ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ​២​ឬ​៣​បន្ថែម​ទៀត ​ជា​ហេតុ​ធ្វើ​ឲ្យ​ដី​មាន​តម្លៃ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ សម្តេច​បាន​ចុះហត្ថលេខា​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស…

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ សម្តេច​បាន​ចុះហត្ថលេខា​ បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ​២ ឬ​៣ គម្រោង​រួច​ហើយ ដើម្បី​បង្កើត​រោងចក្រ​នៅ​លើ​ទឹកដី​ខេត្តកំពត ដោយ​មាន​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ បាន​ដាក់​ទុន​វិនិយោគ។ ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធីប​តី ​ខណៈ​ក្រុមហ៊ុន​នេះ គឺ​បាន​បណ្តាក់ទុន​វិនិយោគ បើក​រោងចក្រ​នៅ​កម្ពុជា​ចំនួន ២​រួច​ទៅ​ហើយ ​នៅ​លើ​ទឹកដី​កម្ពុជា​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៥ នៅ​ចំពោះ​មុខ​លោក វ៉ាង វិ​ន​ពិន (Wang Wenbin) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ពេល​អញ្ជើញ​សម្ពោធ​ផ្លូវជាតិ​៣​ខ្សែ គឺ​ផ្លូវ​លេខ​៣១,៣៣,៤១ ដែល​មាន​តម្លៃ ១៨៨​លាន​ដុល្លារ ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ខេត្ត​ភាគ​និរតី មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​លើកកម្ពស់ និង​ជំរុញ​ខេត្ត​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច ឱ្យ​កាន់តែ​ស​ខ្លាំងក្លា និង​ទាញ​ឱ្យ​ឃើញ​នូវ​លទ្ធភាព​ជាក់ស្តែង​នៅ​លើ​ដី​។ ការ​វិនិយោគ​កន្លង​ទៅ និង​ទៅ​មុខ​ទៀត ​ក្នុង​ការ​ពង្រឹង​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​ជាប់​សមុទ្រ ដែល​មាន​ផែនការមេ​យើង​បាន​អនុវត្តន៍ ហើយ​ឆ្នាំ​នេះ យើង​បាន​អនុវត្តន៍​ជំហាន​ដំបូង​យក​ខេត្ត​ព្រះ​សីហ​នុ ជា​គោល​ដើម្បី​ជំរុញ​ការ​ធ្វើ​ឧស្សាហកម្ម ភស្តុ​ភារ​កម្ម​នៅ​ទីនោះ ព្រមទាំង​បង្កើត​ការងារ​ឱ្យ​បាន​ច្រើន​កន្លែង ​។

សម្តេច​បវរ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​ ៖ «​ប៉ុន្តែមិនមែន​ត្រឹមតែ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ ឥឡូវ​ខេត្តកំពត ខ្ញុំ​ស៊ី​ញ៉េ ១​ឆ្នាំ​ជាង​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស ២ ឬ ៣​កន្លែង រួច​ទៅ​ហើយ ​នៅ​ខេត្តកំពត បាន​ន័យ​ថា​ សញ្ញា​ នៃ​ការ​រីក​លូតលាស់ ​នៃ​ខេត្តកំពត មិន​ត្រឹមតែ​ជា​តំបន់​ទេសចរណ៍​នោះ​ទេ ប៉ុន្តែជា​ឧស្សាហកម្ម ឥឡូវ​កំពុង​សិក្សា​ធ្វើ​ផែ​ទឹក​ជ្រៅ និង​ការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើត​អេកូ​ស៉ី​ស​ស្ទើ​ម ​នៃ​ការ​បង្កើត​រោងចក្រ​មួយ តែ​ខ្ញុំ​មិន​ទាន់​បញ្ចេញ​ទេ តែ​កំពុង​ចរចា​»​ ។

បើ​តាម​ការ​លើក​ឡើង​របស់​សម្តេច​បវរ​ធិ​បតី ​នាយក​រដ្ឋមន្ត្រី ​ពី​កា​រប​ង្កើ​ង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ វា​នឹង​ធ្វើ​ឲ្យ​ដី​នៅ​ខេត្តកំពត ដែល​ស្ថិត​នៅ​ជិត​តំបន់​នោះ​ មាន​តម្លៃ​ជា​មិន​ខាន​ ។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បន្ត​ថា ការ​ចរចា​ជាមួយ​ភាគី​អ្នក​វិនិយោគ ដើម្បី​បង្កើត​រោងចក្រ​នៅ​ខេត្តកំពត គឺ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល ​ក្នុង​ការ​ប្រើប្រាស់​កំពង់​ផែ​ទឹក​ជ្រៅ​ នៅ​ខេត្តកំពត ក្នុង​ការ​ផលិត ផលិតផល​នៅ​កម្ពុជា ខណៈ​មាន​រោងចក្រ ២ ឬ​៣ រួច​ទៅ​ហើយ បាន​ដាក់​ទុន​វិនិយោគ​រួច​ហើយ ដែល​មាន​ទុន​វិនិយោគ​ជិត ១​ពាន់​លាន​ដុល្លារ​ ។

បន្ថែម​ពី​នេះ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ជាមួយ​គ្នា​នឹង​ការ​ដាក់​ទុន​វិយោគ​នៅ​កម្ពុជា អ្នក​វិនិយោគិន មាន​បំណង​ដាក់​ទុន​វិនិយោគ​ពង្រីក​រោងចក្រ​ឱ្យ​កាន់តែ​ធំ​បន្ថែម​ទៀត ​លើ​ទឹកដី​ខេត្តកំពត ដើម្បី​ធ្វើ​យ៉ាងណា​ទាញ​សក្តានុពល​ ដែល​មាន​ស្រាប់​នៅ​កម្ពុជា​។ ខណៈ​ក្រុមហ៊ុន គឺ​មិន​បាន​សន្យា​មក​បណ្តាក់ទុន​នោះ​ទេ តែ​ក្រុមហ៊ុន​បើក​ដំណើរការ​រោងចក្រ​ចំនួន​២ នៅ​កម្ពុជា​រួច​ទៅ​ហើយ សម្រាប់​នាំ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ដែល​មាន​ថវិកា​ជិត ១​ពាន់​លាន​ដុល្លារ​រួច​ហើយ ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា តាម​រយៈ​ស្ថាបនា​ផ្លូវជាតិ​ប្រទាក់ក្រឡា​គ្នា​ភ្ជាប់​ទៅ​ទិសនិរតី ព្រមទាំង​ការ​អនុញ្ញាត​ឱ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តកំពត ហើយ​កា​រត​ភ្ជាប់​ព្រែកជីក​ហ្វូ​ណ​ន​-​តេ​ជោ នឹង​ធ្វើ​ឱ្យ​ខេត្តតាកែវ ទៅ​ថ្ងៃ​មុខ​ខេត្តតាកែវ មិនមែន​មាន​តែ​បង្កង និង​ពង​ទា​កូន​ទៀត​នោះ​ទេ ប៉ុន្តែ អាច​ក្លាយជា​ខេត្ត​ដែល​នាំ​ចេញ​នូវ​ផលិតផល​ឧស្សាហកម្ម និង​កម្មន្តសាល​កាន់តែ​ច្រើន​ជាដើម ​។

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រដូច​ការ​រៀបចំ​បណ្តាញ​សេដ្ឋកិច្ច​កម្ពុជា ដូច​ទៅ​នឹង​សរសៃឈាម​របស់​មនុស្ស គឺ​ត្រូវ​តែរ​ត់ទៅ​គ្រប់​កោសិកា ទើប​រាង​កាយ​រឹង​មាំ​ល្អ​។ ដូច្នេះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច មិនមែន​អភិវឌ្ឍ​តែ​នៅ​ភ្នំពេញ​នោះ​ទេ គឺ​ត្រូវ​តែ​អភិវឌ្ឍ​នៅ​គ្រប់​ខេត្ត​ ។

ទន្ទឹម​នឹង​នេះ​ដែរ សម្ដេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​លើក​ឡើង​ថា ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​ផ្សេង​ៗ របស់រាជ​រដ្ឋា​ភិបាល ទៅ​ដល់​វិនិយោគិន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស​ គឺ​បាន​ទាក់ទាញ​កំណើន​វិនិយោគ​ជា​ច្រើន​មក​ដាក់​ការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​មកនេះ​។ ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ កម្ពុជា​បាន​វិ​វត្ត​រីក​ចម្រើន​លើ​គ្រប់​វិស័យ ហើយ​មិនមែន​រីក​ចម្រើន​តែ​នៅ​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​រីក​ចម្រើន​នៅ​គ្រប់​បណ្ដា​រាជធានី​-​ខេត្ត ដែល​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ធូរធារ​ជាង​មុន ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ