ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាច្រានចោលការចោទប្រកាន់របស់ថៃ រឿងឃាត់ពលរដ្ឋ៖ បិទព្រំដែនដើម្បីសុវត្ថិភាពពីការបាញ់

3 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់​ក្រសួងការពារជាតិកម្ពុជា ​នៅរំលងអធ្រាត្រ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយក្រសួង​បានចេញសេចក្តីប្រកាសព័ត៌មានជាបន្ទាន់ ​បដិសេធចោលទាំងស្រុង​ នូវព័ត៌មានក្លែងក្លាយ និងបំភ្លៃការពិតដែលផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាន…

រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់​ក្រសួងការពារជាតិកម្ពុជា ​នៅរំលងអធ្រាត្រ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយក្រសួង​បានចេញសេចក្តីប្រកាសព័ត៌មានជាបន្ទាន់ ​បដិសេធចោលទាំងស្រុង​ នូវព័ត៌មានក្លែងក្លាយ និងបំភ្លៃការពិតដែលផ្សព្វផ្សាយដោយបណ្តាញសារព័ត៌មាន និងប្រភពផ្លូវការរបស់ភាគីថៃ ដែលចោទប្រកាន់មកលើកម្ពុជាថា បានផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បី ​”ឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ”​។

លោកជំទាវ ​ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនគោក និងផ្លូវទឹក ដែលជាប់ព្រំដែនជាមួយថៃ គឺសម្រាប់តែ ​តំបន់ដែលមានអរិភាព​ ប៉ុណ្ណោះ។

​អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា គោលបំណងតែមួយគត់នៃការផ្អាកនេះ គឺដើម្បី ​«ការពារអាយុជីវិត និងការរងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារដោយមិនរើសអើងនៅតាមបណ្ដោយព្រំដែនពីសំណាក់យោធាថៃ»​។ ការផ្អាកនេះ ​មិនរាប់បញ្ចូល​ ការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាច្រកទ្វារព្រំដែនដែលគ្មានភាពតានតឹង ឬតាមច្រកព្រំដែនដែលកម្ពុជាជាប់ជាមួយប្រទេសផ្សេងឡើយ។

ក្រសួងការពារជាតិបានអះអាងថា កម្ពុជាក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់ តែងតែគោរពច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ហើយចាត់ទុកការ ​ថែរក្សាសុវត្ថិភាព និងការពារអាយុជីវិតជនស៊ីវិល​ ទាំងពលរដ្ឋខ្មែរ និងជនបរទេស រួមទាំងប្រជាជនថៃដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ គឺជា ​អាទិភាពខ្ពស់បំផុត​។

កម្ពុជាអំពាវនាវឲ្យថៃគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃ ​បទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព​ រវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះ ត្រូវបានផ្តួចផ្តើមគំនិតដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ​ដូណាល់ ត្រាំ​ និង ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​អាន់វ៉ា អ៊ីប្រាហ៊ីម​។

កម្ពុជាអំពាវនាវ និងសង្ឃឹមយ៉ាងមុតមាំថា ភាគីថៃនឹងគោរពតាមកិច្ចព្រមព្រៀងនេះ ដូចកម្ពុជាដែរ ដោយប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់ អនុសញ្ញា និងកិច្ចព្រមព្រៀងអន្តរជាតិដែលមានស្រាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ