ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលក្រើនរំលឹកឲ្យពលរដ្ឋចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីការពារជំងឺបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី JN.1

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ការពារ​ជា​មុន​នូវ​ភាព​ឈឺ​ធ្ងន់ធ្ងរ បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ការពារ​ជា​មុន​នូវ​ភាព​ឈឺ​ធ្ងន់ធ្ងរ បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ហើយ​ការ​ចាក់​វ៉ាក់សាំង​មាននៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ តាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥​។

យោង​តាម​រយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​លោក​ជំទាវ ឱ វណ្ណ​ឌី​ន នា​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២៤ លោកស្រី រដ្ឋលេខាធិការ បានឱ្យ​ដឹង​ថា ដោយសារ​ស្ថានភាព​កើត​មានការ​ឆ្លង​ឡើង​វិញ​នូវ​វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី ពិសេស​ពួក​ជេ​អ៊ិ​ន​.១ (JN.1) ដែល​កំពុង​តែ​ចរាចរ​នៅ​តាម​បណ្តា​ប្រទេស​ជិតខាង​កម្ពុជា និង​នៅ​តាម​តំបន់​នៅ​លើ​ពិភពលោក ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួច​ហើយ ស្តី​ពី​«​ការ​បង្កើន​ការ​ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩» ដូច្នេះ ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន​ពី​ការ​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដែល​អាច​មាន​ផល​ប៉ះពាល់​សុខភាព​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​ជន​ដែល​ងាយ​រង​គ្រោះ​ដូច​ជា ជន​វ័យចាស់ ចាស់ជរា អ្នក​ដែល​មាន​ជំងឺ​រាំ​រ៉ៃ និង​អ្នក​ដែល​មាន​កងការពារ​ខ្សោយ​នៅ​ក្នុង​ខ្លួន​ជាដើម ។

លោក​ជំទាវ រដ្ឋលេខាធិការ បាន​គូសបញ្ជាក់​ថា «​ដើម្បី​អាច​ការពារ​ខ្លួន​ពី​ការ​វា​.​យ​លុក​ក្នុង​សរីរាង្គ​រាង​កាយ​បុគ្គល ជា​ពិសេស​ក្រុម​ងាយ​ទទួល​រង​គ្រោះ​ពី​ជំងឺ​កូ​វី​ដ​-១៩​នេះ​ដែល​អាច​ឈាន​ដល់​ភាព​ធ្ងន់ធ្ងរ និង​អាច​ស្លា​.​ប់​បាត់បង់​ជីវិត​បាន​ដែរ​នោះ ខ្ញុំ​សូម​ក្រើនរំលឹក​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ជា​ពិសេស គឺ​ក្រុម​ងាយ​រង​គ្រោះ​ដូច​បាន​រៀបរាប់​ខាងលើ​នាំ​គ្នា​ទៅ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ភី​ហ្វា​យ​ហ្សឺ (Pfizer) ដែល​មាននៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ទាំង​២៥ (​នៅ​តាម​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​រដ្ឋ​) ចាប់ពី​ពេល​នេះ​តទៅ​» ។

លោក​ជំទាវ រដ្ឋលេខាធិការ ក៏​បាន​វា​.​យ​បញ្ជាក់​ថា ៖«​សូមកុំ​ភ្លេច​វិធានការ ៣​ការពារ និង​៣​កុំ រួម​ជាមួយនឹង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទើប​អាច​ជួយ​កាត់​បន្ថយ​ជា​អតិប្បរមា​នូវ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ ការ​ចូល​សម្រាក​ពេទ្យ និង​ការ​ស្លា​.​ប់ ដូចដែល​យើង​ទាំងអស់​គ្នា​ឆ្លងកាត់​បទ​ពិសោធន៍​ទទួល​បាន​លទ្ធផល​ល្អ​ទាំងនេះ​នៅ​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២២ ស្រាប់​ហើយ​» ។

សូម​បញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន មិន​ទាន់​មាន​ស្ថានភាព​ឆ្លង​ឡើង​វិញ​នូវ​វីរុស​កូ​វី​ដ​-១៩ នៅឡើយ​ទេ ប៉ុន្តែ​ការ «​ការពារ​ប្រសើរ​ជាង​ព្យាបាល​» ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ។

រួម​គ្នា​ដើម្បី​កម្ពុជា ចៀស​ផុត​ពី​ការ​លេច​ចេញ​ឡើង​វិញ នូវ​ការ​ឆ្លង​បន្ត​គ្នា​នូវ​វីរុស​កូ​វី​ដ​-១៩ ដោយ​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​តែ​ត្រៀមខ្លួន និង​ការពារ​ខ្លួន​ទុកជា​មុន​ឱ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ