ប្រទេសកម្ពុជា កំពុងគិតចង់អោយអ្នកទោសជាប់ពន្ធនាគារកម្រិតស្រាលទៅធ្វើការនៅតាមសហគមន៍ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍ផង បុគ្គលិកផ្ទាល់ខ្លួនផង និងដើម្បីដោះស្រាយបញ្ហាចង្អៀតពន្ធនាគារផង ។
កិច្ចការនេះ កំពុងតែដឹកនាំដោយក្រសួងយុត្តិធម៌ ។ ក្រសួងយុត្តិធម៌កំពុងតែធ្វើការងារជាមួយក្រសួងពាក់ព័ន្ធនានា ដើម្បីដាក់អនុវត្តសាកល្បង «ទោសការងារសហគមន៍»នេះ ។
ដូចជា ថ្មីៗនេះក្រសួងយុត្តិធម៌បានជួបជាមួយក្រសួងសុខាភិបាល ដើម្បីពិភាក្សា ដើម្បីរៀបចំគោលការណ៍ណែនាំ ដើម្បីធ្វើយ៉ាងណាអោយការងារអនុវត្តទោសសហគមន៍នេះមានប្រសិទ្ធភាព ។
ការអនុវត្តទោសសហគមន៍នេះមានន័យថា អ្នកទោសកម្រិតស្រាលមួយចំនួននឹងអោយទៅធ្វើការតាមទីកន្លែងកំណត់មួយ ដើម្បីជាការអនុវត្តទោសជំនួសអោយការជាប់ពន្ធនាគារ ។ គោលបំណង គឺដើម្បីអោយពួកគេសមាហរណកម្មក្នុងសង្គម ការពារកុំអោយប្រព្រឹត្តបទល្មើសជាលើកទី២ និងដើម្បីជាប្រយោជន៍សហគមន៍ជាដើម ៕
ចែករំលែកព័តមាននេះ