រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុននិងរោងចក្រ ចំនួន ៣១ ត្រូវបានរកឃើញ មានការបញ្ចេញសំណល់រាវប៉ះពាល់ប្រភពទឹកសាធារណៈ ជាក់ស្ដែង ក្រុមការងារសុក្រឹត្យកម្មបរិស្ថានកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន កាលពីនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តរកឃើញ បញ្ហាបំពុលបរិស្ថាន របស់ក្រុមហ៊ុនចំនួនពីរ គឺក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd. និងក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ។ ក្រុមហ៊ុនទាំង២ ផលិតដំណាប់ស្វាយ និងមានទីតាំង នៅភូមិសាស្ត្រ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញថា ក្រុមហ៊ុន Boeung Ket Planting & Industrial Co., Ltd.បានធ្វើការបង្ហូរសំណល់រាវ មិនបានសម្អាតត្រឹមត្រូវ ចូលអូរពាមទុង ដោយផ្ទាល់ ដែលបានបង្កឱ្យមានបញ្ហាក្លិនស្អុយ ធ្វើឲ្យខូចប្រភពទឹក ប៉ះពាល់ដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាង១០០គ្រួសារ ។
ដោយឡែកក្រុមហ៊ុន FOUR SEASONS FOOD TASTE Co., Ltd ត្រូវបានក្រុមការងារ រកឃើញថា បានបង្ហៀរសំណល់រាវ មិនបានសម្អាតចេញពីស្រះស្តុក ចូលទៅតាមទីវាលទំនាប ស្ថិតនៅចំហៀងផ្នែកខាងកើត ទីតាំងក្រុមហ៊ុន បន្ទាប់មកបានហូរបន្តចូលប្រឡាយសាធារណៈ រួចហូរធ្លាក់ចូលក្នុងអូរធម្មជាតិ ឆ្ពោះទៅទំនប់ទឹកពាមទុងផងដែរ។ បញ្ហានេះ បានបង្កឲ្យមានបញ្ហាក្លិនស្អុយ ប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងតំបន់ ។
ក្រុមហ៊ុនទាំង២នេះ បានប្រព្រឹត្តល្មើសនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា១៧៦ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៦៤៤ និងមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ នៅក្នុងពេលនេះ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ដូចតទៅ៖
១-តម្រូវឲ្យផ្អាកបញ្ខេញសំណល់រាវ ពីទីតាំងក្រុមហ៊ុន ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន និងត្រូវធ្វើការបិទភ្ជិតប្រឡាយ បង្ហូរសំណល់រាវ ចេញពីទីតាំងក្រុមហ៊ុន
២-ត្រូវរងពិន័យអន្តរការណ៍តាមច្បាប់កំណត់ជាធរមាន
៣-ត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាតបរិស្ថាន
៤-ត្រូវធ្វើការស្តារសំណល់រាវ និងសំអាតបរិស្ថាន តាមដងអូរពាមទុងឲ្យមានភាពល្អប្រសើឡើងវិញ។
៥-ត្រូវរៀបចំអាងប្រព្រឹត្រិកម្មឱ្យ បានត្រឹមត្រូវតាមបច្ចេកទេស។ ក្រោយការសាងសង់អាងរួច ត្រូវធ្វើការបំពាក់ឧបកណ៍ស្វ័យត្រួតពិនិត្យ និងស្នើសុំលិខិតអនុញ្ញាត បញ្ចេញសំណល់ពីក្រសួងបរិស្ថាន។
៦-ត្រូវគ្រប់គ្រងសំណល់រឹង សំបក និងគ្រប់ស្វាយឲ្យបានត្រឹមត្រូវ មានទីតាំងទុកដាក់ ដឹកជញ្ជូនប្រកបដោយសុវត្ថិភាពបរិស្ថាន និងស្របតាមច្បាប់
៧-ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA តាមការកំណត់ ឱ្យហើយក្នុងរយៈពេល២ខែ ចាប់ពីពេលរកឃើញការប្រព្រឹត្តខុសច្បាប់នេះ។
៨-ក្នុងករណី មិនអនុវត្តតាមចំណុចខាងលើ ក្រសួងបរិស្ថាន និងចាត់វិធានការច្បាប់បន្ត នោះគឺដកហូតលិខិតអនុញ្ញាតចេញដោយក្រសួង រួមទាំងការបិទសកម្មភាពទាំងស្រុងរបស់រោងចក្របន្ថែមទៀត។
សូមជម្រាបជូនថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ ក្រុមហ៊ុននិងរោងចក្រ ចំនួន ៣១ ត្រូវបានរកឃើញ មានការបញ្ចេញសំណល់រាវ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ មិនបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្ម សំណល់រាវស្របតាមស្តង់ដារ ដែលធានាលើការបញ្ចេញ សំណល់រាវ ឱ្យស្អាតមុនពេល បញ្ចេញទៅក្រៅ រោងចក្រនិងក្រុមហ៊ុន ក្នុងនោះមាន ៖
-ក្រុមហ៊ុនចំនួន ១ បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន បានរួចរាល់
-រោងចក្រនិងក្រុមហ៊ុន ចំនួន ១៧ អនុវត្តបានចំនុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាន នៃត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេទកំណត់
-រោងចក្រនិងក្រុមហ៊ុនចំនួន ១៣ បាននិងកំពុងរៀបចំឯកសារបញ្ជាកែប្រែ ដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។
ជាថ្មីថែមទៀត ក្រសួងបរិស្ថានសូមថ្លែងអំណរគុណ ដល់ម្ចាស់រោងចក្រ និងក្រុមហ៊ុន ដែលបានអនុវត្តច្បាប់ មិនបញ្ចេញទឹកកខ្វក់ នាំឱ្យប៉ះពាល់តំបន់ទឹកសាធារណៈ ដែលជាការរួមចំណែកដ៏សំខាន់ ដល់ភាពស្អាតរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ និងការថែរក្សាគុណភាពទឹក ដី ខ្យល់ ឱ្យមានភាពល្អប្រសើរ សម្រាប់ការរស់នៅដោយចីរភាព ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាននៅតែអំពាវនាវ ដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុនទាំងអស់ កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ ជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕





ចែករំលែកព័តមាននេះ