ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋជាង 200 គ្រួសារ នៅភូមិអាំងកុក ឃុំអ្នកលឿង ស្រុកពាមរក៍ កំពុងតែសប្បាយរីករាយជាខ្លាំង ដោយសារតែអាជ្ញាធរស្រុក បានដាក់គ្រឿងចក្រជាច្រើនគ្រឿង ចុះធ្វើផ្លូវជូនដល់អ្នកភូមិ ដែលផ្លូវនេះនឹងមានកម្ពស់ខ្ពស់ផុតពីទឹក អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមកបានគ្រប់ពេលវេលា ទោះបីជាមានទឹកជំនន់ក៏ដោយ។
អ្នកភូមិអាំងកុកបានអោយដឹងថា ទោះបីភូមិរបស់គាត់ជាទីទួលមិនមានទឹកលិចក៏ដោយ ប៉ុន្តែផ្លូវ ចូលទៅកាន់ភូមិរបស់គាត់ ជាផ្លូវដី និងមានកម្ពស់ទាប ពេលខែវស្សា តួផ្លូវបែកភក់ល្បាប់ពិបាកធ្វើដំណើរ ហើយនៅរដូវទឹកជំនន់ ផ្លូវទាំងមូលត្រូវទឹកលិចបាត់ ចង់ទៅណាមកណា ត្រូវធ្វើដំណើរដោយជិះទូក ពិបាកខ្លាំងណាស់ ពិសេសក្មេកៗសិស្ស សាលា និងអ្នកជំងឺឈឺស្កាត់ពេលយប់ព្រលប់។
លោក ស្វាយ សំអុល អនុភូមិស្ទឹងស្លូត បានឱ្យដឹងថា ផ្លូវនេះមិនត្រឹមតែប្រជាពលរដ្ឋភូមិអាំងកុកជាង 200 គ្រួសារប៉ុណ្ណោះទេ អ្នកភូមិស្ទឹងស្លូតជាច្រើនគ្រួសារ ក៏ប្រើប្រាស់ផ្លូវនេះដែរ។
លោកអនុភូមិស្ទឹងស្លូតបានបន្តទៀតថា ដោយមើលឃើញថា ផ្លូវនេះត្រូវទឹកជំនន់ជន់លិចរាល់ឆ្នាំធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរហើយក៏ស្របតាមការសំណូមពររបស់ប្រជាពល រដ្ឋផងនោះ ទើបលោក កែវ ពិសី អភិបាលស្រុក ពាមរក៍ បានស្វះស្វែងគៀងគរប្រមូលថវិកា យកមកជួយសាងសង់ផ្លូវនេះជូនប្រជាពលរដ្ឋដោយតាមគម្រោងផ្លូវនេះនឹងធ្វើក្នុងបណ្ដោយប្រវែង 1040 ម៉ែត្រ កម្ពស់ 2 ម៉ែត្រ ទទឹងបាតក្រោម 12 ម៉ែត្រ និងខ្នងលើ 6 ម៉ែត្រ ជាប្រភេទផ្លូវក្រាលខ្សាច់ភ្នំ ដោយចាប់ផ្ដើមធ្វើនៅដើមខែមេសា 2025 ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅមុនរដូវទឹកឡើងឆ្នាំនេះ។
ប្រជាពលរដ្ឋភូមិស្ទឹងសន្តិភាព ហៅ ភូមិអាំងកុក បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ1 ចាក់រហូតទៅដល់ដងទន្លេតូច ដែលមានប្រវែង 3 គីឡូម៉ែត្រ ពេលនេះដោយសារតែថវិកាមានកំណត់ អាជ្ញាធរជួយសាងសង់ផ្លូវនេះបានតែប្រវែង 1040 ម៉ែត្រប៉ុណ្ណោះ នៅសល់ប្រមាណ 2 គីឡូដីទៀត ដូច្នេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរស្រុកក៏ដូចជាខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយសាងសង់បន្ត បង្ហើយផ្លូវដែលនៅសល់ និងស្នើសុំសាងសង់ផ្លូវនេះ ជាប្រភេទផ្លូវបេតុងតែម្ដង ដើម្បីប្រើប្រាស់បានយូរអង្វែង ៕







ចែករំលែកព័តមាននេះ