រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចាត់វិធានការ ដើម្បីកុំអោយឆ្លងជំងឺអង់ត្រាក់ ដែលកំពុងកើតមាននៅថៃ ដោយ ប្រាប់ប្រជាជនកម្ពុជា អោយចៀសវាងប៉ះពាល់ជាមួយសត្វ ដែលសង្ស័យមានជំងឺអង់ត្រាក់ Anthrax ហាមបរិភោគសត្វ ដែលងា.ប់ដោយសារជំងឺនេះ ចំណែកសាកស.ពសត្វដែលងា.ប់ត្រូវកប់ ឬដុតចោល និងមិនត្រូវពិនិត្យសាកស.ពដែលស្លាប់ដោយសារជំងឺនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis) របស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែឧសភាឆ្នាំ២០២៥នេះ បានលើកឡើងថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះ មានការផ្ទុះឡើងនៅប្រទេសជិតខាង និងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូងនៅលើមនុស្ស និងនៅលើសត្វហៅថា ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរី ដែលបង្កើតស្ត័រ (spore-forming bacillus anthracis)។ ជំងឺអង់ត្រាក់ ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ ។
ក្រសួងបានលើកឡើងថា លក្ខណ:ពិសេស នៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ត័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ត័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ឆ្នាំ) នៅក្នុងដី សាកស.ពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ត័រ ក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ ។
ទោះបីជាយ៉ាងណាក្តី ក្រសួងសុខាភិបាល បានអះអាងថា រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់មានការរកឃើញជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជា នៅឡើយ។
ប៉ុន្តែក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែន និងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស ។
ក្រសួងបានលើកឡើងពីរបៀបចម្លងថា មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូល នៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ ដែលមានជំងឺអង់ត្រាក់ ឬផលិតផល ដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង,
ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់ ការបរិភោគសាច់ ដែលមានមេរោគអង់ត្រាក់, ប្រើម្ជុលសីរ៉ាំងរួមគ្នា ជាមួយអ្នកមានជំងឺអង់ត្រាក់,មេរោគអង់ត្រាក់ មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង ។
ក្រសួង ក៏បង្ហាញពីរោគសញ្ញា ៖ មាន ៣ សណ្ឋាន មាន ៖
១. សណ្ឋានលើស្បែក ៖ មេរោគឆ្លងតាមស្បែកមានដាច់ ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ទ័របស់មេរោគ, រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់ ។ ដុំរមាស់ ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួន មានរោគសញ្ញាដូចជា ឈឺក្បាល ឈឺ សាច់ដុំ គ្រុនក្តៅ និងក្អួត ។
២. សណ្ឋានក្រពះ-ពោះវៀន ៖ ការឆ្លងតាមការបរិភោគស្ត័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់, រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ, អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់ ។
៣. សណ្ឋានផ្លូវដង្ហើម គឺជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមានកើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ត័រមេរោគច្រើនទៅក្នុងសួត, រយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ, រោគសញ្ញាស្រដៀង និងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូង ដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ ។
ជាមួយគ្នានោះដែរក្រសួង ក៏បានបង្ហាញពីវិធានការណ៍ បង្ការការឆ្លងជំងឺនេះថា ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វ ដែលសង្ស័យថា មានជំងឺអង់ត្រាក់, ហាមបរិភោគសត្វ ដែលងា.ប់ដោយសារជំងឺអង់ត្រាក់, សាកស.ពសត្វ ដែលងាប់ត្រូវយកទៅកប់ ឬដុតកម្ទេចចោល, មិនត្រូវវះពិនិត្យសាកស.ព ដែលងាប់ដោយសារជំងឺនេះទេ ៕

ចែករំលែកព័តមាននេះ