ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈរ​មុខ​ផ្ទះ​គេ ចោទ​​គេថា​ធ្វើអំពើអាបធ្មប់ ខឹង​ពេក​ស្ទុះ​ទាញ​កាំបិត​ផ្គាក់​កា.ប់​សត្វឆ្កែ​​ងាប់​០១​ក្បាល

13 ម៉ោង មុន

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ដើរ​កាន់​ជំ​ពាម​ផង កាំបិត​ផ្គាក់​ផង បាញ់​ទៅ​ផ្ទះ​គេ​បែក​កញ្ចក់ រួច​ដើរ​បន្ត​មក​ដល់​ឃើញ​ឆ្កែ​កំពុង​ដេក​មុខ​ផ្ទះ ក៏​កាប់​ឆ្កែ​គេ​ងាប់​១​ក្បាល​ទៀត រួច​ដើរមក​វិញ កាន់​ផ្គាក់…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ដើរ​កាន់​ជំ​ពាម​ផង កាំបិត​ផ្គាក់​ផង បាញ់​ទៅ​ផ្ទះ​គេ​បែក​កញ្ចក់ រួច​ដើរ​បន្ត​មក​ដល់​ឃើញ​ឆ្កែ​កំពុង​ដេក​មុខ​ផ្ទះ ក៏​កាប់​ឆ្កែ​គេ​ងាប់​១​ក្បាល​ទៀត រួច​ដើរមក​វិញ កាន់​ផ្គាក់ ឈរ​ជេរ​គំរាម​កាប់សម្លា.ប់​ម្ចាស់ផ្ទះ​ទៀត ​ដោយ​ចោទ​ថា ចេះ​ធ្វើអំពើអាបធ្មប់ ​ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ធ្វើការ​ចាប់​ឃាត់ខ្លួន ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៣​រសៀល​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ ភូមិ​ព្រែក​តា​អុង​ទី​០១ សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​ចំនួន​០២​នាក់ រួម​មាន ៖
១-​ឈ្មោះ ភឿន សំណាង ភេទ​ស្រី អាយុ​៤៦ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ រស់នៅ ភូមិ​ព្រែក​តា​អុង​ទី​១ សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្ដាល ។
២-​ឈ្មោះ សូ វិត ភេទ ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ កម្មករ​សំណង់ រស់នៅ​ភូមិ​ព្រែក​តា​អុង​ទី​១ សង្កាត់ ពាម​ឧកញ៉ា​អុង ក្រុង អរិយ​ក្សត្រ ខេត្ដកណ្ដាល​ ។

ចំណែក​ជនសង្ស័យ​មាន ឈ្មោះ ឃៀង រស្មី ហៅ​រស្មី ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ រស់នៅ​ភូមិ​ពាម​ឧកញ៉ា​អុង​ទី​១ សង្កាត់​ពាម​ឧកញ៉ា​អុង ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​ ។

ក្នុង​នោះ​សម្ភារៈ​ខូចខាត បង្អួច​កញ្ចក់ ចំនួន ០១​ផ្ទាំង និង សត្វ​ឆ្កែ​ងាប់​ចំនួន​០១​ក្បាល ។ សមត្ថកិច្ច​ដកហូត​បាន ចំពាមកៅស៊ូ​ចំនួន ០១, ពូថៅ​ផ្លែ​ដែក​ដង​ឈើ​ចំនួន​០១, កាំបិត​ផ្កា​ក់​ផ្លែ​ដែក​ដង​ឫស្សី ចំនួន​០១ ,(​ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ ឃៀង រស្មី ) ។

សូម​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​១៩ ខែ ឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​៣​រសៀល ជន​រង​គ្រោះ ​នៅ​ក្នុងផ្ទះ ​បានឃើញ​ជនសង្ស័យ ដើរ​ជេរ​ឡូឡា​នៅ​មុខ​ផ្ទះ​របស់​គាត់ ​ក្នុង​ដៃជនសង្ស័យ​បាន​កាន់​ចំពាមកៅស៊ូ និង​កាំបិត​ផ្កា​ក់ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ចំពាមកៅស៊ូ​បាញ់​ទៅ​លើ​ផ្ទះ​ឈ្មោះ ភឿន សំណាង ត្រូវ​បង្អួច​កញ្ចក់​បណ្ដាល​អោយ​បែក​ចំនួន​មួយ​ផ្ទាំង ។ ក្រោយមក​ជនសង្ស័យ បាន​ដើរ​កាន់​កាំបិត​ផ្កា​ក់កាត់​ផ្ទះ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ សូ វិត ហើយ​ជនសង្ស័យ​ក៏​បានឃើញ​ឆ្កែ​ដេក​នៅ​មុខ​ផ្ទះ មក​ដល់​កាប់​ឆ្កែ​របស់​គាត់​បណ្ដាល​អោយ​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​ហើយ​ដើរទៅ​ផ្ទះ​វិញ បាន​បន្តិច​ជនសង្ស័យ បាន​មក​ឈរ​លើក​កាំបិត​ផ្កា​ក់កាត់​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ សូ វិត ម្តងទៀត រួច​បាន​និយាយ​ថា អ្ហែង​ជា​អ្នក​ធ្វើអំពើ​ ប្រ​យ​ត្ន័​អញកាប់​​ងាប់ ពេល​និយាយ​រួច​ ជនសង្ស័យ​ឈ្មោះ រស្មី ក៏​បាន​ដើរទៅ​បាត់​ទៅ​ ។

បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម​ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ឃៀង រស្មី មក​ធ្វើការ​សាកសួរ​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ឃៀង រស្មី បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​សម្លាប់​ឆ្កែ​,​ បាញ់​បង្អួច​ផ្ទះ​របស់​ជន​រង​គ្រោះ​ ចំនួន​០៣​លើក និងគំរាមកំហែង​ថា​ នឹង​សម្លាប់ ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ​ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ កំពុង​កសាង​សំណុំរឿង​ទៅ​កាន់​តុលាការ​ ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ