ខេត្តព្រះសីហនុ ៖ ជាថ្មីម្តងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមិនបានរើសអើងការវិនិយោគរបស់ប្រទេសណានោះទេ គឺយកទាំងអស់ ដើម្បីយកមកជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។
ថ្លែងក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅពេលកន្លងមកនៅពេលសហរដ្ឋអាមេរិក បានធ្វើការចរចាគ្នារវាងពាណិជ្ជកម្ម គេចោទថារដ្ឋាភិបាលខ្មែរយកស្ពៃ យកសាច់គោ ។
សម្តេចបញ្ជាក់ថា៖ «មិនថាស្ពៃ សាច់គោ បង្គារ បង្កង កំពឹស ផ្លែឈើ កម្ពុជាយកទាំងអស់ អត់មានរើសប្រទេសណានោះទេ ។ ហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស នៅក្រុងព្រះសីហនុ ពិតណាស់ មានការរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជាពិតមែន ប៉ុន្តែក៏មានរោងចក្រ មកពីសហរដ្ឋអាមេរិក បារាំង អឺរ៉ុប និងប្រទេសផ្សេងៗ មកមានន័យថា កម្ពុជាយកទាំងអស់មិនរើសអើង និងប្រកាន់ប្រទេសណានោះទេ» ។
សម្តេចបវរធិបតីបានបន្ថែមកម្ពុជាមិនរើសអើងនោះទេ តើយើងរើសអើងធ្វើអី បើសិនប្រទេសមហាអំណាចគេ មិនរើសអើងគ្នាផង គេធ្វើការជាមួយគ្នា ។ កាលពី៣អាទិត្យមុនគេចរចាក្តី ឥលូវដល់ពេលគេចរចាបែបត្រជាក់ ។ អីញ្ចឹងកម្ពុជាមិនមែនរើសអ្នកណា ឬទាត់អ្នកណានោះទេ គឺស្វាគមន៍ទាំងអស់ ។
ជាមួយគ្នានោះដែរ សម្តេចបវរធិបតីបានអះអាងថា កម្ពុជាទទួលយកទាំងអស់ មិនរើស
អើងអ្នកណានោះទេ ។ ការទទួលយកមកនេះ គឺដើម្បីសេដ្ឋកិច្ចជាតិរបស់កម្ពុជា ការងារនិងជីវភាពរបស់ប្រជាពលរដ្ឋ ។
កម្ពុជាធ្វើការទាក់ទាញវិនិយោគ មិនថា អាមេរិក ចិន ជប៉ុន អឺរ៉ុប និងអ្នកណានោះទេ គឺយើងយកទាំងអស់ ។ ចំពោះករណីនេះ សម្តេចបវរធិបតីបានគូសបញ្ជាក់បន្ថែមថា ៖«យើងយកទាំងអស់ អាហារផ្លែឈើ ដាក់មកក្នុងខ្លួនយើង ដើម្បីបង្កើតការងារ ជួយជំរុញប្រាក់បៀវវត្សរបស់យើងឲ្យបានច្រើន ដែលនេះជាចំណុចសំខាន់ហើយសក្ខីភាពជាក់ស្តែងគឺចំនួន៣ម៉ឺននាក់កំពុងធ្វើការងារងារនៅទីនេះ» ៕
ចែករំលែកព័តមាននេះ