ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័រភ្ជួរដីចម្ការកិនមីនតោន.ផ្ទុះ.កក្រើក

1 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ មីនតោន​១​គ្រាប់​ដែល​កប់​ក្នុង​ដី និង​ត្រូវ​បាន​គេ​ដឹង​ថា គ្រាប់​មីន​សល់​កាលពី​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​ទី​៨០​បាន​ផ្ទុះ​លាន់ឮ​កក្រើក​ដី ខណៈ​ត្រាក់ទ័រ​១​គ្រឿង​កំពុង​តែ​ភ្ជួរដីចម្ការ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង រួច​បន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ…

ខេត្តឧត្តរមានជ័យ ៖ មីនតោន​១​គ្រាប់​ដែល​កប់​ក្នុង​ដី និង​ត្រូវ​បាន​គេ​ដឹង​ថា គ្រាប់​មីន​សល់​កាលពី​សម័យ​សង្គ្រាម​ក្នុង​ទស​វត្ស​ទី​៨០​បាន​ផ្ទុះ​លាន់ឮ​កក្រើក​ដី ខណៈ​ត្រាក់ទ័រ​១​គ្រឿង​កំពុង​តែ​ភ្ជួរដីចម្ការ បណ្តាល​ឲ្យ​បុរស​ម្នាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង រួច​បន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយសារ​តែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ កើតឡើង​នៅ​ក្នុង​ដីចម្ការ​មួយ​កន្លែង ចំណុច​ចង្អូរ​ថ្ម​ក្នុងភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​កិន​មីន​ផ្ទុះ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២៥ ។

ជន​រង​គ្រោះ​ឈ្មោះ ហែម សុ​កៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រង​របួសធ្ងន់ រស់នៅ​ភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

យោង​តាម​ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​អតីត​ខ្មែរក្រហម​ម្នាក់​បាន​ឲ្យ​ដឹង​ថា តំបន់​ជាយ​ដែនកម្ពុជា​-​ថៃ​នេះ ក្នុង​អំឡុង​ឆ្នាំ​១៩៩៦ និង​១៩៩៧ ក្រុម​ទាហាន​ខ្មែរក្រហម បាន​ដាក់​បង្កៃគ្រាប់​មីន​ជា​ច្រើន​ប្រភេទ ដើម្បី​ការពារ​ក្រុម​ទាហាន​ខាង​រដ្ឋ​កម្ពុជា មិន​ឱ្យ​ចូល​មក​កាន់​ទីតាំង​ឈរជើង​របស់​ពួក​ខ្លួន ។

លុះដល់​ឆ្នាំ​១៩៩៨ ទើប​មាន​សមាហរណកម្ម​បញ្ចប់​សង្គ្រាមស៊ីវិល ខណៈនោះ ទើប​គេ​បាន​សង្កេត​ឃើញ​មាន​ក្រុម​អង្ក​ការ​ស៊ី​ម៉ាក់​ចុះ​ដោះ​គ្រាប់​មីន​បណ្តើរ​ៗ តែ​ទោះជា​បែប​ណា គ្រាប់​មីន​នៅ​តែ​បន្ត​លាក់ខ្លួន និង​ផ្ទុះ​ឆក់​យកអាយុ​ជីវិត​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​រហូត​មក​ដល់បច្ចុប្បន្ន ព្រោះ​មិនដឹង​ថា ការ​កប់​មីនតោន​ប្រឆាំង​រថក្រោះ និង​រថយន្ត​នេះ កប់​នៅ​ទីណា​ខ្លះ​ទេ ។

គួរ​រម្លឹក​ថា ករណី​ផ្ទុះ​មីនតោន​នេះ មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ករណី​នេះ វា​បាន​កើត​ឡើងជា​ញឹកញាប់​មក​ហើយ​សម្រាប់​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ ។ នៅ​តំបន់​នេះ មាន​ក្រុមការងារ​ហេ​ឡូ​ត្រា​សបាន​កំពុង​រុករក មីន​បង្ក​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ