ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីកម្ពុជា ៖ ចិន​ជាដៃគូពាណិជ្ជកម្ម​ និងជាប្រភពដ៏សំខាន់បំផុតនៃការវិនិយោគរបស់កម្ពុជា

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា បន្ទាប់​ពី​កសាង​បាន​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ និង​យូរអង្វែង​រវាង​កម្ពុជា​-​ចិន…

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​ថា បន្ទាប់​ពី​កសាង​បាន​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ និង​យូរអង្វែង​រវាង​កម្ពុជា​-​ចិន មិត្ត​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត និង​ជា​ប្រភព​ដ៏​សំខាន់​បំផុត​នៃ​ការ​វិនិយោគ​របស់​កម្ពុជា​មក​ដល់​ពេល​នេះ ។

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ការ​ទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​២០០ និង​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករនិយោជិត នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ប្រមាណ​៣​ម៉ឺន​នាក់ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​យូរអង្វែង​របស់​កម្ពុជា​-​ចិន ដែល​មានការ​វិវត្តន៍​ចាប់ពី​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​រហូត​មក​ដល់​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​សំដៅ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន នៅ​ក្នុង​យុគសម័យ​គ្រប់​រដូវ​ការ​ក៏​ជា​កម្លាំង​ច​លករ​ដ៏​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​ជំរុញ​ឱ្យ​ទទួល​បាន​សម​ទ្ធ​ផល ភាព​ជោគជ័យ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ និង​ការ​រីក​ចម្រើន​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស ។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា មិត្ត​ចិន​តែងតែ​ជួយ​គាំទ្រ​ដល់​កម្ពុជា​នៅ​គ្រប់​កាលៈទេសៈ និង​គ្រប់​វិស័យ​ខណៈ​ដែល​ទំនាក់ទំនង​កម្ពុជា​-​ចិន បាន​កសាង​ឡើង​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ទំនុកចិត្ត​ផ្នែក​នយោបាយ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​ឯករាជ្យ​ភាព និង​អធិបតេយ្យភាព និង​បាន​បន្ត​រីក​ចម្រើន​កាន់តែ​រឹង​មាំ​ឡើង​ៗ​រហូត​វិវត្តន៍​ទៅ​ជា​មិត្តភាព​ដែកថែប​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ផ្លាស់​ប្តូរ ទស្សនកិច្ច​កម្រិត​ខ្ពស់​ជា​ញឹកញាប់ រួម​ទាំង​ការ​ប្រា​ស័​យ​ទាក់ទង​គ្នា​ជា​យុត្តិសាស្ត្រ ។

សម្តេច​បវ​ធិ​បតី នាយក​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា នៅ​ជំនួប​ក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវ​រដ្ឋ នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២៥ សម្តេច​ផ្ទាល់ និង​ប្រធានាធិបតី​ចិន​មិន​ត្រឹមតែ​បាន​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ ចំពោះ​ទំនាក់ទំនង​មិត្តភាព​ដែកថែប​កម្ពុជា​-​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ពង្រឹង និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុត្តិសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

ក្នុង​នោះ សម្តេច​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត បាន​គូសបញ្ជាក់​ថា ៖«​មិត្ត​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត និង​ជា​ប្រភព​ដ៏​សំខាន់​បំផុត​នៃ​ការ​វិនិយោគ​របស់​កម្ពុជា​មក​ដល់​ពេល​នេះ​ជំហរ​របស់​កម្ពុជា​ចំពោះ​មិត្ត​ចិន គឺ​ប្រកាន់​ភ្ជាប់​ឥត​ងាករេ​ចំពោះ​នយោបាយ​ចិន​មួយ និង​គាំទ្រ​ការ​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ា​ត់​និង​ផ្លូវ និង​គំនិត​ផ្តួចផ្តើម​ផ្សេង​ៗ​ទៀត​» ។ ឆ្លៀត​ក្នុង​ឱកាស​នេះ សម្តេច​មហា​បវរ​ធិ​ប​បតី បាន​សម្តែង នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​មិត្ត​ចិន​ចំពោះ​ការ​គាំទ្រ និង​ការ​ជ្រោមជ្រែង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុងព្រះសីហនុ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ