រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ណែនាំស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុ ដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមានច្រើន ក្នុងរដូវវស្សា ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៥ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
បើតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុ ក្រសួងធនធានទឹក បានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវវស្សា ឆ្នាំ២០២៥ ដូចជា ៖
១) បាតុភូតសកល ៖ យោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច មហាសមុទ្រឥណ្ឌា និងតំបន់អេក្វាទ័រ បង្ហាញឱ្យឃើញថា ចាប់ពីខែឧសភា បាតុភូតឡានីញ៉ា (La Niña) នឹងថយចុះមកត្រឹម ១០% ហើយបាតុភូតអែនសូ(ENSO-Neutral) ឡើងដល់ ៨០%។
២) រដូវវស្សា ៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២៥ ដែលលឿនជាងឆ្នាំ ២០២៤។ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាពមធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤ ។
ក្រសួងបានបន្ដថា ដើមរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែឧសភា ដល់ខែមិថុនា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានពីមធ្យម ទៅច្រើន ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។ ពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ ។
បរិមាណទឹកភ្លៀងនៅខែកក្កដា ដល់ខែសីហា មានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ ចុងរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណ ទឹកភ្លៀងនៅខែកញ្ញា ដល់ខែតុលា មានកម្រិតខ្ពស់ជាង ឬប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ ។
ជាសរុបរដូវស្សាឆ្នាំ២០២៥ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C ទាបជាងសីតុណ្ហភាព មធ្យមភាគច្រើនឆ្នាំ និងទាបជាងឆ្នាំ២០២៤។ បរិមាណទឹកភ្លៀងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ជាមួយនឹងរបាយ ទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អជាងឆ្នាំ២០២៤ ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន ។
យោងលើការព្យាករអាកាសធាតុ ដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះ អាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតមានច្រើន ៕


ចែករំលែកព័តមាននេះ