សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភានេះ បានមានប្រសាសន៍ទាក់ទងនឹងចំណេះដឹងចំពោះមនុស្ស និងសង្គមជាតិ ។ សម្តេចមហាបវរធិបតី…
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភានេះ បានមានប្រសាសន៍ទាក់ទងនឹងចំណេះដឹងចំពោះមនុស្ស និងសង្គមជាតិ ។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ចំណេះដឹង គឺជាទ្រព្យសម្បត្តិមិនចេះរីងស្ងួតសម្រាប់មួយជីវិតដែលអាចយកទៅប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ខ្លួនឯង និងក្រុមគ្រួសារ ក្រោមរូបភាពជាការងារ ការវិនិយោគ ឬសហគ្រិនភាព ។
សម្តេចបានមានប្រសាសន៍បន្ថែមថា ជាមួយគ្នានេះការអប់រំបង្កើតឱ្យមានផលប្រយោជន៍សម្រាប់សង្គមជាតិជាច្រើន ។ ភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់ មានសុខភាពល្អ មានសីលធម៌ មានសុភមង្គលក្នុងគ្រួសារ និងទ្រព្យសកម្ម និងមិនមែនជាបន្ទុករបស់ជាតិឡើយ ។

ជាក់ស្តែង នៅក្នុងសម័យបច្ចុប្បន្ន ដែលពិភពលោកកំពុងបន្តរីកចម្រើនលើគុណភាពនៃចំណេះដឹង និងបច្ចេកវិទ្យាយុវជនកម្ពុជាមានតួនាទីសំខាន់ជាសសរទ្រូង សម្រាប់ការរីកចម្រើនជាតិ ។ ប៉ុន្តែយើងគួរយល់ឲ្យបានច្បាស់ថា ចំណេះដឹងមិនមែនជាអំណោយទេ ប៉ុន្តែជាការវិនិយោគ ។ វិនិយោគលើខ្លួនឯង ដើម្បីសម្រេចជីវិតមានគុណភាព ព្រមទាំងជួយអភិវឌ្ឍន៍សង្គម និងជាតិទាំងមូល ។
ចំណេះដឹង មានឥទ្ធិពលជាច្រើនលើជីវិតមនុស្សម្នាក់ ។ សិស្សដែលខិតខំរៀនក្នុងសាលា មិនត្រឹមតែទទួលបានចំណេះ ដើម្បីប្រឡងទេ ប៉ុន្តែទទួលបានសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា និងធ្វើជាជនដែលមានបញ្ញា ។ នៅក្នុងសង្គមដែលការប្រកួតប្រជែងកាន់តែខ្លាំង ប្រជាជនដែលមានចំណេះដឹង គឺជាអ្នកមានសិទ្ធិជ្រើសរើសឱកាស និងមានសមត្ថភាពបង្កើតជីវិតដ៏ថ្លៃថ្លា ។
នៅក្នុងគ្រួសារមនុស្សដែលមានចំណេះដឹងមិនត្រឹមតែអាចរកប្រាក់ចំណូលខ្ពស់ប៉ុណ្ណោះទេ តែអាចក្លាយជាគន្លងសំខាន់សម្រាប់ការបង្រៀនការជួយគ្រួសារ និងក្លាយជាគំរូល្អសម្រាប់កូនចៅ ។ បុគ្គលមានការអប់រំនឹងឈានទៅរកការចង់អភិវឌ្ឍគ្រួសារឲ្យបានរីកចម្រើនតាមរយៈការធ្វើផែនការដឹកនាំ និងជំរុញសមត្ថភាពរបស់សមាជិកក្នុងគ្រួសារ ។ ចំណេះដឹង ក៏ បង្កើនសមត្ថភាព ក្នុងការធ្វើសេចក្ដីសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បង្កើនទំនាក់ទំនងល្អ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រួសារ ។

ចំពោះសង្គមជាតិទាំងមូលវិញ ប្រទេសណាមួយក៏ដោយមិនអាចរីកចម្រើនបានទេ ប្រសិនបើប្រជាជនរបស់ខ្លួនមិនទទួលការអប់រំល្អ ។ សង្គមមានសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ។ ប៉ុន្តែសង្គមនោះនឹងកាន់តែរឹងមាំ ប្រសិនបើប្រជាជនមានចំណេះដឹង ។ មនុស្សដែលមានចំណេះដឹង ច្រើនតែងប្រើកម្លាំងផ្លូវចិត្ត ដើម្បីជួយសង្គម ។ ពួកគេក្លាយជាអ្នកនាំមុខណែនាំការផ្លាស់ប្ដូរយ៉ាងមានវិជ្ជាជីវៈ ។

ចំណេះដឹងជួយធ្វើឲ្យប្រជាជនមានអត្ដសញ្ញាណជាតិមានស្មារតីទទួលខុសត្រូវ និងអាចចូលរួមក្នុងសេដ្ឋកិច្ច សង្គម និងនយោបាយយ៉ាងសកម្ម ។ បើនិយាយអោយសាមញ្ញទៅនោះ អ្នកដែលរៀនច្រើន មិនត្រឹមតែចម្រើនជីវិតរបស់ខ្លួនទេ ប៉ុន្តែចម្រើនទាំងទ្រព្យសម្បត្តិគ្រួសារ និងជួយឲ្យជាតិរីកចម្រើន។
ការរៀនសូត្រ គឺជាដំណើរពេញមួយជីវិតមនុស្ស ។ ចំណេះដឹង គឺជាទ្រព្យដែលគ្មាននរណាលួយប្ល.ន់បាន ។ នៅពេលដែលអ្នកមានចំណេះដឹង អ្នកនឹងដឹងតម្លៃនៃជីវិតដឹងរបៀបរកសុភមង្គល និងដឹងរបៀបធ្វើអោយអ្នកដទៃរស់នៅក្នុងភាពសុខសាន្ដផងដែរ ។
សារសម្រាប់យុវជនកម្ពុជា គឺបើចង់មានក្តីសុបិន្តវែងឆ្ងាយត្រូវចាប់ផ្តើមពីការរៀនឥឡូវនេះ ។ «រៀនច្រើន ចម្រើនទ្រព្យ» មិនមែនជាគំនិតមួយសាមញ្ញទេ ប៉ុន្តែជាកូនសោរដែលបើកទ្វារសម្រាប់ជីវិតដែលកាន់តែប្រសើរ ៕
ចែករំលែកព័តមាននេះ