ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលដៅ​ទាក់ទាញ​ទេសចរណ៍​ចិន​ឲ្យ​បាន​ដល់​កម្រិត យ៉ាង​ហោច​ណាស់​១​លាន​នាក់​នា​ឆ្នាំ​២០២៥​នេះ​អាច​នឹង​សម្រេច​បាន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​កុំ​មើលងាយ​ស្ថានភាព និង​សភាពការណ៍​តំបន់ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នានា ។ អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា រឿង​គោលនយោបាយ…

គោលដៅ​ទាក់ទាញ​ទេសចរណ៍​ចិន​ឲ្យ​បាន​ដល់​កម្រិត យ៉ាង​ហោច​ណាស់​១​លាន​នាក់​នា​ឆ្នាំ​២០២៥​នេះ​អាច​នឹង​សម្រេច​បាន ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ក៏​កុំ​មើលងាយ​ស្ថានភាព និង​សភាពការណ៍​តំបន់ និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នានា ។

អ្នកវិភាគ​មួយ​រូប​បាន​លើក​ឡើង​ថា រឿង​គោលនយោបាយ និង​ហេ​ដ្ឋា​រចនា​សម្ព័​ន​ដែល​គាំទ្រ​ដល់​ការ​ទាក់ទាញ​អ្នកទេសចរ​ចិន​មក​កម្ពុជា​មិនជា​ឧបសគ្គ​ឡើយ គឺ​អ្វី​ៗ​សុទ្ធតែ​អំណោយផល ។ ប៉ុន្តែ​ស្ថានភាព​ពាក់ព័ន្ធ​វា​អាច​រាំងស្ទះ និង​ជះ​ឥទ្ធិពល​បាន ។ លោក​បាន​បន្ត​ថា «​ទេសចរណ៍​ជា​វិស័យ​ដ៏​រសើប ហើយ​មាន​ទំនាក់ទំនង​ដ៏​ជិត​ស្និ​ទ​នឹង​ស្ថានការណ៍​នានា​មិន​ថា សេដ្ឋកិច្ច សង្គ្រាម ឬ​សុខភាព​ឡើយ »​។

លោក​បាន​អះអាង​ថា បញ្ហា​រលក​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​នា​ពេល​ថ្មី​ៗ​នេះ បញ្ហា​នៅ​លើ​តំបន់ និង​អន្តរជាតិ ជា​ពិសេស គឺ​បញ្ហា​ពន្ធ​បដិការ​របស់​សហរដ្ឋអាមេរិក សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​និង ចិន គឺ​សុទ្ធតែ​ជា​រឿង​ដែល​មាន​ឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍ ។ លោក​បាន​លើក​ឡើង​ថា «​ពេល​នេះ ស្ថានភាព​វា​មិនជា​អី​ទេ​ពេល​នេះ ប៉ុន្តែ​កុំ​ជិះសេះ​លែងដៃ​ឲ្យ​សោះ​ពីព្រោះ​អ្វី​ៗ ពិតជា​ពិបាក​ស្មាន​ណាស់​» ។

អ្នកវិភាគ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា សម្រាប់​កម្ពុជា​គោលដៅ​ដែល​បាន​ដាក់​ចេញ​វា​មិនជា​លើសលុប​ដូច​ជា ប្រទេស​ជិតខាង​នោះ​ទេ គឺ​វា​សម​ស្រប​នឹង​ធនធាន​ក៏​ដូច​ជា លទ្ធភាព​ដែល​កម្ពុជា​អាច​ទាក់ទាញ​បាន ។ ប៉ុន្តែ​ស្ថានការណ៍ និង​សភាព​ការ​អន្តរជាតិ​ពិតជា​ពិបាក​ប៉ាន់​ប្រមាណ​ទុក​ណាស់ ករណី​ដូច​ជា សង្គ្រាម​រវាង​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ជាដើម ។

ពាក់ព័ន្ធ​នឹង​ផែនការ​ទេសចរណ៍​នេះ​ដែរ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា ខ្លួន និង​សហការ​ជាមួយនឹង​ស្ថានទូត​ចិន ដើម្បី​រៀបចំ​នូវ​ព្រឹត្តិការណ៍​មួយ​គឺ «​ឆ្នាំ​ទេសចរណ៍ កម្ពុជា​-​ចិន ២០២៥» ។

ព្រឹត្តិការណ៍​ដែល​នឹង​ត្រូវ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ដែល​ជា​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង មក​កាន់​កម្ពុជា គឺ​សុទ្ធតែ​ជា​ព្រឹត្តិការណ៍​ដែល​នឹង​លើកកម្ពស់​ទីផ្សារ​ទេសចរណ៍​កម្ពុជា និង​ចិន ។

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​នឹង​មានការ​សម្តែង​ទស្សនីយភាព​សិល្បៈ​រួម​គ្នា​កម្ពុជា​-​ចិន នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ ក៏​ដូច​ជា​សម្រាប់​មហាជន​ទស្សនា នៅ​បរិវេណ​សួនច្បារ​តេ​ជោ​មាស​តេ​ជោ​យ៉​ត និង​តាម​បណ្តោយ​ផ្លូវ​ថ្មើ​ជើង​មាត់ទន្លេ​ចតុមុខ ។

មក​ដល់​ពេល​នេះ ភ្ញៀវ​ទេសចរ​ចិន គឺជា​ទីផ្សារ​ទេសចរណ៍​លំដាប់​ទី​៣ របស់​កម្ពុជា​បន្ទាប់​ពី​ថៃ និង​វៀតណាម ។ ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ត្រីមាស​ដំបូង​ឆ្នាំ​២០២៥ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១,៨៣​លាន​នាក់ ភ្ញៀវ​ទេសចរ​ពី​ចិន​មាន​ជាង​២៨​ម៉ឺន​នាក់​ជាមួយនឹង​កំណើន​ប្រមាណ​ជា​៥០,៦​ភាគរយ ។ តាម​តួលេខ​នេះ វា​នឹង​មិន​ពិបាក​ទេ ក្នុង​ការ​ទាក់ទាញ​ទេសចរ​ចិន​១​លាន​នាក់​នៅ​ឆ្នាំ​២០២៥​នេះ ។

ដោយឡែក ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង ៦,៦៦​លាន​នាក់ ក្នុង​នោះ​មាន ភ្ញៀវ​ចិន​មាន​ជាង ៨៤ ម៉ឺន​នាក់ កើន​៥៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ