រាជធានីភ្នំពេញ ៖ ភ្លៀងមួយមេធំ មុននេះបន្តិច បានធ្វើអោយផ្លូវ ដែលនៅជាប់មាត់ប្រឡាយលូ ស្ទឹងមានជ័យ បាក់ស្រុតម្តងទៀត ដែលកាលពីឆ្នាំមុន នៅចំណុចដដែលនេះ ក៏បានបាក់ម្តងរួចមកហើយ ។
ការបាក់ស្រុតនេះ បង្កភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី០២ ខណ្ឌមានជ៏យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានប្រាប់អោយដឹងថា មុនកើតហេតុ មានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយលំហូរទឹកលូ នៅប្រឡាយស្ទឹងមានជ័យ កម្ពស់ទឹកឡើងខ្ពស់។ ស្របពេលនោះ ក៏មានកង់បីឥណ្ឌាមួយគ្រឿង បើកលើផ្លូវមួយខ្សែ ដែលអមប្រឡាយលូនោះ ភ្លាមៗ ពលរដ្ឋបានឃើញ ព្យាយាមស្រែកប្រាប់ថា «កុំទៅទៀត ប្រយ័ត្នបាក់ស្រុត ដោយសារចំណុចនេះ ទឹកហូរបុកខ្លាំង ដូច្នេះកុំទៅទៀតអី រកផ្លូវវាងទៅ» ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋ បានប្រាប់បន្តថា ខណៈនោះ អ្នកកង់បីឥណ្ឌា ហាក់ដូចជាមិនខ្វល់សម្តី ដែលគេស្រែកប្រាប់ទេ ក៏បន្តទៅមុខទៀត ដល់ចំណុចបាក់ ស្រាប់តែស្រុតដីក្រឡាប់កង់បី លិចចូលទឹកលូតែម្តង។ ឃើញដូច្នោះ ប្រជាពលរដ្ឋ នាំគ្នាស្ទុះរត់ទៅជួយចងខ្សែ និងជួយទាញកង់បី រួមនឹងមនុស្សឲ្យឡើងមកលើគោកវិញ បានដោយសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ឡើយ។ ភ្លាមៗ ប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចចុះមកអន្តរាគមន៍ ។
បច្ចុប្បន្ន សាលាសង្កាត់ស្ទឹងមានជ័យទី០២ បានចុះដល់ទីតាំងខាងលើ រួចព័ទ្ធខ្សែជាបណ្តោះអាសន្ន រងចាំចំណាត់ការពីថ្នាក់លើផងដែរ ៕






ចែករំលែកព័តមាននេះ