សហរដ្ឋអាមេរិក ៖ ក្នុងក្បួនព្យុហយាត្រាយោធា ដែលត្រូវធ្វើក្នុងខែមិថុនា នាឱកាសខួប២៥០ឆ្នាំនៃការបង្កើតកងទ័ពអាមេរិក ចំថៃ្ងខួបកំណើតរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែរ នឹងមានការចូលរួមរបស់កងរថក្រោះប្រយុទ្ធ ឧទ្ធម្ភាគចក្រយោធា និងកងទាហានឆ័ត្រយោងផងដែរ ។

ថ្ងៃទី១៤ មិថុនា ប្រធានាធិបតីអាមេរិកចង់រៀបចំធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំមួយ។ អ្នកនាំពាក្យកងទ័ពអាមេរិកលោកSTEVE WARRENN ថ្លែងលម្អិតនាថ្ងៃទី២១ ឧសភាថា ខណៈប្រធានាធិបតីប្រារព្ធខួបគម្រប់៧៩ឆ្នាំ រថក្រោះច្រើនសិបគ្រឿងនឹងចូលរួមហែក្បួនក្នុងនោះមានរថក្រោះM1A1 ABRAMS ២៨គ្រឿង រថយន្តពាសដែកប្រយុទ្ធធុនBRADLEY២៨គ្រឿង ព្រមទាំងឧទ្ធម្ភាគចក្រប្រយុទ្ធ៥០គ្រឿង ។ អ្នកនាំពាក្យរូបនោះបន្តថា ការចំណាយសរុបជាមួយការបាញ់កាំជ្រួចពិសេសៗប៉ាន់ប្រមាណចំនួន៤៥លានដុល្លារ។
បាតុកម្មនានាក៏គ្រោងធ្វើនាថ្ងៃនោះដែរ ប្រឆាំងព្យុហយាត្រាយោធាធំនោះ ដោយមនុស្សមួយចំនួនរិះគន់ខ្លាំងក្លា ក្បួនព្យុហយាត្រាយោធានោះដែលបង្ហាញពីរបបផ្ដាច់ការមួយ។ លោកស្រីអភិបាលក្រុងវ៉ាស៊ីនតោន បានសម្ដែងការព្រួយបារម្ភដែលរថក្រោះធុនធ្ងន់បើកកាត់ វិថីនានា អាចបណ្ដាលឲ្យវិថីទាំងនោះរងការខូចខាត ហើយត្រូវចំណាយប្រាក់ច្រើនលានដុល្លារសម្រាប់ជួសជុលផ្លូវឡើងវិញ។
កងទ័ពឲ្យដឹងថាបន្ទះដែកនឹងត្រូវប្រើក្រាលថ្នល់ សម្រាប់រថក្រោះបើកលើកុំឲ្យខូចផ្លូវ ហើយកងទ័ពធានារ៉ាប់រងលើការខូចខាត។ ព្យុហយាត្រាយោធាដ៏ធំនៅអាមេរិកធ្លាប់ធ្វើកាលពីឆ្នាំ១៩៩១នៅក្រុងវ៉ាស៊ីនតោន ដើម្បីជាការអបអរចំពោះជ័យជម្នះនៃសង្គ្រាមនៅតំបន់ឈូងសមុទ្រពែរ្ស៍ ៕
ចែករំលែកព័តមាននេះ