ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស Ronaldo ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​យុវ​ជន​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​ជា​លើក​ដំបូង

1 ថ្ងៃ មុន

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ កូនប្រុស​ច្បង​របស់​កីឡាករ Cristiano Ronaldo ត្រូវ​បាន​កោះហៅ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រុម​ផ្ទាល់ និង​ត្រូវ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN កាលពី​ថ្ងៃ​ទី​៧…

ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ៖ កូនប្រុស​ច្បង​របស់​កីឡាករ Cristiano Ronaldo ត្រូវ​បាន​កោះហៅ​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ​។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រុម​ផ្ទាល់ និង​ត្រូវ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNN កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥​។

ប្រភព​ពី ESPN បាន​រាយការណ៍​ថា យុវជន Cristiano Ronaldo Jr. ដែល​មាន​អាយុ​១៤​ឆ្នាំ លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ​ដូច​ឪពុក ត្រូវ​បាន​កោះហៅ​ចូល​ក្រុម U15 ព័រ​ទុ​យ​ហ្គា​ល់ ត្រៀម​សម្រាប់​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ Vlatko Marković ដែល​ជា​ការ​ប្រកួត​ពានរង្វាន់​បាល់ទាត់​យុវជន នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ខាង​មុខ​នេះ​។

ខ្សែប្រយុទ្ធ Cristiano Ronaldo ដែល​ជា​ឪពុក​បាន​អបអរសាទរ​កូនប្រុស​លើ​ការ​បង្ហោះ Story Instagram ដោយ​បង្ហាញ​ឈ្មោះ​កូនប្រុស​ក្នុង​បញ្ជី​ក្រុម U15 ព័រ​ទុ​យ​ហ្គា​ល់ និង​ភ្ជាប់​ជាមួយ​សំ​ណេ​រថា «​មោទកភាព​កូនប្រុស​!»​។

ដ្បិត Ronaldo ខ្លួនឯង​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម U15 ព័រ​ទុ​យ​ហ្គា​ល់​ក្នុង​ឆ្នាំ ២០០១ ដោយ​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ជាមួយ​អាហ្វ្រិក​ខាងត្បូង ហើយ​ជា​បន្តបន្ទាប់​បាន​បង្ហាញខ្លួន​ជាមួយ​ក្រុម U17 U20 U21 និង U23 ហើយ​ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​ក្នុង​ឆ្នាំ ២០០៣ រហូត​មក​ទល់​បច្ចុប្បន្ន​។ ការ​បង្ហាញខ្លួន​លើក​ដំបូង​ជាមួយ​ក្រុម U15 គឺជា​ពេលវេលា​មួយ​ដែល​បាន​កំណត់​ការ​ចាប់ផ្តើម​នៃ​អាជីព​ដ៏​អស្ចារ្យ​របស់ Ronaldo នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។

Ronaldo Jr. នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ក្រុម​យុវជន U15 ព័រ​ទុ​យ​ហ្គា​ល់ ដែល​នឹង​ត្រូវ​ជួប​ជាមួយ​ជប៉ុន ក្រិ​ក និង​អង់គ្លេស ព្រមទាំង​ការ​ប្រកួត​ផ្សេង​ទៀត នៅ​ព្រឹត្តិការណ៍​ធ្វើ​ឡើង​នៅ​ប្រទេស​ក្រូ​អាត​។ Ronaldo Jr. បច្ចុប្បន្ន​កំពុង​លេង​ក្នុង​ឈុត​យុវជន​របស់​ក្លិប Al-Nassr នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ក្លិប​ឪពុក​របស់​គេ​បាន​ផ្លាស់​មក​ចូលរួម កាលពី​ខែធ្នូ ឆ្នាំ​២០២២​។

សូម​ជម្រាប​ថា Cristiano Ronaldo Jr. បាន​ដើរ​តាម​គន្លង​អាជីព​បាល់ទាត់​របស់​ឪពុក​គេ​ជា​លើក​ដំបូង ដោយ​លេង​ក្នុង​ឈុត​យុវជន​នៅ​ក្លិប Real Madrid, Juventus និង Manchester United នៅ​ពេល​ដែល​ឪពុក​របស់​គេ​កំពុង​លេង​ឱ្យ​ក្រុម​ឈុត​ធំ​របស់​ក្លិប​ទាំងនោះ​។

កាលពីដើម​ឆ្នាំ​នេះ ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល បាន​លើក​ឡើង​ថា ខ្លួន​សង្ឃឹមថា​ថ្ងៃ​ណាមួយ​នឹង​បង្ហាញ​វត្តមាន​លើ​ទីលាន​ប្រកួត​ជាមួយ​កូនប្រុស​។

កាលពី​ឆ្នាំ ២០២២ Ronaldo ក៏​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា កូនប្រុស​បាន​ប្រាប់​ខ្លួន​ឱ្យ​រង់ចាំ​គេ​ពីរ​ទៅ​បី​ឆ្នាំ​ទៀត ទើប​អាច​លេង​ជាមួយ​គ្នា​បាន​។ Ronaldo បាន​បញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា ខ្លួន​នឹង​មិន​ដាក់​សម្ពាធ​លើ​កូនប្រុស​ឱ្យ​បន្ត​អាជីព​បាល់ទាត់​នោះ​ទេ ប្រសិនបើ​គេ​មិន​ចង់ ហើយនឹង​គាំទ្រ​កូនប្រុស​គ្រប់យ៉ាង​នូវ​អ្វី​ដែល​គេ​ធ្វើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ