ទីក្រុងប៉ារីស៖ ប្រធានធិបតីបារាំង លោកម៉ាក្រុង ចេញមុខបកស្រាយចំពោះរូបភាពដែលគេចែករំលែកតគ្នា និងដែលគេអះអាងលោកប្រើប្រាស់គ្រឿងញៀនប្រភេទកូកាអ៊ីន (cocaine)។ លោកបានធ្វើដំណើរទៅទីក្រុងកៀវតាមរថភ្លើងជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស និងអធិការបតីអាល្លឺម៉ង់ទៅជួបលោកហ្សេឡិនស្គីដើម្បីពិភាក្សាអំពីការគាំទ្រអ៊ុយក្រែនបន្ថែមទៀត។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមអះអាងថារូបថតជាច្រើនសន្លឹកនោះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថាថ្នាក់ដឹកនាំទាំងប៉ុន្មាននាក់នេះបានប្រើប្រាស់កូកាអ៊ីន។ ក្រោយមក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រីម៉ារីយ៉ា សាការ៉ូវ៉ា (Maria Zhakarova) និយាយបន្ទរបន្ថែមទៀតចំពោះការអះអាងនោះដើម្បីបញ្ជាក់ថានេះជាការពិតជាដូចការអះអាងនោះមែន។
រហូតមកដល់ពេលនេះ គ្មានភស្តុតាងបញ្ជាក់ថាពាក្យចចាមអារ៉ាមនោះជាការពិតទេ។ សារព័ត៌មានបារាំងលីប៊ែរ៉ាស្យុង (Libération) ក៏បានចុះផ្សាយដែរថានោះមិនមែនជាការពិត។ វិមានប្រធានាធិបតីបារាំង អេលីហ្សេ (Élysée Palace) ប្រកាសនៅថ្ងៃនេះថានោះជាព័ត៌មានក្លែងក្លាយ និងការនិយាយប្រឌិតដែលសាបព្រោះដោយពួកសត្រូវរបស់បារាំងតែប៉ុណ្ណោះ។
នេះមិនមែនជារឿងថ្មីទេ។ កាលពីពេលកន្លងមក ក្រុមអ្នកឃោសនិករុស្ស៊ីក៏ធ្លាប់អះអាងថាលោកហ្សេឡិនស្គីប្រើប្រាស់គ្រឿងញៀនប្រភេទកូកាអ៊ីនផងដែរ។ អ្នកខ្លះចាត់ទុកថានេះជាផ្នែក១នៃយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ។ កាលពីឆ្នាំ២០២២ វីឌីអូឃ្លីប១ឈុតត្រូវក្រុមអ្នកគាំទ្រប្រទេសរុស្ស៊ីចែកចាយតគ្នាតាមបណ្ដាញតេឡេក្រាមបន្ទាប់ពីសង្គ្រាមអ៊ុយក្រែនកើតឡើងបានតែបន្តិចប៉ុណ្ណោះ។
ក្រោយមក សារព័ត៌មានស៊ើបអង្កេត (investigative journalism) ឈ្មោះបេលីងខេត (Bellingcat) ផ្ទៀងផ្ទាត់ប្រភពចុះឡើងៗទៅទើបដឹងថានោះជារូបភាពដែលគេកែច្នៃតាមប្រព័ន្ធឌីជីថល មើលទៅដូចជារូបពិត១០០%។ ដោយឡែក រូបថតដែលគេចែកចាយលើកនេះនិយាយពីលោកម៉ាក្រុង លោកស្តាមើ និងលោកមើសអង្គុយនៅក្នុងទូរថភ្លើងនៅពេលរាត្រី។
ពួកគេសើចក្អាកក្អាយ និងស្លៀកពាក់សាមញ្ញធម្មតា។ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមក៏បញ្ចេញមតិបែបចោទប្រកាន់ទៅថ្នាក់ដឹកនាំទាំងបីរូប។ ពួកគេចោទថាលោកម៉ាក្រុងដាក់តាមខ្លួននូវម្សៅពណ៌ស១ថង់ (កូកាអ៊ីន)។ ចំណែកលោកមើសដាក់តាមខ្លួននូវទុយោសម្រាប់ហឺតម្សៅគ្រឿងញៀន។ ប៉ុន្តែសារព័ត៌មានបារាំង លីប៊ែរ៉ាស្យុង ចុះផ្សាយថាការពិតមិនដូច្នេះទេ។
សារព័ត៌មាននេះបាននិយាយយោងទៅលើរូបថតរបស់ទីភ្នាក់ងារព័ត៌មានធំៗដូចជាអេភី (AP) ជាដើមមិនបានបង្ហាញថង់ដាក់ម្សៅពណ៌សទេ។ ប៉ុន្តែជាកន្សែងដៃដែលលោកម៉ាក្រុងមូរដូចជាដុំបាល់១យ៉ាងអីចឹង។ កន្សែងនោះត្រូវគេដាក់នៅលើតុតាំងពីមុនពេលលោកស្តាមើ និងអ្នកថតរូបទៅដល់ក្នុងទូរថភ្លើងនោះទៅទៀត។ ក្រោយមក លោកម៉ាក្រុង និងលោកមើសក៏ទៅដល់ក្នុងទូរថភ្លើងនោះផងដែរ។ ចំណែករបស់ដែលគេអះអាងថាជាទុយោសម្រាប់ហឺតម្សៅគ្រឿងញៀននោះតាមពិតជាប្រដាប់កូរ ឬជាឈើដែលលោកមើសកាច់ចោល។ ខាងលើនេះជាការដកស្រង់ប្រភពពីអេភី (AP)៕
ចែករំលែកព័តមាននេះ