រឿងទម្លាប់ទុកសម្ភារៈមានតម្លៃផ្សេងៗនៅក្នុងរថយន្ត គួរតែបញ្ឈប់ ពីព្រោះនៅពេលនេះមានឧបករណ៍ដែលគេអាចបើកទ្វារថយន្តបានដោយងាយមិនចាំបាច់ចំណាយពេលនិងកម្លាំងបំបែកឫឆ្កឹះលំបាកស៊ីពេលដូចជាពីមុនទៀតឡើយ ។ សូមលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះថា ជាមួយនឹងឧបករណ៍អេឡិចត្រូនិកមួយប្រភេទ គេអាចបើក ទ្វាររថយន្តដែលចាក់សោរបានដោយស្ងាត់ស្ងៀមបំផុត ។ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានឲ្យដឹងថា…
រឿងទម្លាប់ទុកសម្ភារៈមានតម្លៃផ្សេងៗនៅក្នុងរថយន្ត គួរតែបញ្ឈប់ ពីព្រោះនៅពេលនេះមានឧបករណ៍ដែលគេអាចបើកទ្វារថយន្តបានដោយងាយមិនចាំបាច់ចំណាយពេលនិងកម្លាំងបំបែកឫឆ្កឹះលំបាកស៊ីពេលដូចជាពីមុនទៀតឡើយ ។
សូមលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះថា ជាមួយនឹងឧបករណ៍អេឡិចត្រូនិកមួយប្រភេទ គេអាចបើក ទ្វាររថយន្តដែលចាក់សោរបានដោយស្ងាត់ស្ងៀមបំផុត ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាបានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីបែបនេះ ជនសង្ស័យជនជាតិចិន២រូប ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជោគជ័យ បន្ទាប់ពីពួកគេបានប្រើប្រាស់ឧបករណ៍នេះទៅលួចបើកទ្វាររថយន្ដ ដើម្បីលួចយកទ្រព្យសម្បត្តិរបស់ម្ចាសរថយន្តនៅខណ្ឌមានជ័យ ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនពួកគេនោះ សមត្ថកិច្ចបានរកឃើញថាពួកគេបានប្រើប្រាស់នូវឧបករណ៍ម្យ៉ាងសម្រាប់បញ្ជាផ្ដាច់សេវានិងផ្ដាច់តេឡេរថយន្ដ ហើយពួកគេអាចបើកទ្វារយកទ្រព្យសម្បត្តិ ដោយងាយស្រួលជាទីបំផុត។
ជាមួយនឹងឧបករណ៍នេះ ក្រុមជនខិលខូចអាចមកដល់រថយន្តហើយបើកទ្វារដូចជាពួកគេជាម្ចាស់រថយន្តនេះដែរ ពីព្រោះវាងាយមែនទែន ។
ករណីចោរកម្មដោយប្រើប្រាស់ឧបករណ៍នេះ គឺត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿងនឹងឈានទៅចាប់ខ្លួនជនសង្ស័យកាលពី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។
ក្រោយចាប់ខ្លួនជនសង្ស័យជនជាតិចិនទាំងពីរនាក់ រួមមាន ឈ្មោះ លៀន ជីងឌៀន ( LIANG JING DIAN ) និងឈ្មោះ លៀន សាវមិន (LIANG SHAO MIN ) បន្ទាប់ពី ពួកគេបានធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ នៅ ចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអនមានជ័យ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន១៣គ្រាប់ ជារបស់ជនរងគ្រោះ និងឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រពន្ធ័បញ្ជា ចំនួន១គ្រឿង។
សូមលើកកម្ពស់ការប្រុងប្រយ័ត្ន ពីព្រោះនៅពេលបច្ចុប្បន្ននេះ ម្ចាស់រថយន្តជាច្រើនទុករបស់របរដែលមានតម្លៃដាក់នៅក្នុងរថយន្ត ។
ក្រៅពីប្រុងប្រយ័ត្នរឿងសម្ភារៈនៅក្នុងរថយន្តហើយនោះ លោកអ្នកក៏គួរតែប្រុងប្រយ័ត្នសុវត្ថិភាពរថយន្តរបស់លោកអ្នកផងដែរ ពីព្រោះឧបករណ៍នេះពិតជាលឿនរហ័ស។ ដូច្នេះជនខិលខូចអាចនឹងមិនត្រឹមតែលួចសំម្ភារៈនៅក្នុងរថយន្តទេ ពួកគេក៏អាចនឹងលួចទាំងរថយន្តថែមទៀតផង ។
ដោយហេតុថា ជនជាតិចិនទាំងពីរមានឧបករណ៍នេះប្រើហើយនោះ ជនខិលខូចផ្សេងៗទៀតក៏អាចមានដែរ ។ ដើម្បីកុំអោយមានបញ្ហា គួរតែព្យាយាមយកអ្វីដែលមានតម្លៃទៅតាមខ្លួន ហើយយានយន្តក៏គួរតែមានសោរសុវត្ថិភាពផ្សេងៗបន្ថែម ផងដែរ ៕
ចែករំលែកព័តមាននេះ