ប្រទេសចិន ៖ អត្រាអត់ការងារធ្វើរបស់យុវជននៅក្នុងប្រទេសចិនបានធ្លាក់ចុះបន្តិចកាលពីខែមេសាកន្លងទៅ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រទេសយក្សនៅអាស៊ីមួយនេះ ត្រៀមប្រឈមមុខនឹងបញ្ហាដដែលនេះសាជាថ្មី នៅពេលដែលនិស្សិតជាង១២លាននាក់ នឹងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យចិនក្នុងឆ្នាំនេះ។ នេះបើតាមប្រភពពីសារព័ត៌មាន South China Morning Post ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។
យោងតាមទិន្នន័យចេញផ្សាយដោយការិយាល័យស្ថិតិជាតិចិន កាលពីថ្ងៃអង្គារកន្លងទៅ បានបង្ហាញថា អត្រាអត់ការងារធ្វើនៅទីក្រុងក្នុងចំណោមអ្នកមានអាយុពី ១៦ ទៅ ២៤ឆ្នាំ ដោយមិនរាប់បញ្ចូលសិស្សបានធ្លាក់ចុះមកនៅត្រឹម ១៥,៨% កាលពីខែមុន ពោលធ្លាក់ចុះពី ១៦,៥% កាលពីខែមីនា នោះគឺជាអត្រាទាបបំផុតដែលប្រទេសចិនបានកត់ត្រារហូតមកទល់ពេលនេះ សម្រាប់ឆ្នាំ២០២៥។ ចំណែកអត្រាខ្ពស់បំផុតគឺ ១៦,៩% ដែលបានកត់ត្រាកាលពីខែកុម្ភៈ។
ទោះយ៉ាងណាក៏ដោយ អត្រាអត់ការងារធ្វើរបស់យុវជននៅតែមានកម្រិតខ្ពស់ជាងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ហើយហានិភ័យនៃអត្រាអត់ការងារធ្វើនឹងកើនឡើងម្តងទៀត បន្ទាប់ពីឆ្នាំសិក្សាបញ្ចប់នៅរដូវក្តៅខាងមុខនេះ។ យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា និស្សិតប្រមាណ១២,២២លាននាក់ នឹងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យចិននៅឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន ដោយកើនឡើងប្រមាណ៤៣ម៉ឺននាក់ច្រើនជាងឆ្នាំមុន។
អត្រាអត់ការងារធ្វើរបស់យុវជនចិន បានកើនឡើងអំឡុងពេលការរីករាលដាលជំងឺរាតត្បាតកូវីដ១៩ ហើយនៅតែជាក្តីបារម្ភដ៏សំខាន់មួយរបស់រដ្ឋាភិបាល ខណៈដែលសេដ្ឋកិច្ចចិនកំពុងតស៊ូក្នុងការបង្កើតការងារមានគុណភាពខ្ពស់គ្រប់គ្រាន់ ដើម្បីស្រូបយកចំនួននិស្សិតបញ្ចប់ការសិក្សាដែលកំពុងកើនឡើងឥតឈប់ឈរក្នុងប្រទេសមានប្រជាជនច្រើនលំដាប់ទី២ពិភពលោក ពោលចំនួនជាង១,៤១ពាន់លាននាក់មួយនេះ នៅក្រោមឥណ្ឌាដែលមានជាង ១,៤៦ពាន់លាននាក់។
សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងតែបន្តបានគំរាមកំហែងធ្វើឱ្យបាត់បង់នូវឱកាសការងាររបស់និស្សិតបញ្ចប់ការសិក្សាថ្មីៗបន្ថែមទៀត ជាពិសេសក្នុងវិស័យពាណិជ្ជកម្មឆ្លងព្រំដែនដ៏ធំរបស់ប្រទេសចិន បើទោះបីជាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមកាត់បន្ថយពន្ធលើទំនិញនាំចូលគ្នាទៅវិញទៅមកក្នុងរយៈពេល៩០ថ្ងៃយ៉ាងណាក្តី។
កាលពីខែមុន រដ្ឋាភិបាលចិនបានចាប់ផ្តើមប្រមូលផ្តុំគំនិតផ្តួចផ្តើម ដើម្បីបង្កើនការងារដល់យុវជនខ្លួន រួមទាំងការឧបត្ថម្ភធនដោយផ្ទាល់ដល់ក្រុមហ៊ុនផ្តល់ការងារដល់យុវជនដែលអត់ការងារធ្វើ ឬនិស្សិតបញ្ចប់ការសិក្សាថ្មីៗ។ វិធានការផ្សេងទៀតរួមមានការជំរុញឱ្យស្ថាប័នរដ្ឋ និងសហគ្រាសរដ្ឋផ្តល់អាទិភាពលើការជួលនិស្សិតទើបបញ្ចប់ការសិក្សា និងគាំទ្រយុវជនដែលព្យាយាមចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
ការិយាល័យស្ថិតិជាតិចិនក៏បានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើសម្រាប់ក្រុមមនុស្សអាយុពី ២៥ ទៅ ២៩ឆ្នាំ នៅក្នុងប្រទេសចិនក៏បានធ្លាក់ចុះផងដែរ ដល់ ៧,១% ក្នុងខែមេសា ពោលធ្លាក់ចុះពី ៧,២% ក្នុងខែមិនា។ ទន្ទឹមនឹងនេះដែរ ការិយាល័យបានប្រកាសកាលពីថ្ងៃច័ន្ទថា អត្រាអ្នកអត់ការងារធ្វើនៅទីក្រុងទាំងអស់របស់ប្រទេសចិនមានចំនួន ៥,១% ក្នុងខែមេសា ធ្លាក់ចុះពី ៥,២% កាលពីខែមីន៕ ប្រភព ៖ South China Morning Post


ចែករំលែកព័តមាននេះ