ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តូរពីពឹងគ្នារវាងកងទ័ព ឥឡូវកម្ពុជា-វៀតណាមជួយគ្នាតាមរយៈសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្មជាមួយគ្នា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្តូរ​ពី​ការ​ពឹង​គ្នា​រវាង​កងទ័ព​កម្ពុជា​-​វៀតណាម​បាន​ជួយ​គ្នា និង​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​សេដ្ឋកិច្ច ពោល គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ប្តូរ​ពី​ការ​ពឹង​គ្នា​រវាង​កងទ័ព​កម្ពុជា​-​វៀតណាម​បាន​ជួយ​គ្នា និង​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​សេដ្ឋកិច្ច ពោល គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ។ នេះ​បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ នៅ​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ ខណៈ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ផា​ម មិ​ញ​ជិ​ញ (PHAM Minh Chinh) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ឱកាស​សម្ដេច​តេ​ជោ និង​គណៈប្រតិភូ​ចូលរួម​ពិធី​អបអរសាទរ​ខួប​៥០​ឆ្នាំ នៃ​ថ្ងៃ​រំដោះ​ភាគ​ខាងត្បូង និង​ការ​បង្រួបបង្រួម​ប្រទេស​វៀតណាម ។

សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា​៖«​កាលពី​អតីតកាល យើង​ជួយ​គ្នា ពឹង​គ្នា​ទៅ​វិញ​តាម​រយៈ​កងទ័ព តែ​ឥឡូវ​កម្ពុជា និង​វៀតណាម​ជួយ​គ្នា និង​ពឹង​គ្នា​ទៅ​វិញ​ទៅ​មក តាម​រយៈ​សេដ្ឋកិច្ច ពោល គឺ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​» ។

សម្តេច​តេ​ជោ បញ្ជាក់​ថា វៀតណាម​ពូកែ​កែ​ច្នែ កម្ពុជា​ពូកែ​ដាំ ដូច​ជា ស្វាយចន្ទី កម្ពុជា​ជាប់​លេខ​១ នៅ​លើ​ពិភពលោក ក្នុង​ការ​ផលិត​គ្រាប់ស្វាយចន្ទី ឯ​វៀតណាម​ជាប់​លេខ​១ ខាង​កែ​ច្នៃ​នាំ​ចេញ​ស្វាយចន្ទី ទៅ​លក់​នៅ​លើ​ពិភពលោក ។ ដូច្នេះ វា​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ពាណិជ្ជកម្ម ។

សម្តេច​បន្ថែម​ថា ការ​ប្រកួតប្រជែង​របស់​ប្រទេស​មហាអំណាច ជា​ពិសេស សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្សារ​ភ្ជាប់​ជាមួយ​ភូមិសាស្ត្រ​នយោបាយ កំពុង​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​ប្រទេស​ជា​ច្រើន​រួម​ទាំង​ប្រទេស​កម្ពុជា និង​វៀតណាម​ផង​ដែរ ។

ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ និង​ជាង​ពេល​ណា​ៗ​ទាំងអស់ យើង​ត្រូវ​សហការ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ស្រប​តាម​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ស្ថិរភាព​យូរអង្វែង​» ។

សម្តេច​តេ​ជោ ចង់​ឃើញ​ប្រទេស​ទាំង​ពីរ​ពង្រីក​នូវ​ពាណិជ្ជកម្ម​ជាមួយ​គ្នា ក្នុង​នាម​ជា​ប្រទេស​ជិតខាង ដោយ​មិន​គួរ​សំឡឹង​មើល​ទីផ្សារ​នៅ​ឆ្ងាយ​ពេក​នោះ​ទេ ។ សម្តេច​តេ​ជោ ក៏​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ក្រសួងពាណិជ្ជកម្ម​ទាំង​ពីរ នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ហាណូយ ដែល​ភាគី​ទាំង​ពីរ ៖ បាន​ចុះហត្ថលេខា​លើ​កិច្ច​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៥-២០២៦ ដោយ​ឯកភាព​បង្កើត​គណៈកម្មាធិការ​ពាណិជ្ជកម្ម​ចម្រុះ ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ដល់​គោលដៅ​២០​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក និង​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម នៅ​តាម​បណ្តោយ​ព្រំដែន ។

សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា សង្កត់ធ្ងន់​ថា គោលដៅ​២០ ពាន់​លាន​ដុល្លារ​នេះ ជា​គោលដៅ​អាច​ធ្វើ​បាន មិនមែន​ជា​គោលដៅ​ដែល​ធំ​ជ្រុល​ធ្វើ​មិន​បាន​នោះ​ឡើយ ។ សម្តេច​បន្ថែម​ថា ថ្វីបើ​វៀតណាម ជា​ប្រទេស​ធំ​មាន​ប្រជាជន​ដល់​១០៦ លាន​នាក់ ជាទី​ផ្សារ​ធំ តែ​កម្ពុជា​មាន​ប្រជាជន​តែ​១៧​លាន​នាក់​ពិតមែន តែ​មាន​តម្រូវការ​ខ្ពស់ ។ ក្រៅពី​ពាណិជ្ជកម្ម ឆ្លៀត​នៅ​ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ បាន​វាយ​យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ធនធានមនុស្ស​រវាង​ប្រទេស​ទាំង​ពីរ ដោយ​សម្តេច​អរគុណ​វៀតណាម ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ការ​រស់នៅ​របស់​និស្សិត និង​សិក្ខាកាម​កម្ពុជា​ដែល​កំពុង​សិក្សា នៅ​វៀតណាម ហើយ​វៀតណាម​បន្ត​ផ្តល់​អាហារូបករណ៍ និង​វគ្គ​បណ្តុះបណ្តាល ដល់​និស្សិត និង​មន្ត្រីរាជការ​កម្ពុជា សំដៅ​ពង្រឹងសមត្ថភាព​មូលធន​មនុស្ស​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម ផា​ម មិ​ញ​ជិ​ញ ក៏​ពេញចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​សម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ផង​ដែរ ដែល ឯកឧត្តម​សង្ឃឹមថា ពាណិជ្ជកម្ម​កម្ពុជា វៀតណាម សម្រេច​បាន ២០​ពាន់​ដុល្លារ តាម​ការ​ចង់បាន​របស់​ប្រទេស​ទេស​ទាំង​ពីរ ។

ឯកឧត្តម បន្ថែម​ថា តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​វៀតណាម​នឹង​ទិញ​អង្ករ ស្វាយចន្ទី និង​គ្រឿង​សមុទ្រ​បន្ថែម​ទៀត​ពី​កម្ពុជា ។ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ក៏​សន្យា​ចំពោះ​មុខ​សម្តេច​តេ​ជោ ក្នុង​ការ​បញ្ចុះ​ពន្ធ​នៃ​ការ​នាំ​ស៊ីម៉ង់​ត៌​ទៅ​កាន់​ប្រទេស​កម្ពុជា និង​សន្យា​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​តាម​តម្រូវការ​របស់​កម្ពុជា ជា​ពិសេស នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ព្រមទាំង​សន្យា​ផ្តល់​ការ​ផ្គត់ផ្គង់​អគ្គិសនី​ដល់​កម្ពុជា តាម​តម្រូវការ​ជាក់ស្តែង​ផង​ដែរ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត និង​បាន​អរគុណ​ចំពោះ​ការ​សន្យា​របស់​ឯក​ឧ​ត្ក​ម​នាយក​រដ្ឋមន្ត្រី​វៀតណាម ក្នុង​ការ​សហការ និង​គាំទ្រ​ដល់​កម្ពុជា ។

ដោយឡែក ក្នុង​ចុងបញ្ចប់​នៃ​ជំនួប​សម្តេច​តេ​ជោ បាន​ស្នើ​ឲ្យ​វៀតណាម​គាំទ្រ​ទី​ម័​រ​ឡេ​ស្តេ​ចូល​ជា​សមាជិក​អាស៊ាន ។ សម្តេច​តេ​ជោ រំលេច​ថា ចាប់តាំងពី​ក្លាយជា​អ្នក​សង្កេតការណ៍​នៅ​ឆ្នាំ​២០២២ ទី​ម័​រ​ឡេ​ស្តេ មិន​ត្រឹមតែ​បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​កិច្ចប្រជុំ និង​សកម្មភាព​អាស៊ាន​ជា​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រួមចំណែក​ក្នុង​ន័យ​ស្ថាបនា​ដល់​ការ​ពិភាក្សា​អំពី​ការ​កសាង​សហគមន៍​អាស៊ាន និង​ដំណើរការ​សមាហរណកម្ម​ក្នុង​តំបន់​ផង​ដែរ ។

ទី​ម័​រ​ឡេ​ស្តេ បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​បំពេញ​រាល់​តម្រូវការ​ដែល​មាន​ចែង​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​សមាជិកភាព​អាស៊ាន​ពេញ​សិទ្ធិ ដោយ​បាន​បំពេញ​លក្ខណៈ​វិនិច្ឆ័យ​ចំនួន ៦ ក្នុង​ចំណោម​៧ និង​បន្ត​ធ្វើ​ឱ្យ​មាន​វឌ្ឍនភាព​ក្នុង​ការ​ចូល​ជា​ភាគី​នៃ​លិ​ខិ​តូប​ករ​ណ៍ គតិ​យុ​ត្ត ។

សម្តេច​តេ​ជោ អះអាង​ថា ដោយ​ទទួលស្គាល់​ការ​ប្តេជ្ញា​ចិត្ត និង​វឌ្ឍនភាព​វិជ្ជមាន​របស់​ទី​ម័​រ​ឡេ​ស្តេ កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង ឲ្យ​ទី​ម័​រ​ឡេ​ស្តេ ក្លាយជា​សមាជិក​អាស៊ាន​ពេញ​សិទ្ធិ​នៅ​ឆ្នាំ​នេះ ហើយ​ទី​ម័​រ​ឡេ​ស្តេ អាច​បន្ត​ធ្វើការ​ចូល​ជា​ភាគី​នៃ​លិ​ខិ​តូប​ករ​ណ៍​គតិ​យុ​ត្ត ដែល​នៅ​សេសសល់​នៅ​ពេល​ក្រោយ ។

សម្តេច​ប្រធាន​ព្រឹទ្ធសភា ជឿជាក់​ថា ការ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ទី​ម័​រ​ឡេ​ស្តេ នឹង​ធ្វើ​ឱ្យ​អាស៊ាន​កាន់តែ​រឹង​មាំ​ជា​ក្រុម ក្នុង​ពេល​ពិភពលោក​មាន​ភាព​មិន​ប្រាកដប្រជា ហើយ​ក៏​នឹង​ជួយ​ទី​ម័​រ​ឡេ​ស្តេ ទទួល កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ចូលរួម​ក្នុង​ខួប​៥០​ឆ្នាំ​នៃ​ថ្ងៃ​រំដោះ​ភាគ​ខាងត្បូង​និង​បង្រួបបង្រួម​វៀតណាម នៅ​ទីក្រុង​ហូ​ជី​មី​ញ​នៅ​ពេល​នេះ ។

ឯកឧត្តម អរគុណ​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ជួយ​វៀតណាម​ឲ្យ​សម្រេច​បាន​ជោគជ័យ ។ ហើយ​ក៏​អរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បញ្ជូន​កងទ័ព​មក​ចូលរួម​ព្យូហ​យាត្រា​កងទ័ព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ