រាជធានីភ្នំពេញ ៖ យុវជនដែលជាព្រូរថយន្តកុងតឺន័រម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈឡើងទៅលើទូកុងតឺន័រ ដើម្បីថ្ពក់ខ្សែកាប្លិ៍ឲ្យរថយន្តស្ទូច១គ្រឿងស្ទូចទម្លាក់ទូកុងតឺន័រចុះពីលើរថយន្តដាក់ចូលឃ្លាំងអង្ករមួយកន្លែង ។ ប៉ុន្តែជាអកុសល ស្រាប់តែដងសន្ទូចរថយន្តស្ទូចនោះប៉ះជាមួយខ្សែកាប្លិ៍ភ្លើងស្រា.ត បណ្តាលឲ្យឆ្លងចរន្តឆ.ក់យុវជនរងគ្រោះដួលដេក នៅលើទូកុងតឺន័រនោះ រងរបួសធ្ងន់ធ្ងរស្ទើរស្លា.ប់ស្ទើររស់តែម្ដង ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងឃ្លាំងអង្ករខាងលើ ដែលមានទីតាំងស្ថិតនៅតាមផ្លូវទំនប់៧ មករា ក្នុងភូមិសិរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះមិនត្រូវបានគេប្រាប់ឲ្យដឹងពីអត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា ជាព្រូរថយន្តកុងតឺន័រខាងលើ ហើយនៅក្រោយពេលកើតហេតុ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅសង្គ្រោះ ។ ប៉ុន្តែដោយសារតែរងរបួសធ្ងន់ពេកទើបគ្រូពេទ្យនៅទីនោះគ្មានលទ្ធភាពសង្គ្រោះរួចបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)វិញ ។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ មានរថយន្តកុងតឺន័រមួយគ្រឿង ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-6724 បានបើកទៅឈប់នៅមុខឃ្លាំងខាងលើ ។ បន្ទាប់មកបានរ៉ឺយែថយចូលទៅឈប់ នៅក្នុងឃ្លាំង ហើយយុវជនរងគ្រោះ ដែលព្រូរថយន្តបានឡើងលើតំបូលទូកុងតឺន័រ ដើម្បីថ្ពក់ខ្សែកាប្លិ៍ស្ទូចឲ្យរថយន្តស្ទច១គ្រឿង ស្ទូចទម្លាក់ទូកុងតឺន័រ ចុះពីលើរថយន្តខាងលើដាក់ចូលក្នុងឃ្លាំង ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះ ដោយសារតែការធ្វេសប្រហែស ដងសន្ទូចរថយន្តស្ទូចបានប៉ះជាមួយខ្សែភ្លើងស្រា.តនៅខាងលើបណ្តាលឲ្យឆ្លងចរន្តផ្ទុះលាន់សូរផាំងហុយផ្សែងទ្រុបឆ.ក់យុវជនរូបនោះ ឆេះរលាកខ្លោចពេញខ្លួន ។
ជនរងគ្រោះបានដួលដេកនៅលើដំបូលទូកុងតឺន័រ ហើយត្រូវបានក្រុមការងារនៅទីនោះឡើងទៅដាក់ចុះរួចបញ្ជូនតាមរថយន្តរបស់មន្ទីរពេទ្យបង្អែកខណ្ឌដង្កោយកទៅធ្វើការសង្គ្រោះ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេកទើបបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)វិញ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ និងមន្ត្រីក្រសួងការងារបានចុះទៅពិនិត្យ និងធ្វើការសាកសួរនៅទីតាំងកើតហេតុខាងលើ ដើម្បីធ្វើកំណត់ហេតុរាយការណ៍បន្តជូនថ្នាក់លើ ៕

ចែករំលែកព័តមាននេះ