ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រឹត​បន្តឹង​ច្បាប់​នាំ​ចេញ​ប្រឆាំ.ង​ទំនិញ​ចិន​បិទ​ស្លាក​ផលិតផល​ខ្លួន នាំ​ចេញ​ទៅ​អា​មេ​រិ​ក

1 ម៉ោង មុន

ប្រទេស​ថៃ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា រដ្ឋាភិបាល​ថៃ​កំពុង​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង…

ប្រទេស​ថៃ ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា រដ្ឋាភិបាល​ថៃ​កំពុង​តែ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ទំនិញ​របស់​ចិន​ដែល​ត្រូវ​បាន​គេ​បិទ​ស្លាក​ក្លែងបន្លំ​ជា​ទំនិញ​របស់​ថៃ ដើម្បី​បញ្ចៀស​ការ​យក​ពន្ធគយ​នាំ​ចូល​ដ៏​ខ្ពស់​ពី​សហរដ្ឋអាមេរិក​។

នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​ថៃ កំពុង​តែ​ទទួលយក​ការ​អនុម័ត​ទាំងអស់ សម្រាប់​ការ​នាំ​ចេញ​មាន​គោលដៅ​ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​ក៏​បាន​ពង្រីក​បញ្ជី​តាមដាន​ផលិតផល​មាន​ហានិភ័យ​ខ្ពស់​រហូត​ដល់​៦៥​ប្រភេទ​បន្ថែម​ទៀត ស្រប​ពេល​ដែល​ការ​ពិភាក្សា​ជាមួយនឹង​គយ​អា​មេ​រិ​ក​កំពុង​តែ​ដំណើរការ ដើម្បី​តម្រឹម​ការ​ចាត់​ថ្នាក់​ផលិតផល​ឱ្យ​ត្រឹមត្រូវ​។

ចំណាត់ការ​ដ៏​សំខាន់​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ក្តី​បារម្ភ​លើក​ឡើង​ដោយ​សហរដ្ឋអាមេរិក​អំពី​ទំនិញ​របស់​ចិន​ត្រូវ​បាន​ដាក់​ស្លាក​ក្លែងបន្លំ​ជា​ផលិតផល​ពី​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈ​ពេល​ដែល​ប្រទេស​ថៃ​ទទួល​បាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក និង​មាន​ឱនភាព​ខ្លាំង​ជាមួយ​ប្រទេស​ចិន​។

រដ្ឋាភិបាល​ថៃ​មាន​គោលបំណង​ទប់ស្កាត់​ចន្លោះ​ប្រហោង​នេះ​ពី​ការ​កេងប្រវ័ញ្ច ដែល​អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទំនិញ​ពិតប្រាកដ​របស់​ប្រទេស​ថៃ​។ ជាក់ស្តែង នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត់ (Paetongtarn Shinawatra) បាន​ប្រគល់​ភារកិច្ច​ឱ្យ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ដឹកនាំ​វិធានការ​ផ្ទៀងផ្ទាត់​ថ្មី និង​ត្រួតពិនិត្យ​ទំនិញ​មាន​ហានិភ័យ​ខ្ពស់ ដែល​ភាគច្រើន​ជា​ផលិតផល​ឧស្សាហកម្ម ជាមួយ​ផែនការ​រយៈពេល​វែង​រួម​មាន ការ​ពិន័យ​កាន់តែ​តឹងរ៉ឹង​សម្រាប់​ក្រុមហ៊ុន​ដែល​បង្ហាញ​ប្រភព​ដើម​ទំនិញ​ខុស​។

ចំណាត់ការ​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​ថៃ​កើតឡើង​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ទីភ្នាក់ងារ​គយ​កូរ៉េ​ខាងត្បូង បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៥ កន្លង​ទៅ​ថា ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​ការ​កើនឡើង​ផលិតផល​បរទេស ប៉ុន្តែ​ក្លែងបន្លំ​បិទ​ស្លាក​ផលិតផល​កូរ៉េ​ខាងត្បូង ឬ «Made in Korea» ដែល​ភាគច្រើន​មក​ពី​ប្រទេស​ចិន ដើម្បី​គេច​ពី​ពន្ធ​របស់​សហរដ្ឋអាមេរិក​។ ដូចដែល​ត្រូវ​បាន​ចេញផ្សាយ​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters​។

មន្ត្រី​គយ​កូរ៉េ​ខាងត្បូង​បាន​អះអាង​ថា ខ្លួន​បាន​រក​ឃើញ​ផលិតផល​បរទេស​ដែល​ក្លែងបន្លំ​ជា​ផលិតផល​កូរ៉េ​ខាងត្បូង​មាន​តម្លៃ ២៩,៥​ពាន់​លាន​វ៉ុ​ន ឬ​ស្មើនឹង ២០,៨១​លាន​ដុល្លារ នៅ​ត្រីមាស​ទី​១ ឆ្នាំ​នេះ ដោយ ៩៧% សម្រាប់​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ពិសេស​កាលពី​ខែ​មុន​។ នោះ​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ក្លែងបន្លំ​សរុប​គិត​ជា​ទឹកប្រាក់​ចំនួន ៣៤,៨​ពាន់​លាន​វ៉ុ​ន ឬ ២៤,៤​លាន​ដុល្លារ​ពេញ​មួយ​ឆ្នាំ ២០២៤ ក្នុង​នោះ​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​មាន​ចំនួន ៦២%​។

ជា​ការ​ឆ្លើយ​តប​នឹង​កំណើន​នៃ​ការ​ក្លែងបន្លំ​នេះ គយ​កូរ៉េ​ខាងត្បូង​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដើម្បី​ទប់ស្កាត់​ការ​ក្លែងបន្លំ និង​នាំ​ចេញ​ខុសច្បាប់ ហើយ​គ្រោង​បង្កើត​វិធានការ​ឆ្លើយ​តប​ជាក់លាក់​បន្ថែម​ទៀត ដើម្បី​ការពារ​ក្រុមហ៊ុន​ក្នុងស្រុក​ផង​ដែរ​។

ចាប់តាំងពី​ចូល​កាន់​តំណែង​កាលពី​ខែមករា ឆ្នាំ​២០២៥ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ពន្ធ​កម្រិត​ខ្ពស់​លើ​ផលិតផល និង​ប្រទេស​ផ្សេង​ៗ ដែល​បាន​ចាប់ផ្តើម​ចូល​ជា​ធរមាន​កាលពី​ខែមីនា​កន្លង​ទៅ​។ មន្ត្រី​កូរ៉េ​ខាងត្បូង​លើក​ឡើង​ថា កត្តា​នេះ​អាច​នាំ​ឱ្យ​មានការ​កើនឡើង​ការ​ក្លែងបន្លំ​ពី​បណ្តា​ក្រុមហ៊ុន​បរទេស ពិសេស​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន​ជិតខាង​ខ្លួន ដើម្បី​បិទ​ស្លាក​សញ្ញា​ផលិតផល​របស់​ខ្លួន​ជា​ផលិតផល​កូរ៉េ​ខាងត្បូង​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​ដ៏​សំខាន់ និង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អា​មេ​រិ​ក ដើម្បី​គេច​ពី​ពន្ធ និង​បទ​ប្បញ្ញត្តិ​នៅ​ទីនោះ​។

លោក ត្រាំ បាន​ដាក់​ពន្ធ ២៥% លើ​កូរ៉េ​ខាងត្បូង​ក្នុង​ខែ​នេះ ដែល​ក្រោយមក​ត្រូវ​បាន​ប្រកាស​ផ្អាក​រយៈពេល​៣​ខែ ប៉ុន្តែ​អា​មេ​រិ​កបាន​ដាក់​ពន្ធ​ដល់ ១៤៥% លើ​ប្រទេស​ចិន​ក្នុង​សកម្មភាព​ពន្ធ​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក ដែល​បណ្តា​អ្នក​សេដ្ឋកិច្ច​បាន​និយាយ​ថា​បាន​កាត់​ផ្តាច់​ពាណិជ្ជកម្ម​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ជាងគេ​ទាំង​ពីរ​នេះ​របស់​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ