អធិបតេយ្យជាតិមួយមិនមែនវាស់ត្រឹមភាសាឡើយ ។ ដូច្នេះ ល្មមបញ្ឈប់ការរើសអើង ឬមើលស្រាល ឬបណ្តុះបង្អាប់ ឬរិះគន់អ្នកដែលរៀនភាសាទៅ ជាពិសេស គឺភាសាប្រទេសជិតខាងដែលមានវៀតណាម ឬថៃនេះឯង…
អធិបតេយ្យជាតិមួយមិនមែនវាស់ត្រឹមភាសាឡើយ ។ ដូច្នេះ ល្មមបញ្ឈប់ការរើសអើង ឬមើលស្រាល ឬបណ្តុះបង្អាប់ ឬរិះគន់អ្នកដែលរៀនភាសាទៅ ជាពិសេស គឺភាសាប្រទេសជិតខាងដែលមានវៀតណាម ឬថៃនេះឯង ។ ភាសាវាលែងជាកាតាលីករដែលនៃការលុកលុយ ដើម្បីត្រួតត្រាប្រទេសណាមួយទៀតហើយសម័យនេះ ។ ភាសាវា គឺជាយាននៃទំនាក់ទំនង និងកសាងការយល់ពីគ្នាទៅវិញទៅមក និងជាប្រភពនៃការតភ្ជាប់រវាងប្រជាជន និងប្រជាជននៅលើពិភពលោក ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្សេងៗ ដើម្បីផលប្រយោជន៍រួម ។
ការដែលយើងរៀនភាសាប្រើប្រាស់ភាសារៀនបច្ចេកទេសពីប្រទេសជិតខាង ហើយគេមករៀនភាសាយើងប្រើប្រាស់ភាសាយើងក៏ដូចជា ដកស្រង់បទពិសោធន៍ពីយើងមិនមែនជាការរំលោ.ភបំពានដែនអធិបតេយ្យភាពរបស់ជាតិយើង ឬក៏បំភ្លេចដើមកំណើតជាតិសាសន៍របស់យើងនោះទេ ។ សូមកុំយល់ច្រឡំ ហើយសូមបញ្ឈប់ទស្សនៈអគតិបែបនេះតទៅទៀត ។
សម័យនេះទៅហើយ នៅលើបណ្តាញសង្គមគ្រាន់តែឭឃើញសមត្ថកិច្ចក៏ដូចជា មន្ត្រីយើងប្រើប្រាស់ភាសាវៀតណាមក្តី និងភាសាថៃក្តីក៏នាំគ្នាចោទប្រកាន់ ហើយរិះគន់គ្នាថា កំពុងតែនាំគ្នាបំភ្លេចភាសាជាតិយើងអស់ហើយ ។ តែដល់គេមករៀនភាសា ឬក៏និយាយភាសាយើងក៏មានអ្នកដែលរិះគន់ទៀតថា យើងព្រងើយកន្តើយ ហើយធ្វេសប្រហែសបណ្តែតបណ្តោយឲ្យគេមករៀនពីយើងខ្ចេចខ្ទី ។
ដោយឈរនៅលើទស្សនៈអវិជ្ជមានបែបនេះ នៅលើបណ្តាញសង្គម គឺមានក្រុមអគតិជ្រុល ដោយលើកឡើងថា ការដែលយើងរៀនភាសាពីគេ ជាពិសេស គឺភាសាវៀតណាម ឬថៃ ពួកគេលើកឡើងថា សង្គមយើងប្រទេសយើងកំពុងតែបណ្តែតបណ្តោយឲ្យជាតិសាសន៍ខ្លួនក្លាយទៅជាជាតិសាសន៍គេ ខណៈដែលជាតិសាសន៍គេមករៀនពីយើងពួកគេបែរជានាំគ្នារិះគន់ថា គេនឹងមកត្រួតត្រាយើង ។
សូមបញ្ឈប់ទស្សនៈចង្អៀតចង្អល់បែបនេះទៅសម័យនេះ មិនមែនជាសម័យដែលមានទស្សនៈអគតិបែបនេះទៀតឡើយ ។ សម័យនេះ គឺជាសម័យដែលត្រូវការចំណេះ និងជំនាញហើយក៏ដូចជា បទពិសោធន៍ពីគ្នាទៅវិញទៅមក ។ សម័យនេះ លែងជាសម័យអញនិយមទៀតហើយ ជាសម័យដែលត្រូវការបំផុតនូវចំណេះដឹង និងទំនាក់ទំនងរវាងគ្នា និងគ្នា ពោល គឺជាសម័យរៀនសូត្រពីគ្នាទៅវិញទៅមក ។ នៅក្នុងការលើកកម្ពស់ទំនាក់ទំនងបែបនេះប្រសិនបើយើងមិនចេះភាសាតើយើងអាចសិក្សាអាចស្វែងយល់អាចសម្រុះសម្រួលបែបណាពាក់ព័ន្ធនឹងបញ្ហានានានៅតាមបណ្តោយព្រំដែន ។
ការដែលយើងសិក្សាពីភាសាគេ គេរៀនហើយសិក្សាភាសាយើង គឺដើម្បីជំរុញ និងលើកកម្ពស់កម្រិតនៃទំនាក់ទំនងកាន់តែយល់ច្បាស់អំពីគ្នាជៀសវាងការយល់ច្រឡំពីគ្នានាំអោយមានបញ្ហាល្អក់កករនឹងគ្នា ជាពិសេស គឺបញ្ហាជាតិនិយម ។ នៅក្នុងអំឡុងពេលអញ្ជើញជាអធិបតីនៅក្នុងពិធី «សម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ» ក្នុងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការសិក្សាភាសាចំណេះជំនាញពីគ្នានៅក្នុងចំណោមប្រទេសជិតខាង គឺជារឿងធម្មតា ។
សម្តេចធិបតី បានលើកឡើងថា គ្រាន់តែការរៀនភាសា គឺមិនអាចក្លាយទៅជាជាតិសាសន៍មួយបានដោយងាយស្រួលបានឡើយ ហើយបើត្រឹមតែចេះភាសាក៏មិនអាចឲ្យគេមកត្រួតត្រាយើងបានដែរ ។
ជាការពិតរឿងបារម្ភពីការធ្លាក់ខ្លួននៅក្រោមការគ្រប់គ្រង និងត្រួតត្រាពីប្រទេសជិតខាងនេះបានដក់ជាប់នៅក្នុងចិត្តយើងតាំងពីសម័យមុនអាណានិគមនិយមបារាំង នៅពេលដែលខ្មែរយើងមានចំបាំងរាំងជល់រហូតដល់ភាគីនៅក្នុងជម្លោះម្ខាងរត់ទៅពឹងខាងកើត ម្ខាងរត់ទៅពឹងខាងលិច ។ ប៉ុន្តែនោះ គឺជាអ្វីដែលកើតមានឡើង នៅក្នុងសម័យដែលព្រំដែនពិបាកនឹងគ្រប់គ្រងពិតប្រាកដណាស់ ។
នៅសម័យនោះ រឿងភាសាវាអាចជារង្វាស់ដែនអធិបតេយ្យមែន ប៉ុន្តែវាគ្រាន់តែជាជ្រុងមួយទេ គឺនៅមានវប្បធម៌ ប្រពៃណី បែបបទនៃជីវភាពរស់នៅប្រចាំថ្ងៃ នៅមានបញ្ហានយោបាយ សេដ្ឋកិច្ច យោធា ហើយក៏មានប្រវត្តិសាស្ត្រផងដែរ ។ មកដល់សម័យនេះ វារឹតតែពិបាកនឹងអាចទៅរួចណាស់ ដោយសារតែព្រំដែនត្រូវបានកំណត់ និងមានដែនអធិបតេយ្យភាពច្បាស់លាស់ មានការដឹងឭពីសហគមន៍អន្តរជាតិ ។
សរុបទៅការដែលយើងចង់សិក្សាពីគេរៀនសូត្រពីគេដកស្រង់បទពិសោធន៍ពីគេ បើគ្មានភាសាជាស្ពានទេនោះ តើយើងអាចសម្រេចបានផលពីអ្វីដែលយើងចង់បាននោះដោយរបៀបណា?
សូមបើកចិត្តឲ្យទូលំទូលាយ ហើយបញ្ឈប់ទៅទស្សនៈពីមុនមក ។ សម័យនេះ គឺជាសម័យដែលប្រទេសមិនអាចរស់នៅតែឯងបានឡើយ គឺត្រូវបើកចំហរពង្រីកទំនាក់ទំនងពង្រឹងការៀនសូត្រ ។ នៅក្នុងករណីតែយើងរើសអើងរឹងត្អឹងមើលស្រាលពីគេ វា គឺជាកំហុសរបស់យើងខ្លួនឯង ។ សម័យនេះរៀនភាសាណាក៏ដូចជា ភាសាណាដែរ គឺគេលើកទឹកចិត្ត និងគាំទ្រឲ្យរៀនទាំងអស់ ហើយរៀនឲ្យជ្រៅជ្រះ ដើម្បីជាស្ពាននៃទំនាក់ទំនង និងពង្រីកចំណេះដឹង ៕
ចែករំលែកព័តមាននេះ