ខេត្តស្វាយរៀង ៖ នៅរសៀលថ្ងៃនេះ មេឃងងឹតធ្លាក់ភ្លៀងរលឹម លាយឡំផ្គរគ្រហឹម រន្ទះបាញ់ចំសត្វក្របីងាប់អស់០២ក្បាល នៅកណ្តាលវាលស្រែ ខណៈក្របីកំពុងដើរស៊ីស្មៅនៅវាលស្រែ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោ៤និង១០នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅភូមិបុសស្វាយ ឃុំបុសមន ស្រុករំដួល ។
បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញហ្វូងក្របី ដើរស៊ីស្មៅ នៅក្នុងវាលស្រែ បន្ទាប់មក ដុំពពកចាប់ផ្តើមមានពណ៌ខ្មៅ លាយឡំខ្យល់កន្ត្រាក់ ក៏មានភ្លៀងរលឹម លាយឡំផ្គរ រន្ទះ ឮគ្រហឹមគួរឲ្យខ្លាច ស្រាប់តែប្រជាពលរដ្ឋទៅកៀងក្របីត្រឡប់មកផ្ទះ បានឃើញក្របីចំនួន២ក្បាល ត្រូវរន្ទះបាញ់ បណ្តាលឲ្យងាប់នៅកណ្តាលវាលស្រែ ក៏ប្រញាប់ប្រញាលដេញក្របីត្រឡប់មកផ្ទះវិញ ចំណែកក្របី ២ក្បាលនោះ មិនដឹងថា ជាក្របីអ្នកណានោះទេ ។
ក្រោយពីដេញក្របីចូលក្រោលរួច ក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីប្រកាសរកម្ចាស់ក្របី បើអ្នកណាបាត់ក្របី សូមឲ្យទៅរកមើលក្របីងាប់២ក្បាលនោះ នៅក្នុងវាលស្រែ ក្នុងភូមិបុសស្វាយ ៕

ចែករំលែកព័តមាននេះ