ខេត្តចន្ទបុរី ៖ កសិករដាំផ្លែឈើនៅក្នុងខេត្តចន្ទបុរី ឬចន្ថាបូរី (Chanthaburi) ភាគខាងកើតប្រទេសថៃ បានជំរុញនាយករដ្ឋមន្ត្រី អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ជ្រើសរើសយកតារាចម្រៀងកូរ៉េ K-pop ដើមកំណើតថៃ កញ្ញា ឡាលីសា ម៉ាណូបាល (Lalisa Manobal) របស់ក្រុមចម្រៀង Blackpink ដែលពិភពលោកស្គាល់ច្បាស់ថា លីសា (Lisa) នៅក្នុងយុទ្ធនាការផ្សព្វផ្សាយផ្លែឈើថៃ ដើម្បីជំរុញការលក់ទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើយោងតាមប្រភពពីកាសែតបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃទៅកាន់ខេត្តចន្ទបុរី កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានជួបជាមួយកសិករដាំផ្លែឈើ និងសហគ្រិនមកពីតំបន់ភាគខាងកើត ដែលបានលើកឡើងពីការព្រួយបារម្ភខ្លាំង រួមទាំងការកើនឡើងថ្លៃដើមនៃផលិតកម្ម ការពន្យារពេលនាំចេញ និងកង្វះកម្លាំងពលកម្ម។ បណ្តាកសិករ និងសហគ្រិនបានផ្តោតសំខាន់លើវិធីដែលរដ្ឋាភិបាលថៃអាចជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយសំណើដ៏លេចធ្លោមួយ គឺការអញ្ជើញកញ្ញា Lisa ឱ្យដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីផ្លែឈើថៃ។ កសិករជឿថា ឥទ្ធិពលអន្តរជាតិរបស់នាងអាចជួយពង្រីកការនាំចេញផ្លែឈើថៃទៅកាន់ទីផ្សារថ្មី ជាពិសេសលើសពីប្រទេសចិន។
ការផ្លាស់ប្តូរនេះ ត្រូវបានរំពឹងថានឹងជំរុញការនាំចេញផ្លែឈើថៃដល់៥០០ពាន់លានបាត ឬស្មើ ១៥ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ពោលកើនឡើងពី ២០០ ទៅ ៣០០ពាន់លានបាត នាពេលបច្ចុប្បន្ននេះ។ កសិករក៏បានអំពាវនាវឱ្យដំណើរការគយលឿនជាងមុននៅច្រកព្រំដែន ដែលបច្ចុប្បន្នការនាំចេញប្រឈមនឹងការពន្យារពេលដល់១២ថ្ងៃឯណោះ។ ពួកគេក៏បានស្វែងរកបទប្បញ្ញត្តិច្បាស់លាស់បន្ថែមទៀត ដើម្បីទប់ស្កាត់ការប្រមូលផលផ្លែទុរេនមិនគ្រប់ខែ ដែលប៉ះពាល់ដល់ទាំងទម្ងន់ និងគុណភាព។ ទន្ទឹមនឹងនេះ កសិករក៏បានជំរុញឱ្យក្រសួងកសិកម្ម និងអាជ្ញាធរខេត្តអនុវត្តគោលការណ៍ណែនាំតឹងរ៉ឹងលើបញ្ហានេះ។
ពាក់ព័ន្ធកង្វះកម្លាំងពលកម្មជាកង្វល់ធំមួយផ្សេងទៀត កសិករបានសុំពន្យារការអនុញ្ញាតការងារសម្រាប់ពលករចំណាកស្រុក និងអនុញ្ញាតឱ្យពួកគេផ្លាស់ទីរវាងតាមខេត្តនានាសម្រាប់ការងារ។ កសិករក៏បានស្វែងរកមូលនិធិសំណងចំនួន៣លានដុល្លារសម្រាប់កសិករដាំទុរេន និងអ្នកស្រុកដែលរងផលប៉ះពាល់ដោយការលុកលុយពីសត្វដំរីព្រៃ។
ជាការឆ្លើយតប អ្នកស្រី ផែថងថាន បានថ្លែងថា រដ្ឋាភិបាលកំពុងធ្វើការជាមួយក្រុមហ៊ុននានា ដើម្បីទិញផលិតផលលើស និងកាត់បន្ថយកាកសំណល់។ អ្នកស្រីក៏បានសន្យាថានឹងពន្លឿននីតិវិធីនាំចេញ និងបានគូសបញ្ជាក់ថា ក្រសួងការងារត្រូវបានណែនាំ ដើម្បីដោះស្រាយកង្វះកម្លាំងពលកម្មក្នុងវិស័យកសិកម្ម។ អ្នកស្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីកែលម្អគុណភាពផលិតផល និងការប្រកួតប្រជែង។ អ្នកស្រីបានបន្ថែមចុងក្រោយថា គណៈរដ្ឋមន្ត្រីកំពុងធ្វើការលើការលើកកម្ពស់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍លើប្រភេទនាំចេញសំខាន់ៗមួយចំនួនផងដែរ៕ ប្រភព ៖ Bangkok Post




ចែករំលែកព័តមាននេះ