ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​អាច​ជួយ​បង្កើន​ការ​ទិញ​ទំនិញ​ពី​កម្ពុជា

3 ម៉ោង មុន
  • ភ្នំពេញ

ប្រទេស​ជប៉ុន​នឹង​អាច​បង្កើន​ការ​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ខណ​:​ដែល​កម្ពុជា​កំពុង​ពង្រីក​ទីផ្សារ​ទំនិញ​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក នៅ​ក្នុង​ស្ថានភាព​ពាណិជ្ជកម្ម​កម្ពុជា​ និង​អា​មេ​រិ​ក ​មាន​ភាព​មិន​ប្រាកដ​ប្រជា​​ដោយសារ​តែ​សម្ពាធ​ពន្ធ ​។ អ្នកវិភាគ​មួយ​រូប​និយាយ​ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ​នេះ…

ប្រទេស​ជប៉ុន​នឹង​អាច​បង្កើន​ការ​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា ខណ​:​ដែល​កម្ពុជា​កំពុង​ពង្រីក​ទីផ្សារ​ទំនិញ​របស់​ខ្លួន​នៅ​ក្នុង​ពិភពលោក នៅ​ក្នុង​ស្ថានភាព​ពាណិជ្ជកម្ម​កម្ពុជា​ និង​អា​មេ​រិ​ក ​មាន​ភាព​
មិន​ប្រាកដ​ប្រជា​​ដោយសារ​តែ​សម្ពាធ​ពន្ធ ​។

អ្នកវិភាគ​មួយ​រូប​និយាយ​ នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ​នេះ ថា វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ដែល​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​ទៅ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​នោះ​។ កម្ពុជា​កំពុង​សំឡឹង​ឃើញ​ជប៉ុន​ជា​ដៃគូពាណិជ្ជកម្ម​ និង​វិនិយោគ​យ៉ាង​សំខាន់​។ ទស្សនកិច្ច​នោះ នឹង​ធ្វើ​អោយ​កម្ពុជា​លក់ទំនិញ​បាន​កាន់តែ​ច្រើន​ទៅ​ទីផ្សារ​នៅ​ជប៉ុន​។

សម្តេចធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​នៅ​ចុងខែ​នេះ ហើយគេ​គិត​ថា​ នោះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​មេដឹកនាំ​កម្ពុជា​ទាក់ទាញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម វិនិយោគ និងពង្រឹង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជប៉ុន​អោយ​កាន់តែ​ស៊ីជម្រៅ និង​រឹង​មាំ​។

វ៉េបសាយ​របស់​ក្រសួងការបរទេស​ជប៉ុន​បានអោយ​ដឹង​ថា សម្តេច​ធិ​បតី និងលោកជំទាវ ពេជ្រ ចន្ទ​មុន្នី នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ជប៉ុន​ពី​ថ្ងៃ​ទី​២៨​ ដល់​ថ្ងៃ​ទី​៣១​ ខែឧសភា​។ នៅ​ក្នុង​ពេល​ទស្សន​កិច្ច​នោះ សម្តេច​ធិ​បតីនឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក អ៊ី​ស៊ី​បា ស៊ី​ហ្គេ​រុ ( Ishiba Shigeru) ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី និងពិភាក្សា​ផង​ដែរ​អំពី​បញ្ហា តំបន់ និងអន្តរជាតិ​។ ទស្សនកិច្ច​របស់​សម្តេច​ធិ​បតី​នឹង​ធ្វើ​អោយ​កាន់តែ​ស៊ីជម្រៅ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​​រ​វាង​ប្រទេស​ទាំង​ពីរ​។

បច្ចុប្បន្ន​ ជប៉ុន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់​កំពូល​ទី​៥ របស់​កម្ពុជា​។ ដូច្នេះ​ សង្ឃឹមថា ក្រោយ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​សម្តេច​ធិ​បតី ទំនាក់ទំនង​ពាណិជ្ជកម្ម ​និង​វិ​និយោគ​រវាង​កម្ពុជា​និង​ជប៉ុន​នឹង​កាន់តែ​រីក​ចម្រើន​បន្ថែម​មួយ​កម្រិត​ទៀត ។ នៅ​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​៥ ជប៉ុន​គឺ​នៅ​ក្នុង​បញ្ជី​ដោយនៅ​ពីក្រោម​ថៃ វៀតណាម សហរដ្ឋអាមេរិក និងចិន ។

យោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ នៅ​៤​ខែ​ដើម ឆ្នាំ​២០២៥​ នេះ ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន​បាន​កើន​លើស៨៣២​លាន​ដុល្លារ កើនឡើង​ជិត​៣០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

នៅ​ក្នុង​រយៈពេល​នេះ​ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ជប៉ុន​មាន​ចំនួន៥២៣លាន​ដុល្លារ កើនឡើង​ជិត​២០ភាគរយ ទន្ទឹម​នឹង​នេះ​ដែរ ការ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​មាន​តម្លៃ​ប្រមាណ​ជាជាង​៣០៨លាន​ដុល្លារ កើនឡើង​ជិត៥១ ភាគរយ​។

ទីផ្សារ​ជប៉ុន​សម្រាប់​កម្ពុជា ​គឺ​មានសម្លៀក​បំពាក់ កាបូប ស្បែកជើង គ្រឿងសង្ហារិម គ្រឿងសម្អាង ផលិតផល​ក្រដាស សម្ភារ​ការិយាល័យ និង​ស្បែក ហើយនាំ​ចូល​មក​វិញ​ជា​គ្រឿង​ម៉ាស៊ីន រថយន្ត គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿងសង្ហារិម ក្រណាត់ និង​ផលិតផល​ប្លា​ស្ទិ​ក ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ