ទីក្រុងតូក្យូ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសជប៉ុន បានលាលែងពីតំណែងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីការអត្ថាធិប្បាយរបស់លោកកាលពីថ្មីៗនេះ បង្កជាកំហឹងពីមហាជន និងរាលដាលដល់ការរិះគន់ការដឹកនាំមិនល្អរបស់នាយករដ្ឋមន្ត្រី លោក ស៊ីហ្គឺរូ អ៊ីស៊ីបា (Shigeru Ishiba) លើការដោះស្រាយការកើនឡើងតម្លៃស្បៀងអាហារនៅក្នុងប្រទេសមួយនេះ។
ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក តាគូ អ៊ីតូ (Taku Eto) រដ្ឋមន្ត្រីក្រសួងកសិកម្មជប៉ុនបានប្រកាសថា ការលាលែងពីតំណែងរបស់លោកត្រូវបានទទួលយកដោយនាយករដ្ឋមន្ត្រី ស៊ីហ្គឺរូ អ៊ីស៊ីបា។ លោក អ៊ីតូ បានថ្លែងដូច្នេះថា «នៅពេលប្រជាជនកំពុងជួបបញ្ហាជាមួយតម្លៃអង្ករឡើងខ្ពស់ ខ្ញុំបានធ្វើអត្ថាធិប្បាយមិនសមរម្យបំផុតក្នុងនាមជារដ្ឋមន្ត្រី។ ជាមួយនឹងបញ្ហាតម្លៃស្រូវនៅពេលនេះ គឺស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ហើយខ្ញុំបានសន្និដ្ឋានថា វាលែងសមស្របហើយសម្រាប់ខ្ញុំក្នុងការរក្សាតំណែងកំពូលគ្រប់គ្រងលើបញ្ហានេះ»។
គួររំលឹកថា លោក អ៊ីតូ រងការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីលោកនិយាយកាលពីចុងសប្តាហ៍មុនថា លោកមិនដែលទិញអង្ករញ៉ាំដោយខ្លួនឯងទេ ព្រោះអ្នកគាំទ្រលោកបានបរិច្ចាគយ៉ាងច្រើនដល់លោក។ ការអត្ថាធិប្បាយបែបនេះបានធ្វើឱ្យប្រជាជនជប៉ុនជាច្រើនខឹងសម្បារកាន់តែខ្លាំង ចំពេលតម្លៃអង្ករបានកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន បើទោះបីជារដ្ឋាភិបាលជប៉ុនបានបញ្ចេញអង្ករក្នុងស្តុកទុកជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះយ៉ាងណាក៏ដោយ។
លោក តាគូ អ៊ីតូ ក្លាយជារដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីដំបូងគេដែលលាលែងពីតំណែង ចាប់តាំងពីនាយករដ្ឋមន្ត្រី លោក ស៊ីហ្គឺរូ អ៊ីស៊ីបា ឡើងកាន់តំណែង កាលពីខែតុលាឆ្នាំមុន។ ជាមួយគ្នានោះ លោក អ៊ីស៊ីបា បានប្រាប់អ្នកយកព័ត៌មានថា លោកកំពុងពិចារណាអ្នកជំនួសតំណែងរដ្ឋមន្ត្រីកសិកម្ម។ ចំណែករបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានផ្សាយថា លោក ស៊ីនជីរ៉ូ កូអ៊ីស៊ូមី (Shinjiro Koizumi) អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ទំនងជានឹងជំនួសតំណែងលោក អ៊ីតូ។ លោក អ៊ីស៊ីបា បានថ្លែងដូច្នេះថា «នេះជាទំនួលខុសត្រូវរបស់ខ្ញុំទាំងស្រុង ជាអ្នកតែងតាំងលោក អ៊ីតូ មិនថាមានការរិះគន់អ្វីកើតឡើងនោះទេ វាគឺជាអ្វីដែលខ្ញុំត្រូវតែទទួលយក»។
ពាក្យសម្តីលោក អ៊ីតូ បានជំរុញឱ្យមានកំហឹងជាសាធារណៈ ចំពេលដែលប្រជាជនជប៉ុនកំពុងប្រឈមមុខនឹងអតិផរណាជាប់លាប់ ជាមួយនឹងរង្វាស់តម្លៃចំណាយដ៏សំខាន់របស់ប្រទេសជប៉ុនលើសពី ៣% អស់រយៈពេលជាង៤ខែជាប់ៗគ្នារហូតដល់ខែមីនា។ វិបត្តិនេះត្រូវបានជំរុញមួយផ្នែកដោយការកើនឡើងតម្លៃអង្ករតែម្តង ដោយកើនឡើង ៩២% ធៀបនឹងឆ្នាំមុន គិតត្រឹមខែមីនាកន្លងទៅ ដែលជាការឡើងថ្លៃលឿនបំផុត ចាប់តាំងពីការកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៧១។
រដ្ឋាភិបាលរបស់លោក អ៊ីស៊ីបា កំពុងប្រឈមមុខនឹងការវាយតម្លៃគាំទ្រទាបបំផុត ចាប់តាំងពីលោកបានចូលកាន់តំណែង ខណៈជប៉ុនកំពុងឆ្ពោះទៅរកការបោះឆ្នោតសភាជាន់ខ្ពស់នាខែកក្កដាខាងមុខនេះ។ រដ្ឋមន្ត្រីដែលលាលែងពីតំណែងថ្មីៗនេះ ក៏ជាអ្នកដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចាពាណិជ្ជកម្មដែលកំពុងបន្តជាមួយអាមេរិកផងដែរ។ ការជំរុញការនាំចូលអង្ករពីអាមេរិកក៏ត្រូវបានលើកឡើង ហើយដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ ជប៉ុនទំនងជាអាចផ្តល់ឱ្យអាមេរិកនូវការយកពន្ធទាប៕


ចែករំលែកព័តមាននេះ