ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែអត់លុយចាយ ! បុរស២នាក់លួចទូកស្មាច់បើករត់គេច ស៊យធំអស់សាំង ម្ចាស់គេដេញទាន់ចាប់ឱ្យសមត្ថកិច្ច

6 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ទូក​ស្មាច់ អ្នកនេសាទ​ត្រី បាន​សម្រេច រួច​បើក​រត់គេច តែ​ចំ​ថ្ងៃ​ស៊យ ម៉ាស៊ីន​ទូក​អស់​សាំង ត្រូវ​ម្ចាស់​គេ​បើកទូក​ដេញ​ពីក្រោយ​ទាន់ ក្របួច​ជាប់​ទាំង​០២​នាក់…

ខេត្តកណ្តាល ៖ បុរស​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ធ្វើ​សកម្មភាព​លួច​ទូក​ស្មាច់ អ្នកនេសាទ​ត្រី បាន​សម្រេច រួច​បើក​រត់គេច តែ​ចំ​ថ្ងៃ​ស៊យ ម៉ាស៊ីន​ទូក​អស់​សាំង ត្រូវ​ម្ចាស់​គេ​បើកទូក​ដេញ​ពីក្រោយ​ទាន់ ក្របួច​ជាប់​ទាំង​០២​នាក់ ។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ដែរ​បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​០៨ និង ០០ នាទី​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​នៅ​ចំណុច​មាត់​ស្ទឹង ពាម​ផ្ទោល​កើត ក្នុងភូមិ​ពាម​ផ្ទោល​កើត ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ គ្រី ម៉ា​ប់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​(​នេសាទ​ត្រី​) ស្នាក់​នៅ​ទីតាំង​កើតហេតុ​ខាងលើ ។ ចំណែក​ជនសង្ស័យ​ទី​០១​ឈ្មោះ គ្រឿន ឈុ​ន​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ (​មិន​ពិតប្រាកដ​) មាន​ទីលំនៅ​ភូមិ ពាម​ផ្ទោល​កើត ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យ​ទី​០២ មានឈ្មោះ ពេញ ម៉េ​ង​ឃាង ភេទ​ប្រុស អាយុ​២៥ មុខរបរ​(​មិន​ពិតប្រាកដ​) រស់នៅ​ភូមិ​ពាម​ផ្ទោល​កើត ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។

ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង ទូក​ស្មាច់ ពណ៌​ខៀវ​ចំនួន​០១​គ្រឿង និង​ម៉ាស៊ីន​ទូក​ចំនួន​០១​គ្រឿង ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​កាលពី​វេលា​ម៉ោង​០៨​និង​០០​យប់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ ជង​រង​គ្រោះ​កំពុង​សម្រាក​ក្នុង​រោង (​មាត់​ស្ទឹង​) ស្រាប់តែ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ​បាន​នាំ​ដើរមក​ធ្វើ​សកម្មភាព​ចូល​លួច​យក​ទូក​ស្មាច់ របស់​ជន​រង​ចំនួន​០១ គ្រឿង ដែល​បាន​ចត​ទុក​នៅ​មាត់​ស្ទឹង​ពាម​ផ្ទោល​កើត ហើយ​ជនសង្ស័យ​បាន​បើកទូក​នោះ​យក​ចេញ​ទៅ​ទិស​ដៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល ។

នៅ​ពេល​ដែល​កំពុង​បើកទូក​ចេញ​ទៅ ស្រាប់តែ​មាន​បុរស​ម្នាក់​គាត់​បានឃើញ​ក៏​បានរ​ត់ទៅ​ប្រាប់​ជន​រង​គ្រោះ​ថា​«​មាន​គេ​លួច​បើកទូក​ចេញ​ទៅ​បាត់​ហើយ​» ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចុះ​ទៅ​មើល​ទូក តែ​មិនឃើញ​ទូក​នោះ​ទេ ទើបបាន​នាំ​គ្នា​ជិះទូក​មួយ​គ្រឿង​ទៀត​ជិះ​ដេញ​ទៅ​តាម​ពីក្រោយ​លុះ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​ប្រឡាយ​(៤០)​ស្ថិត​នៅ​ក្នុង​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្តាល ។ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​កំពុង​តែ​អុំទូក​របស់​ជន​រង​គ្រោះ ដោយសារ​ម៉ាស៊ីន​ទូក​នោះ​អស់​សាំង ។ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ ប្រគល់​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​លើក​ដែក ដើម្បី​នាំ​ខ្លួន​យក​មក​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​នេះ បាន​ឆ្លើយ​សារភាព​ថា​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ទូក​ស្មាច់​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ពីព្រោះ​អត់​លុយ​ចាយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ស្អាង​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ