ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ៖​ កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​ដោយ​ខ្លួន​ឯង ខណៈ​ធ្លាប់តែ​ទទួល​ជំនួយ​ពី​គេ​

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​ដោយ​ខ្លួនឯង ខណៈ​ធ្លាប់តែ​ទទួល​ជំនួយ​ពី​គេ​ពេល​នេះ​…

រាជធានី​ភ្នំពេញ ​៖​ ឯកឧត្តម ប៉ែន បូ​ណា រដ្ឋមន្ត្រី​ប្រតិភូ​ អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ថា កម្ពុជា​ឈរ​កាន់តែ​រឹង​មាំ​ដោយ​ខ្លួនឯង ខណៈ​ធ្លាប់តែ​ទទួល​ជំនួយ​ពី​គេ​ពេល​នេះ​ ក៏​អាច​ចែករំលែក​ជំនួយ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​បាន ​។

ការ​លើក​ឡើងរ​របស់​ឯកឧត្តម ប៉ែន បូ​ណា តាម​រយៈ​វេទិកា​សារព័ត៌មាន​លើក​ទី​៧ របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២៥​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

ឯកឧត្តម ប៉ែន បូ​ណា លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «​កម្ពុជា​លែង​ជា​ប្រទេស​ដ៏​កំសត់​ដ៏​គួរ​ឲ្យ​អាណិត​ដូច​មុន​ទៀត​ហើយ ប៉ុន្តែ​ជា​ប្រទេស​ដ៏​គួរ​ឲ្យ​រាប់អាន​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ធ្វើ​ជា​ដៃគូ កម្ពុជា​ដែល​ពី​មុន​ធ្លាប់​ជា​ប្រទេស​ត្រូវការ​កង​រក្សា​សន្តិភាព និង​អ្នកជំនាញ​ដោះ​គ្រាប់​មីន​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​ពី​បរទេស ឥឡូវ​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​របស់​យើង​ទៅ​ចូលរួម​ថែរក្សា​សន្តិភាព​ក្នុង​ប្រទេស​ជា​ច្រើន​ក្រោម​ឆ​ត្រ​អង្គការសហប្រជាជាតិ​ ។

ឯកឧត្តម​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​អះអាង​ថា កម្ពុជា បច្ចុប្បន្ន បាន​ក្លាយជា​ប្រទេស​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​រស់​រវើក មាន​ស្នាមញញឹម​នៅ​គ្រប់​ទិស​ទី និង​កំពុង​បន្ត​រីក​លូតលាស់​ក្រោម​ម្លប់​សុខ​សន្តិភាព​។ រាជធានី​ភ្នំពេញ​ក្លាយជា​ទីក្រុង​ដ៏​ស្រស់​ឆើតឆាយ​គួរ​ឲ្យ​ទាក់ទាញ មិន​ចាញ់​ប្រទេស​ជិតខាង​ក្នុង​តំបន់​ប៉ុន្មាន​ទេ​។

បើ​តាម​ការ​លើក​ឡើង​របស់ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​ នៅ​លើ​លោក​នេះ ទោះជា​ប្រទេស​មហា​អភិវឌ្ឍន៍​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​មាន​បំណុល ក៏​នៅ​តែ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​។ វា​គឺជា​ប្រព័ន្ធ​របស់​ពិភពលោក​ដែល​ត្រូវ​រស់នៅ​បែប​នេះ​។ យ៉ាងណាមិញ កម្ពុជា ក៏​នៅ​តែ​ត្រូវការ​ជំនួយ ឬ​កម្ចី​ពី​បរទេស​ដើម្បី​យក​មក​កសាង​ប្រទេស ក្នុង​នាម​ជា​ដៃគូ​អភិវឌ្ឍន៍ ជា​រឿង​ធម្មតា​។

ឯកឧត្តម​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី បាន​រំលឹក​ផង​ដែរ​ថា ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ឬ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ធ្ងន់ធ្ងរ​កើតឡើង​នៅ​បណ្តា​ប្រទេស​ជា​មិត្ត រាជរដ្ឋាភិបាល​កម្ពុជា​តែង​ផ្តល់​ជំនួយ​ជា​ថវិកា និង​សម្ភារៈ​ចាំបាច់​នានា ដើម្បី​ជួយ​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ទៅ​ទាម​លទ្ធភាព​ដែល​មាន​។

ក្នុង​ន័យ​នេះ ឯកឧត្តម ប៉ែន បូ​ណា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា មេដឹកនាំ​ខ្មែរ ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ចែករំលែក​បទ​ពិសោធន៍​ដើម្បី​កសាង​សន្តិភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ កម្ពុជា​ក៏​អាច​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​លំដាប់​តំបន់ និង​អន្តរជាតិ​បាន​ដូច​ប្រទេស​ដទៃ​ដែរ​។

ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​ក្នុង​សតវត្សរ៍​ទី​២១ គឺ​កម្ពុជា​ដែល​ឈរ​កាន់តែ​រឹង​មាំ​ង​លើ​ជំហរ​ខ្លួនឯង កម្ពុជា​ដែល​មាន​តួនាទី​កាន់តែ​សំខាន់ និង​រស់​រវើក​លើ​នយោបាយ​ការទូត កម្ពុជា​បាន​និង​កំពុង​តែ​លើក​ស្ទួយ​កិត្យានុភាព​ជាតិ​តាម​រយៈ​ការ​ដាក់​ចេញ​ចក្ខុវិស័យ​ឆ្នាំ២០៥០ ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ដើម្បី​ជ្រោង​ទង់​មោទនភាព​ជាតិខ្មែរ​ឲ្យ​កាន់តែ​ខ្ពស់​ត្រ​ដែល​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ