ខេត្តប៉ៃលិន ៖ រឿងគ្រោះថ្នាក់ចរាចរណ៍ ដោយសារនិស្សិតស្រីម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន និងវ៉ាជែង ដោយការធ្វេសប្រហែស ជ្រុលទៅបុកចំពីមុខរថយន្តកំពុងបើកបញ្ច្រាសទិសគ្នា បណ្តាលអោយស្លា.ប់នៅនឹងកន្លែង កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ហើយបងប្អូនខាងភាគីម៉ូតូបានបន្តដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីទាមទារសំណង៥,០០០ដុល្លា។ រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ត្រូវបានបញ្ចប់ ដោយមានការយោគយល់ និងឯកភាពគ្នា ទទួលស្គាល់កំហុសទាំងសងខាង និងភាពពេញចិត្ត ក្រោមការសម្របសម្រួលពីលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយលើកយកគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ គឺឈ្នះទាំងអស់គ្នា ដោយគ្មានការបង្ខិតបង្ខំពីអាជ្ញាធរ សមត្ថកិច្ច ឬនរណាម្នាក់ឡើយ ។
ជាមួយគ្នានេះដែរ លោកជំទាវ អភិបាលខេត្ត បានណែនាំដល់បងប្អូនកូនក្មួយទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ អោយបានខ្ជាប់ខ្ជួនទាំងម៉ូតូទាំងរថយន្ត ត្រូវបើកបរតាមល្បឿនកំណត់ កុំបើកលឿនពេក នាំអោយគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ និងខ្លួនឯង ។
លោកជំទាវ ក៏សូមចូលរួមសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារស.ព ដែលជានិស្សិត និងខាងភាគីរថយន្តផងដែរ។ លោកជំទាវ បានឧបត្ថម្ភថវិកាដល់ភាគីទាំងសងខាង ក្នុងម្នាក់ៗ ៤លានរៀល ។
សូមជំរាបថា កន្លងមក ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដោយសារសិស្សនិស្សិតជិះម៉ូតូទៅសិក្សាបន្ត នៅឯខេត្តបាត់ដំបង លោកជំទាវអភិបាលខេត្ត បានផ្តល់រថយន្តក្រុង ១០គ្រឿង ដើម្បីដឹកសិស្សនិស្សិតទៅមក ជារៀងរាល់ថ្ងៃចុងសប្តាហ៍ ដោយមិនគិតថ្លៃឡើយ ដូចនេះសូមបងប្អូនកូនក្មួយ បន្តជិះរថយន្តក្រុងនេះ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
សូមជម្រាបដែរថា ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចេញមកបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តបណ្ដាលឱ្យភាគីម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិត។ អ្នកជំនាញបានវាស់វែងឃើញថា ភាគីម៉ូតូជាអ្នកបង្ក ឡើងវ៉ាជែងរថយន្តដែលកំពុងបើកបរទិសដៅស្របគ្នាទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាសទិសគ្នា។ ករណីនេះភាគីខាងរថយន្តរងគ្រោះជួយចូលបុណ្យទៅភាគីខាងម៉ូតូបង្កចំនួន ៤លានរៀល និងធ្វើកិច្ចសន្យាបញ្ចប់រឿង ។
ក្រោយមកគ្រួសារភាគីខាងម៉ូតូបង្ កបានមកទាមទារទឹកប្រាក់ចំនួន៥,០០០ដុល្លារទៀត ទើបយល់ព្រម។ ដោយនៅតែមិនមានការព្រមព្រៀង មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ។
រំលឹកប្រសាសន៍របស់លោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កាលពីពេលកន្លងទៅ បានបញ្ជាក់ថា ក្នុងការកំណត់ថាអ្នកណាខុសអ្នកណាត្រូវ ត្រូវតែពិនិត្យទៅតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ មិនប្រាកដថាពេលខ្លះអ្នកថ្មើជើង អ្នកជិះម៉ូតូសុទ្ធតែជាអ្នកត្រូវទេ ហើយភាគីឡានសុទ្ធតែជាអ្នកខុសទេ។ ពោលខុសឬត្រូវ ត្រូវផ្អែកលើអង្គហេតុនិងអង្គច្បាប់ ៕






ចែករំលែកព័តមាននេះ