រាជធានីភ្នំពេញ ៖ ក្នុងបេសកកម្មរួមចំណែកក្នុងកិច្ចការសង្គមមនុស្សធម៌ និងសង្គ្រោះអាយុជីវិតមនុស្សដល់អ្នកជំងឺ ដែលកំពុងត្រូវការឈាម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត មានមោទកភាពដែលសម្រេចបានជោគជ័យ «ដំណើរឆ្ពោះទៅកាន់ការចូលរួមបរិច្ចាគ១.០០០ប្លោកឈាម ជូនមជ្ឈមណ្ឌលជាតិ នាព្រឹកថ្ងៃទី២៦ ខែមេសា នៅទីស្នាក់ការអម្រឹត ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីសំណាក់បុគ្គលិក ប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធប្រមាណជាង២០០អ្នកចូលរួម» ។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតមានប្រសាសន៍ថា នេះគឺលើកទី១០មកហើយ ដែលអម្រឹតបានចាប់ផ្តើមរៀបចំកម្មវិធីនេះឡើង ដោយចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២៣ ។ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់អម្រឹត ធ្វើឡើងក្នុងគោលបំណង ៖
១-ចូលរួមលើកកម្ពស់ការយល់ដឹងពីសារសំខាន់នៃការបរិច្ចាគឈាម
២-ចូលរួមក្នុងសកម្មភាពមនុស្សធម៌សង្គម (ក្នុងនាមជាពលរដ្ឋ និងស្ថាប័ន) ក្នុងការជួយសង្គ្រោះអាយុជីវិត ។

លោកបន្ថែមថា ក្នុងនាមស្ថាប័ន និងបុគ្គលិកអម្រឹត ពិតជាមានមោទកភាពយ៉ាងក្រៃលែង ដែលបានចូលរួម និងសម្រេច ដំណើរឆ្ពោះទៅកាន់១,០០០ ប្លោកឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅថ្ងៃនេះ ។ លោកដុស ឌីន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្តសប្បុរស ធម៌ និងការលះបង់របស់អ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដែលបានចូលរួមគាំទ្រសកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យមិនអាចកាត់ថ្លៃបាននេះ។
បើមិនមានការចូលរួមនេះទេ នោះដំណើរឆ្ពោះទៅកាន់ការចូលរួមបរិច្ចាគ១.០០០ប្លោកឈាមនេះ ក៏មិនអាចសម្រេចបានផងដែរ។ អម្រឹតប្ដេជ្ញាបន្តដំណើរក្នុងសកម្មភាពផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីចូលរួមចំណែកជួយដល់សង្គម សង្គ្រោះជីវិតមនុស្សនិងរួមចំណែកផ្គត់ផ្គង់ឈាមឱ្យបានគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យ ។

លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានប្រសាសន៍ថា ការបរិច្ចាគឈាមពិតមានផលប្រយោជន៍ជាច្រើនដូចជា អាចដឹងពីសុខភាពផ្ទាល់ខ្លួន កាត់បន្ថយការលើសជាតិដែក ឈាមដែលផលិតថ្មីឡើងវិញនឹងនាំឲ្យមានសុខភាពល្អ ជាពិសេស គឺឈាមដែលបរិច្ចាគអាចសង្គ្រោះអ្នកជំងឺ និងជួយឲ្យ«ស្តុកឈាម» មានគ្រប់គ្រាន់ដើម្បីសង្គ្រោះអ្នកជំងឺផ្សេងៗទៀត។
លោក ឯកឧត្តម យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលបានចូលរួមក្នុងកម្មវិធី បានថ្លែងអំណរគុណ និងកោតសរសើរដល់ទឹកចិត្តរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បុគ្គលិក និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានសហការក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះឡើងមក។

ការបរិច្ចាគឈាមនេះ គឺជាកម្មវិធីសប្បុរសធម៌ដ៏ប្រពៃ និងជាកម្មវិធីដ៏ល្អដែលយើងទាំងអស់គ្នាគួរតែបន្តទៅទៀត ក្នុងបុព្វហេតុចូលរួមចំណែកក្នុងកិច្ចការងារសង្គម និងមនុស្សធម៌។
គួរបញ្ជាក់ផងដែរថា កម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម
យិន សាវ៉េន អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោក ម៉ៅ សំណាង អភិបាលក្រុងកំពង់ឆ្នាំង លោក គង់ ច័ន្ទធា ប្រធានការិយាល័យ បង្ការ និងគ្រប់គ្រងជំងឺមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោក វ៉ាន់ សាវឿន តំណាងកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោក ដុស ឌីន អគ្គនាយកនៃគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត លោកវេជ្ជបណ្ឌិត សុខប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមគ្រូពេទ្យប្រមាណចំនួន២០នាក់ និងអ្នកចូលរួមបរិច្ចាគប្រមាណ២០០ អ្នកដែលនៅក្នុងនោះមាន មន្ត្រីប៉ូលិស ប្រជាពលរដ្ឋ និងបុគ្គលិកអម្រឹតក្នុងតំបន់កំពង់ឆ្នាំង។

អំពីអម្រឹត បច្ចុប្បន្ន អម្រឹតមានមោទនភាពជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុចំនួន១0 នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ផលវិជ្ជមានដល់សង្គម ។ អម្រឹត បាននិងកំពុងបម្រើអតិថិជនជាង៦00,000 នាក់ ដែលជា កសិករមានចំណូលទាបសហគ្រាសធុនតូច តូចបំផុត និងមធ្យម ។ អម្រឹតមានសាខាចំនួន១៥០ ក្នុង២៤ រាជធានី-ខេត្តទូទាំងប្រទេស និងមានបុគ្គលិកជាង ៤.៧០០នាក់ កំពុងបម្រើការងារ។
អម្រឹតគឺជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Bank SinoPac (ធនាគារ សាយណូផេក) គឺជាភាគទុនិកធំនៅក្នុងអម្រឹត រួមជាមួយនឹងភាគទុនិកចំនួន០២ផ្សេងទៀត ដែលជាស្ថាប័នអន្តរជាតិមានកិត្តិនាម និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នដែលមានភាពច្នៃប្រឌិត និងទំនួលខុសត្រូវខ្ពស់ផ្នែកសង្គម ។ ក្នុងដំណើរវិវត្តន៍ និងការរីកចម្រើនរបស់ខ្លួនអម្រឹតបន្តបំពេញបេសកកម្មក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលស្របតាមតម្រូវការចាំបាច់របស់អតិថិជន ។ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ