ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា ​គាំទ្រ​ពេញទំហឹង​ចំពោះ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ជួប​វិបត្ដិ​នានា

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធាន​រដ្ឋ​បាន​ប្រកាស​គាំទ្រ​ពេញទំហឹង ​ចំពោះ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ​ដែល​បាន​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ជួប​វិបត្ដិ​នានា និង​បាន​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ។…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធាន​រដ្ឋ​បាន​ប្រកាស​គាំទ្រ​ពេញទំហឹង ​ចំពោះ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល ​ដែល​បាន​រួមចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ពេល​ជួប​វិបត្ដិ​នានា និង​បាន​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ។

ការ​លើក​ឡើង​របស់​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បែប​នេះ នៅ​ក្នុង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​វេទិកា​ផ្សព្វផ្សាយ​ស្តី​ពី «​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា» នៅ​វិមាន​រដ្ឋសភា ​នា​ព្រឹក​ថ្ងៃ​ទី១៩ ខែឧសភា ឆ្នាំ២០២៥ ​។

សម្តេច​ប្រធាន​ បាន​លើក​ឡើង​ថា ប្រព័ន្ធ​គាំពារ​សង្គម បាន​រួមចំណែក​ដ៏​សំខាន់​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​សិប​លាន​នាក់ ក្នុង​ពេល​ជួប​វិបត្ដិ​នានា​ជាយថាហេតុ​។ ជាមួយ​គ្នា​នេះ​ ប្រព័ន្ធ​គាំពារ​សង្គម បាន​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ជា​ពិសេស​ធានា​ការ​គាំពារ​ផ្នែក​ថែទាំ​សុខភាព ចាប់តាំងពី​ពេល​ចាប់កំណើត​រហូត​ដល់​ទទួលមរណភាព ដែល​អាច​កំណត់​ថា​ជា “​អភិក្រម​នៃ​វដ្ត​ជីវិត​” ដែល​មាន​បណ្ដុំ​ហានិភ័យ​តាម​ដំណាក់កាល​ចំនួន ៧ រួម​មាន មាតុភាព និង​ហានិភ័យ​កុមារភាព​, ហានិភ័យ​សុខភាព​, ហានិភ័យ​ការងារ​, ពិការ​ភាព​, និកម្មភាព​, ភាព​គ្មាន​ជម្រក​និង​ជរាភាព និង​ឧត្ដរ​ជីវី ​។

សម្តេច​ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្រប់​នីតិកាល ជា​ពិសេស​ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា តែងតែ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​លើ​មូលធន​មនុស្ស ដោយ​កំណត់​យក “​មនុស្ស​” ជា​គោលដៅ​អាទិភាព សម្រាប់​ការ​អភិវឌ្ឍ​ជាតិ ដោយ​បន្ត​លើកកម្ពស់​ការ​អភិវឌ្ឍ​មូលធន​មនុស្ស និង​សុខុមាលភាព​របស់​ពលរដ្ឋ តាម​រយៈ​ការ​បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ចីរភាព ដើម្បី​ផ្តល់​ការ​គាំពារ​ដល់​ពលរដ្ឋ​ពេញ​មួយ​ជីវិត​។ ប្រព័ន្ធ​គាំពារ​សង្គម មិន​ត្រឹម​ជា​សំណាញ់​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ក្បាលម៉ាស៊ីន នៃ​សមធម៌​សង្គម និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច ​។

ក្នុង​នាម​រដ្ឋសភា​និង​ជា​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​គូសបញ្ជាក់​ថា រដ្ឋសភា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គោលនយោបាយ​ប្រព័ន្ធ​គាំពារ​សង្គម ហើយ​រដ្ឋសភា​នឹង​បន្ត​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​កិច្ចសហការ និង​គាំទ្រ ដើម្បី​ធានា​ថា​ប្រព័ន្ធ​នេះ​សម្រេច​បាន នូវ​សក្តានុពល​ពេញលេញ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​គ្រប់​រូប​និង​គ្រប់​មជ្ឈដ្ឋាន​។

ប្រព័ន្ធ​គាំទ្រ​សង្គម​នៅ​កម្ពុជា​មាន​ប្រវត្តិ​ជា​យូរលង់​មក​ហើយ​។ ក្នុង​យុគសម័យ​នៃ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​ច្បាស់លាស់ វែង​ឆ្ងាយ និង​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី រាជរដ្ឋាភិបាល​កម្ពុជា​បាន​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ តាម​រយៈ ការ​រៀបចំ​តាក់តែង​ច្បាប់ កម្មវិធី​នយោបាយ យុទ្ធសាស្ត្រ និង​គោលនយោបាយ​នានា​ជា​ច្រើន​។ ក្នុង​ឆ្នាំ​២០១៩ ក្រោយ​ពី “​ច្បាប់​ស្ដី​ពី​របប​សន្ដិសុខ​សង្គម​ថ្មី​” ត្រូវ​បាន​រដ្ឋសភា​អនុម័ត ការ​គាំពារ​សង្គម​បាន​វិ​វត្ត និង​រីក​ចម្រើន​យ៉ាង​ខ្លាំង ជា​ពិសេស​លើ​វិសាលភាព​គ្របដណ្តប់​នៃ​សេវា ដោយ​បាន​ពង្រីក​ការ​អនុវត្ត​លើ​វិស័យ​ឯកជន រហូត​គ្របដណ្តប់​លើ​វិស័យ​សាធារណៈ​នៅ​ឆ្នាំ​២០២៤ ដោយ​ពង្រីក​វិសាលភាព​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព​ ។

ក្នុង​នាម​ជា​តំណាងរាស្ត្រ និង​ជា​តំណាង​ឱ្យ​ប្រជាជន​កម្ពុជា​ទាំងមូល សម្តេច​រដ្ឋសភាធិបតី បាន​ថ្លែង អំណរ​គុណ និង​ដឹងគុណ​ជា​អនេកប្បការ​ចំពោះ សម្តេច​តេ​ជោ ហ៊ុន សែន ដែល​មិន​ត្រឹមតែ​បាន​តស៊ូ លះបង់ និង​រំដោះប្រទេស​ជាតិ​ឱ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ថែម​ទាំង​បានការ​ពារ កសាង និង​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​ជឿនលឿន រហូត​បច្ចុប្បន្ន ជា​ពិសេស​តែង​គិតគូរ​និង​យកចិត្ត​ទុក​ខ្ពស់​ចំពោះ​សុខុមាលភាព វិបុលភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន​គ្រប់​រូប​។

ជាមួយ​គ្នា​នេះ សម្តេច​ប្រធានរដ្ឋសភា ក៏​បាន​ថ្លែង​ការ​នូវ​ការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​ជា​ថ្នាក់ដឹកនាំ​វ័យក្មេង ប្រកបដោយ​ថាមពល​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ និង​ចក្ខុវិស័យ​វែង​ឆ្ងាយ ដែល​បាន​ដាក់​ចេញ នូវ​ទិស​ដៅ «​កសាង​ប្រព័ន្ធ​គាំពារ​សង្គម​ប្រកបដោយ​បរិ​យា​បន្ន ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ​» ហើយ​បាន​ប្តេជ្ញា​បន្ត​អនុវត្ត ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម​នេះ​ឱ្យ​កាន់តែ​ប្រសើរ និង​ទូលំទូលាយ​ថែម​ទៀត ដោយ «​មិន​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល​» ក្រោម​ពាក្យស្លោក “​មាន​បេឡា​សន្តិសុខ​សង្គម ឬ ប​.​ស​.​ស មានការ​គាំពារ​គ្រប់ពេលវេលា​”​។

សម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល ដែល​មាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ជា​សេនាធិការ​ដឹកនាំ ការ​អភិវឌ្ឍ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​សម្រេច នូវ​សមិទ្ធផល​ជា​ច្រើន ជា​ពិសេស​ការ​ជួយ​ទប់ស្កាត់​ភាព​ក្រីក្រ និង​ងាយ​រង​គ្រោះ​ពី​ការ​ធ្លាក់​ចូល ក្នុង​ភាព​ក្រីក្រ​កាន់តែ​ខ្លាំង​ក្នុង​អំឡុង​វិបត្តិ​ធំ​ៗ នា​ពេល​កន្លង​មក រួម​មាន​វិបត្តិ​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ សម្ពាធ​អតិផរណា និង​គ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ ជាដើម​។ សមិទ្ធផល​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​កាន់តែ​មាន​ភាព​ធន់​រឹង​មាំ មាន​សមាហរណកម្ម ប្រសិទ្ធភាព និង​វិសាលភាព​កាន់តែ​ទូលំទូលាយ​ជាង​មុន​។

សូម​ជម្រាប​ថា នៅ​ក្នុង​វេទិកា​ផ្សព្វផ្សាយ ស្តី​ពី «​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​ប្រទេស​កម្ពុជា » បាន​បង្ហាញ​ពី សមិទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ពី​ជោគជ័យ​ប្រព័ន្ធ​គាំពារ​សង្គម ដែល​សម្រេច​បាន​នៅ​ក្នុង​នោះ​រាជរដ្ឋាភិបាល បាន​ពង្រីក​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​គ្របដណ្តប់​លើ​កម្លាំង​ពលកម្ម សំខាន់​ៗ ដោយ​ការ​ចាប់ផ្តើម​ជាមួយនឹង​គម្រោង​ហានិភ័យ​ការងារ​ក្នុង​ឆ្នាំ​២០០៨ និង​ពង្រីក​ដល់​ការ​ថែទាំ​សុខភាព​នៅ​ឆ្នាំ​២០១៦​។ គិត​ត្រឹម​ឆ្នាំ ២០២៤ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​មាន ៣៨ ទីតាំង និង​មាន​បុគ្គលិក​ជាង ២ ២៨៥ នាក់​។ រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យ​ដំណើរការ​គម្រោង​ប្រាក់​សោធន​និវត្តន៍ ចាប់ផ្តើម​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០២២ ដោយ​ផ្តល់​សន្តិសុខ​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ចូល​និវត្តន៍ ដោយ​ប្រាក់​ទទួល​បាន​ចាប់ផ្តើម​ពី ២ ៦០០ រៀល​ក្នុង​មួយ​ខែ ជាមួយ​ការ​ទូទាត់​ពីរ​ដង​ក្នុង​មួយ​ខែ​។

សមិទ្ធផល​សំខាន់​ៗ​ផ្សេង​ទៀត​អំពី​ប្រព័ន្ធ​គាំពារ​សង្គម​មាន​ដូច​ជា ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង នូវ​ការ​គ្របដណ្តប់​លើ​ការ​ថែទាំ​សុខភាព រួម​មាន មូលដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​មាន​ចំនួន ១ ៥៩៦ នៅ​ទូ​ទាំង ២៥ រាជធានី ខេត្ត ដែល​ធានា​លទ្ធភាព​ផ្ដល់​សេវា​វេជ្ជសាស្ត្រ សម្រាប់​សមាជិក​។ នៅ​ឆ្នាំ​២០២៤ សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ប្រើប្រាស់​សេវា​ថែទាំ​សុខភាព​ប្រមាណ ៧,៧៧ លាន​ដង ដែល​ស្មើនឹង​ការ​ចំណាយ​ប្រហែល ១៦២.៥៥ លាន​ដុល្លារ​។ ការ​ពង្រឹង​ការ​គាំទ្រ​សម្រាប់​មាតា​និង​ទារក គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៥ មាតា​ចំនួន ៦៤០ ០០០​នាក់ និង​ទារក​ចំនួន ៦៦០ ០០០​នាក់ បាន​ទទួល​អត្ថប្រយោជន៍​ពី​គម្រោង​នេះ ជាមួយនឹង​ការ​ផ្តល់​ថវិកា​សរុប​ចំនួន ៣៣០ ពាន់​លាន​រៀល​។

កម្មវិធី​កញ្ចប់​គ្រួ​សារបាន​ផ្តល់​ជំនួយ​ជា​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ប្រមាណ ១,១​លាន​នាក់ ដែល​ជា​គ្រួសារ​សមាជិក ប​.​ស​.​ស និង មូលនិធិ​សមធម៌​។ គិត​ត្រឹម​ខែមករា ឆ្នាំ​២០២៥ អត្ថប្រយោជន៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ក៏​ត្រូវ​បាន​ពង្រីក ដោយ​រួម​បញ្ចូល​ប៉ូ​លី​ស​ស្ត្រី និង​មន្ត្រី​ពន្ធនាគារ​ផង​ដែរ​។ បាន​អនុវត្ត​ការ​ពិចារណា​ជា​ពិសេស​សម្រាប់​កម្មករ​មាន​ផ្ទៃពោះ​។ គោលការណ៍​ទាំងនេះ​ផ្តល់​នូវ​ការ​ឈប់​សម្រាក​បន្ថែម ការ​ឈប់​សម្រាកលំហែ​មាតុភាព​ជាមួយនឹង​ប្រាក់បៀវត្សរ៍ ១២០% និង​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការ​ថែទាំ​មុន​ពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល ព្រមទាំង​ហាមឃាត់​យ៉ាង​តឹងរ៉ឹង​នូវ​ការ​រើសអើង​។ កម្មវិធី​ជំនួយ​សង្គម បាន​អនុវត្ត​ក្នុងអំឡុងពេល​ជំងឺ​រាតត្បាត​កូ​វីត ១៩ និង​អំឡុង​ពេល​នៃ​អតិផរណា រាជរដ្ឋាភិបាល​បាន​អនុវត្ត​កម្មវិធី​ផ្ទេរ​សាច់ប្រាក់​ដើម្បី​គាំទ្រ​ដល់​គ្រួសារ​ដែល​ងាយ​រង​គ្រោះ​។

ចំណែក​កម្មវិធី​ជំនួយ​សង្គម​ជាតិ (​កញ្ចប់​គ្រួសារ​) បាន​ចាប់ផ្តើម​នៅ​ខែមេសា ឆ្នាំ​២០២៤ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រួសារ​ប្រមាណ ៧០០ ០០០ ដែល​មាន​ប័ណ្ណ​សមធម៌ ដោយ​រួម​បញ្ចូល​ជំនួយ​សង្គម​ផ្សេង​ៗ រួម​ទាំង​ការ​គាំទ្រ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ សិស្ស និស្សិត ជន​ពិការ និង​មនុស្ស​ចាស់​។ គិតដល់​ត្រឹម​ចុងឆ្នាំ ២០២៤ កម្មវិធី​ជំនួយ​សង្គម​ជាតិ​បាន​ពង្រីក​ដល់ ៨ កម្មវិធី​គ្របដណ្តប់ ១,២​លាន​គ្រួសារ ដែល​មាន​សមាជិក​ជាង ៤,៨ លាន​នាក់ ​។

សូម​ជម្រាប​ថា តាម​របាយការណ៍​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ប្រជាជន​ចំនួន ២ ៧៧៦ ១៩២​នាក់ (​ប្រហែល ២០%) នៃ​ចំនួន​ប្រជាជន​សរុប​គឺ ជា​សមាជិក​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៅ​ក្នុង​នោះ ២ ១០១ ៧៩៨ នាក់ គឺជា​បុគ្គលិក​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រព័ន្ធ ហើយ ៤៩៩ ៩៧៩ នាក់ គឺជា​មន្ត្រីរាជការ អតីតមន្ត្រី​រាជការ និង​អតីត​យុទ្ធ​ជន ហើយ ១៧៤ ៤១៥ គឺជា​សមាជិក​ក្នុង​បន្ទុកគ្រួសារ​។ ទឹកប្រាក់​ប្រមាណ ១ ១៤០ ពាន់​លាន​រៀល (​ប្រមាណ ២៨៥ លាន​ដុល្លារ​) បាន​បែងចែក​ទៅ​ដល់​កម្មវិធី​ជំនួយ​សង្គម និង ២ ២៩៧ ពាន់​លាន​រៀល (​ប្រមាណ ៥៧៤ លាន​ដុល្លារ​អា​មេ​រិ​ក​) ទៀត​សម្រាប់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ