ទីក្រុងវ៉ាស៊ីនតោន៖ បន្ទាប់ពីលេចឮដំណឹងថាលោកត្រាំត្រៀមនិយាយទូរស័ព្ទទៅលោកពូទីននៅរាត្រីថ្ងៃចន្ទ ថ្នាក់ដឹកនាំប្រទេសធំៗនៅទ្វីបអឺរ៉ុបក៏កំពុងស្វះស្វែងរកការហៅទូរស័ព្ទទៅលោកត្រាំមុនមានការសន្ទនាគ្នានោះ។ ប្រភពខ្លះបង្ហើបឱ្យដឹងថានៅក្នុងចំណោមថ្នាក់ដឹកនាំទាំងនោះក៏មានអង់គ្លេស, បារាំង និងប៉ូឡូញផងដែរ។
អធិការបតីអាល្លឺម៉ង់ លោកមើស (Merz) ថ្លែងថាលោកបានពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ាកូ រូប៊ីអូ (Marco Rubio) នៅពេលលោកទាំង២ចូលរួមពិធីស្បថចូលកាន់តំណែងរបស់សម្ដេចសង្ឃឡេអូទី១៤នៅបុរីវ៉ាទីកង់។ លោកមើសថ្លែងបន្តទៀតថាលោកក៏បានពិភាក្សាគ្នាពិស្ដារជាមួយប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី នៅបុរីវ៉ាទីកង់ផងដែរ។
លោកមើសថ្លែងថាលោកបាននិយាយជាមួយលោករូប៊ីអូអំពីផែនការនិយាយទូរស័ព្ទរវាងលោកត្រាំ និងលោកពូទីន។ លោកទាំង២ឯកភាពគ្នាថានឹងនិយាយគ្នាម្ដងទៀតជាមួយថ្នាក់ដឹកនាំអឺរ៉ុបទាំង៤នាក់មុនពេលលោកត្រាំ និងលោកពូទីនសន្ទនាគ្នាតាមទូរស័ព្ទ។ នៅក្នុងព្រឹត្តិការណ៍ដាច់ដោយឡែកមួយទៀត អឺរ៉ុបកំពុងប្រឈមនឹងបញ្ហាពិបាក។
ឥឡូវនេះ អ្វីដែលអឺរ៉ុបធ្លាប់បានគូសវាសត្រួសៗនៅក្នុងផែនការអនាគតរបស់ខ្លួនក្រោយពេលចប់សង្គ្រាមអ៊ុយក្រែននោះស្ថិតនៅជាផែនការដដែលទេ។ មានន័យថាត្រូវទុកមួយឡែកសិន។ បញ្ហានៅចំពោះមុខគឺការខិតខំបញ្ចុះបញ្ចូលឱ្យរុស្ស៊ីទទួលយកបទឈប់បាញ់ដ៏ពេញលេញ ដោយឥតលក្ខខណ្ឌ និងជាបន្ទាន់រយៈពេល៣០ថ្ងៃជាមុនសិន។ អធិការបតីអាល្លឺម៉ង់ លោកមើស និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រីមេឡូនី (Melini) ថ្លែងថាអឺរ៉ុបកំពុងផ្ដោតសំខាន់ទៅលើរឿងនេះ។
ដូច្នេះ ផែនការចង់បញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែនក្នុងនាមជាអ្នកឃ្លាំមើលបទឈប់បាញ់នោះពិតជាមិនទាន់ទៅរួចទេនៅពេលនេះទេ។ លោកមើសក៏ទទួលស្គាល់ត្រង់ចំណុចនេះផងដែរ។ លោកថាយើងមិនត្រូវការជជែកគ្នាអំពីបញ្ហានេះទេ (ផែនការបញ្ជូនទ័ព)។ រឿងនេះនៅវែងឆ្ងាយតទៅទៀត។ អ្វីដែលសំខាន់លោកចង់ឃើញភាគីទាំង២បញ្ឈប់ការផ្ទុះអាវុធទាំងស្រុង និងបញ្ឈប់ការកាប់សម្លាប់ដ៏បង្ហូរឈាមគ្នាតទៅទៀត។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ