ខេត្តកណ្តាល ៖ ក្មេងទំនើង២នាក់ បង្ហោះម៉ូតូបង្អួតគេឯង ចុងក្រោយ ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកមកធ្វើការអប់រំណែនាំដាក់ពិន័យឱ្យលាងបន្ទប់ទឹក និងធ្វើអនាម័យសម្អាត ជុំវិញបរិវេណអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល ។
ការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ ធ្វើទ្បើងកាលពីវេលា០៤និង៥០នាទីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវកៅស៊ូលេខ១៤៣ ស្ថិតនៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើយោងតាមការបញ្ជាក់ពីសមត្ថកិច្ចឪ្យដឹងថា ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវ បានរាយការណ៍ថា នៅចំណុចកើតហេតុខាងលើ មានក្រុមក្មេង ទំនើងកំពុងបង្ហោះម៉ូតូពេញដងផ្លូវ និងខ្លាចបង្កគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ ។ ក្រោយពីទទួលបានព័ត៌មានភ្លាមៗ ពីប្រជាពលរដ្ឋកម្លាំង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងម្កាក់ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានចេញទៅល្បាត ពួនស្ទាក់តាមដងផ្លូវ ទើបឃាត់ខ្លួនក្មេងទំនើងខាងលើ និងវត្ថុតាងហើយនាំខ្លួនទៅកាន់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ ។
ចំពោះមុខសមត្ថកិច្ចក្មេងទំនើងទាំង០២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន ហើយពួកខ្លួនទើបធ្វើសកម្មភាពបង្ហោះម៉ូតូនេះ បានចំនួន០៣លើកមកហើយ ។
បច្ចុប្បន្ន ក្មេងទំនើងទាំង០២រូបនោះ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកអង្គស្នួល បានអញ្ជើញក្រុមគ្រួសារដើម្បីមកធ្វើ កិច្ចសន្យាអប់រំ រួចឪ្យក្មេងទំនើងខាងលើលាងសម្អាតបន្ទប់ទឹក និងធ្វើអនាម័យនៅបរិវេណអធិការរដ្ឋាននគរបាលស្រុកអង្គស្នួល ទើបឲ្យត្រទ្បប់ទៅផ្ទះវិញ ៕




ចែករំលែកព័តមាននេះ