi) ស្រុកមឿង (Muang) នៅម៉ោង១រសៀល។ មិនយូរប៉ុន្មាន ឧទ្ធម្ភាគចក្រនោះក៏ត្រូវភ្លើងឆេះភ្លាមមួយរំពេច។ ក្រុមអ្នកជួយសង្គ្រោះ និងភ្នាក់ងារពន្លត់អគ្គិភ័យបានចុះទៅកន្លែងកើតហេតុ និងបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថាហេតុការណ៍នេះបានឆក់យកជីវិតអាកាសយានិក២នាក់ និងយន្តការីផ្នែកយន្តហោះម្នាក់។
ចំណែកអ្នកដែលលោតឆ័ត្រយោងនោះមិនទាន់ដឹងថាយ៉ាងម៉េចទេនៅពេលនេះព្រោះរកគាត់មិនទាន់ឃើញ។ អាជ្ញាធរអះអាងថាឧទ្ធម្ភាគចក្រម៉ាកបែល២១២ (Bell 212) របស់អង្គភាពនគរបាលខេត្តខាន់ចាន់បុរីបានចាកចេញដំណើរពីព្រលានយន្តហោះខេត្តសូរ៉ាតធានី (Surat Thani) ។ នៅពេលកំពុងហោះហើរនៅលើអាកាសសុខៗ ឧទ្ធម្ភាគចក្រក៏ចាប់ផ្ដើមមានបញ្ហាតែម្ដង។ ពេលនោះ ក្រុមការងារទាំងនេះទើបតែបញ្ចប់បេសកកម្មពិសេសមួយ។
អគ្គស្នងការនគរបាលជាតិថៃបានសម្ដែងការសោកស្ដាយចំពោះករណីនេះ និងសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសព។ លោកបានបញ្ជាឱ្យផ្នែកពាក់ព័ន្ធទាំងអស់ចាប់ផ្ដើមស៊ើបអង្កេតជាប្រញាប់ដើម្បីរកមូលហេតុនៅពីក្រោយការធ្លាក់ឧទ្ធម្ភាគចក្រលើកនេះ។ លោកក៏បានផ្ដែផ្ដាំផងដែរឱ្យមន្ត្រីក្រោមឱវាទជួយទំនុកបម្រុងគ្រប់សព្វបែបយ៉ាងចំពោះក្រុមគ្រួសារសព។
សូមរំលឹកឡើងវិញថានេះជាករណីធ្លាក់ឧទ្ធម្ភាគចក្រនគរបាលជាលើកនេះនៅខេត្តប្រាឈុបគិរីនៅឆ្នាំ២០២៥។ កាលពីថ្ងៃទី២៥ ខែមេសាក៏មានករណីស្រដៀងគ្នានេះកើតឡើងទៅលើឧទ្ធម្ភាគចក្រខ្នាតនគរបាលថៃផងដែរ។ កាលនោះឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿងបានធ្លាក់ទៅក្នុងទឹកសមុទ្រក្បែរព្រលានយន្តហោះស្រុកហួហ៊ីន (Hua Hin)។ មន្ត្រីនគរបាល៦នាក់នៅក្នុងឧទ្ធម្ភាគចក្រនោះបានស្លាប់ទាំងអស់៕
ចែករំលែកព័តមាននេះ