ទីក្រុងវ៉ាស៊ីនតោន៖ ត្រាំអបអរសាទរខួបទី១០០ថ្ងៃនៃការឡើងកាន់អំណាចរបស់លោកដែលលោកចាត់ទុកថាជាការទទួលជោគជ័យដ៏ត្រចះត្រចង់បំផុតនៅក្នុងសករាជនេះអមដោយមហាជោគជ័យនៅក្នុងវិស័យផ្នែកសេដ្ឋកិច្ចជាតិ។ លោកក៏បាននិយាយវាយប្រហារគណបក្សប្រជាធិបតេយ្យយ៉ាងចាស់ដៃផងដែរនៅក្នុងអង្គប្រជុំដែលរៀបចំនៅរដ្ឋមីស៊ីហ្គែន (Michigan)។
ទោះជាយ៉ាងណាក្ដី ការស្ទង់មតិបង្ហាញថាពលរដ្ឋអាមេរិកាំងភាគច្រើនមិនទាន់មានជំនឿ១០០%ថានយោបាយក្ដៅរបស់ត្រាំនៅក្នុងវិស័យពាណិជ្ជកម្ម និងអន្តោប្រវេសន៍អាចមានជោគជ័យកម្រិតណាទេ។ នៅក្នុងការជួបជុំគ្នាជាមួយអ្នកគាំទ្រដើម្បីអបអរសារខួប១០០ថ្ងៃនោះ ត្រាំថ្លែងថាវិធានការរបស់លោកក្នុងការដំឡើងពន្ធគយទៅលើទំនិញរបស់ប្រទេសជាដៃគូពាណិជ្ជកម្មរបស់អាមេរិកនោះអាចនឹងបង្កើនទំហំផលិតកម្មនៅក្នុងប្រទេសអាមេរិកផ្ទាល់។
លោកថ្លែងដោយមោទកភាពថាប្រទេសរបស់យើងបានស្គាល់ការរីកចម្រើនសេដ្ឋកិច្ចខ្លាំងជាងពេលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ។ លោកថ្លែងដូច្នេះចង់សំដៅទៅលើការដឹកនាំរបស់គាត់កាលពីអាណត្តិទី១នៅអំឡុងឆ្នាំ២០១៧-២០២១។ លោកថាកាលណោះ សេដ្ឋកិច្ចយើងរីកចម្រើនណាស់ ហើយឥឡូវនេះយើងកាន់តែរីកចម្រើនជាងនោះទៅទៀត។
ទោះជាយ៉ាងណាក្ដី ប្រភពខ្លះថាប្រជាជនអាមេរិកគ្មានអារម្មណ៍កក់ក្ដៅទេចំពោះលទ្ធផលការងាររបស់ត្រាំនារយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ។ ជាពិសេស ពួកគេមិនសូវពេញចិត្តនឹងរបៀបចាត់ចែងសេដ្ឋកិច្ចជាតិរបស់គាត់ ខណៈដែលអត្រាអតិផរណា (ទំនិញឡើងថ្លៃ) បន្តហក់ឡើងខ្ពស់។ កាលពីយប់មិញ ត្រាំនៅតែបន្តរិះគន់អគ្គទេសាភិបាលធនាគារកណ្ដាលអាមេរិក លោកជេរ៉ូម៉េ ផូវែល (Jerome Powell)។ ត្រាំថាលោកផូវែលមិនបំពេញការងារឱ្យបានល្អទាល់តែសោះ។
លោកត្រាំថានារយៈពេលប៉ុន្មានអាទិត្យ និងប៉ុន្មានខែទៅមុខទៀត យើងនឹងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការកាត់បន្ថយអត្រាពន្ធដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ ក្នុងនោះ មិនតម្រូវឱ្យបង់ពន្ធលើប្រាក់ទឹកតែ (tip), មិនតម្រូវឱ្យបង់ពន្ធលើប្រាក់របបសន្តិសុខសង្គម និងមិនតម្រូវឱ្យបង់ពន្ធលើប្រាក់កម្រៃធ្វើការថែមម៉ោង (OT) ទេ។ ត្រាំបាននិយាយរិះគន់ខ្លាំងៗចំពោះក្រុមមនុស្សដែលលោកចាត់ទុកជា «ក្រុមឆ្វេងនិយមជ្រុលដ៏ចម្កួត»។
ត្រាំថ្លែងនៅចំពោះមុខផ្ទាំងបដាដ៏ធំមួយដែលសរសេរថា «យុគសម័យកាលមាស»។ កំពុងនិយាយសុខៗ គាត់ទុចបន្តិចដើម្បីបង្ហាញរូបវីឌីអូឃ្លីបដែលនិយាយអំពីលទ្ធផលបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់។ នោះគឺក្រុមបងធំ (ហ្គេង -gang) ដែលត្រូវអាជ្ញាចាប់កោរសក់ និងដាក់ឃុំ។ មុនពេលថ្លែងសុន្ទរកថានោះ ត្រាំក៏បានថ្លែងមួយសាហើយនៅមូលដ្ឋានកងទ័ព។
លោកថ្លែងកោតសរសើរចំពោះការប្រើប្រាស់ថវិកានៅក្នុងវិស័យការពារជាតិ។ ត្រាំថាគាត់នឹងបង្កើនខ្ទង់ថវិកាចំណាយលើវិស័យការពារជាតិរហូតដល់មួយទ្រីលានដុល្លារក្នុងមួយឆ្នាំៗ។ ត្រាំថ្លែងថាមូលដ្ឋានកងទ័ពនេះនឹងទទួលបានយន្តហោះបូអ៊ីងអែហ្វ១៥អ៊ិច (Boeing F-15X) ចំនួន២១គ្រឿងបន្ថែមទៀត៕
ចែករំលែកព័តមាននេះ