ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ខែ​ ​ក្រសួង​ព័ត៌មាន​រក​ឃើញព័ត៌មាន​ក្លែងក្លាយ​ ជិត​៩០០​ករណី

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ (៣​ខែ​) ​នៃ​ឆ្នាំ​២០២៥ គណៈកម្មការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រសួង​ព័ត៌មាន បាន​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ​៨៨៤​ករណី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ​បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រីមាស​ទី​១ (៣​ខែ​) ​នៃ​ឆ្នាំ​២០២៥ គណៈកម្មការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រសួង​ព័ត៌មាន បាន​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​ចំនួន ​៨៨៤​ករណី ។ ដោយសារ​តែ​ការ​រក​ឃើញ ​នូវ​ករណី​ព័ត៌មាន​ក្លែងក្លាយ​នេះ
លោក ទេព អ​ស្នា​រិ​ទ្ធ អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​រូប​នេះ​ បាន​អំពាវនាវ​ជា​ថ្មី​ឲ្យ​សាធារណជន ​បន្ត​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ ។

បើ​តាម​ខ្លឹមសារ​របស់​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ នា​ថ្ងៃ​១៩ ឧសភា ២០២៥នេះ បាន​លើក​ឡើង​ថា ​ក្នុង​ស្ថានភាព ​ដែល​បាន​រក​ឃើញ​ព័ត៌មាន​ក្លែងក្លាយ​ជិត​៩០០​ករណី​នេះ អ្នកនាំពាក្យ​ផ្ញើ​សារ​ដាស់តឿន​ទៅ​ដល់ យុវជន ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់ និង​អ្នក​ផលិត​មាតិកា​បណ្តាញ​សង្គម​នានា គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ឥទ្ធិពល​អវិជ្ជមាន​ ដែល​បង្ក​ឡើង​ដោយ​ការ​បង្កើត ការ​ចែកចាយ​ព័ត៌មាន​នៅ​លើ​បណ្តាញ​សង្គម និង​ឥទ្ធិពល​អាក្រក់ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​បណ្តាញ​សង្គម គ្មាន​ការ​ទទួលខុសត្រូវការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ គ្មាន​វិជ្ជាជីវៈ និង​គ្មាន​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ ។

លោក​បាន​បញ្ជាក់​ថា ​៖ “​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ យុវជន​ទាំងអស់ សូម​ធ្វើ​ជា​ពលរដ្ឋ​ឌី​ជី​ថ​ល​ល្អ​នៅ​ថ្ងៃនេះ​ និង​នៅ​ថ្ងៃ​មុខ កុំ​បង្កើត កុំ​ចែកចាយ ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុលសង្គម រាប់​ទាំង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​ដោយ​បច្ចេកវិទ្យា​សិប្បនិម្មិត (AI )” ​។

លោក​បាន​បន្ត​ថា ត្រូវ​ផ្ទៀងផ្ទាត់​រាល់​ព័ត៌មាន ​ដែល​ទទួល​បាន ជា​ពិសេស​ព័ត៌មាន​ពី​បណ្តាញ​សង្គម​នានា ដើម្បី​ទាំងអស់​គ្នា​ចូលរួម​ទប់ស្កាត់ ឈាន​ទៅ​បញ្ចប់​នូវ​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ការពារ​ខ្លួន គ្រួសារ និង​សង្គម​ជាតិ ។

អ្នកនាំពាក្យ​បន្ថែម​ថា គ្រប់​ប្រភេទ​ នៃ​ព័ត៌មាន​ក្លែងក្លាយ​ គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​អវិជ្ជមាន មក​លើ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​នយោបាយ ពោល​គឺ​ព័ត៌មាន​ក្លែងក្លាយ​ អាច​បង្ក​អ​ស្ថិរភាព បង្កើត​ឲ្យ​មាន​អំពើ​ហិង្សា ដែល​បណ្តាល​ឲ្យ​កើត​មាន​អរិយ​ភាព​ក្នុង​សង្គម ប្រជាពលរដ្ឋ​បាត់​ទំនុកចិត្ត​មក​លើ​ថ្នាក់ដឹកនាំ ហើយ​អាច​ឲ្យ​សង្គម​បែកបាក់​សាមគ្គីភាព​ព្រមទាំង បង្ក​ព្យសនកម្ម និង​មហន្តរាយ​ដែល​មិន​អាច​នឹក​ស្មាន​ដល់​ ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០២៤ គណៈកម្មការ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​របស់​ក្រសួង​បាន​កត់ត្រា​ ព័ត៌មាន​ក្លែងក្លាយ​សរុប ចំនួន ៣,៦៥១ករណី ​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ កាលពី​ថ្ងៃ​១ មេ​សា ក្រសួង​ព័ត៌មាន បាន​បើក​យុទ្ធនាការ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ក្រោម​ប្រធានបទ «​និយាយ​ថា​ទេ ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​» ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយ​ព័ត៌មាន​ក្លែងក្លាយ​មក​នូវ​កម្រិត​អប្បបរមា និង​ឈាន​ទៅ​លុប​បំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​ពី​លំហ​ក្នុង​សង្គម​កម្ពុជា សំដៅ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ព័ត៌មាន​នៅ​កម្ពុជា ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ