ទីក្រុងកៀវ៖ ប្រធានាធិបតីប៉ូឡូញ លោកឌូដា អំពាវនាវឱ្យអ៊ុយក្រែន និងរុស្ស៊ីដកថយមួយជំហានម្នាក់ដើម្បីចរចាគ្នាបញ្ចប់សង្គ្រាម។ លោកថានៅក្នុងសង្គ្រាមនេះគ្មានភាគីណា១មានជ័យជម្នះនៅទីបញ្ចប់ទេ។ ការថ្លែងដូច្នេះបន្ទាប់ពីលោកត្រាំព្រមានកាន់តែខ្លាំងជាងមុនថាមើលទៅលោកប្រហែលជាត្រូវបង្ខំចិត្តដកថយពីការចរចាគ្នាហើយទើបបាន។ ត្រាំថាលោកហ្សេឡិនស្គីពិបាកនិយាយជាងរុស្ស៊ីទៅទៀត។ សម្ដីត្រាំអាចមានន័យថាអាមេរិកនឹងដកថយទាំងជំនួយយោធាថែមទៀត។
នៅអឺរ៉ុប ប៉ូឡូញជាសម្ព័ន្ធដ៏ធំបំផុតមួយរបស់អ៊ុយក្រែន។ ការថ្លែងរបស់ថ្នាក់ដឹកនាំប៉ូឡូញដូចខាងលើនេះអាចជាការផ្លាស់ប្ដូរជំហរនយោបាយដ៏សំខាន់ និងជាការដាក់សម្ពាធទៅលើលោកហ្សេឡិនស្គីដើម្បីទទួលយកការពិត។ គេដឹងថានៅដំណាក់កាលចុងក្រោយនេះ បញ្ហាគ្រីម៉េក្លាយជាប្រធានបទស្នូលនៃការខ្វែងគំនិតគ្នារវាងទីក្រុងកៀវ និងវ៉ាស៊ីនតោន។
រុស្ស៊ីបានដាក់បញ្ចូលគ្រីម៉េជាទឹកដីខ្លួនកាលពីឆ្នាំ២០១៤។ ប្រភពខ្លះថាត្រាំសុខចិត្តកាត់គ្រីម៉េឱ្យរុស្ស៊ីដោយស្របច្បាប់។ ធ្វើម៉េចឱ្យរុស្ស៊ីទទួលយកកិច្ចព្រមព្រៀងសន្តិភាព។ ប៉ុន្តែលោកហ្សេឡិនស្គីមិនយល់ព្រមជាដាច់ខាត។ ដោយសារទំនាស់នឹងបញ្ហានេះ អាមេរិកសម្រេចចិត្តមិនបញ្ជូនរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំជាមួយពួកអឺរ៉ុបនៅទីក្រុងឡុងទេ។
នៅក្នុងស្ថានភាពនេះមិនចុះសម្រុងនេះ ប៉ូឡូញយល់ថាដាច់ខាតត្រូវតែមានការសម្របសម្រួលគ្នា និងធ្វើសម្បទានឱ្យគ្នា។ លោកឌូដាថ្លែងប្រាប់យួរ៉ូញូ (Euro news) នៅក្នុងបទសម្ភាសចាក់ផ្សាយកាលពីព្រឹកមិញ។ លោកនិយាយនេះចង់សំដៅទៅលើផែនការសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយអាមេរិក។ ប៉ូឡូញយល់ថាភាគីជម្លោះទាំង២ត្រូវតែដកថយមួយជំហានម្នាក់។
លោកឌូដាយល់ថាអ៊ុយក្រែនត្រូវតែដកថយនៅត្រង់ចំណុចខ្លះព្រោះមុន ឬក្រោយ ព្រឹត្តិការណ៍នោះគង់តែកើតឡើងជាមិនខានទេ។ ចំពោះសំណួរថាតើអ៊ុយក្រែនត្រូវដកថយដល់ចំណុចណា? លោកឌូដាយល់ថាសម្រាប់ពេលនេះ លោកមិនទាន់អាចនិយាយបានទេ។
លោកយល់ថាសង្គ្រាមនេះធ្វើឱ្យរុស្ស៊ីប្រើប្រាស់ធនធានសឹងតែខ្សោះអស់ពីខ្លួន ហើយធ្វើឱ្យរុស្ស៊ីចាប់ផ្ដើមទន់ដៃទន់ជើង។ លោកពូទីនកំពុងបន្លែងលេងនឹងល្បែងដ៏ប្រថុយប្រថាន។ លោកយល់ថាសង្គ្រាមនេះក៏ធ្វើឱ្យអ៊ុយក្រែនខាងបង់មិនតិចដែរ។ ហេតុនេះ ប្រទេសទាំង២ចង់បញ្ចប់សង្គ្រាម។ ប៉ុន្តែចង់បញ្ចប់ដោយភាគីម្ខាងៗចង់បានជ័យជម្នះ។ នេះជាចរិតធម្មជាតិរបស់មនុស្ស។ ខាងលើនេះជាការដកស្រង់ប្រភពពីទស្សនាវដ្ដីញូស្វីក (Newsweek)៕
ចែករំលែកព័តមាននេះ