ខេត្តបាត់ដំបង ៖ ទំនងមិនធ្លាប់បានចូលរួម «សប្បាយរីករាយ» ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឬពិធីបុណ្យផ្សេងៗសោះ… សូម្បីតែម្ដង សំរាប់កុមារីវ័យ១០ឆ្នាំម្នាក់ដែលនាងទទូលភារកិច្ចពីម្ដាយដើរទូលបន្លែលក់រកកម្រៃប្រចាំថ្ងៃ ដើម្បីចិញ្ចឹមគ្រួសារ ខុសពីកុមារជាកូនអភិជន
ដទៃៗ ។

ស្នូរសម្លេងស្រែកហ៊ោសប្បាយ រីករាយកងរំពង រំលងពីផ្លូវមួយ ទៅផ្លូវមួយ ជាមួយនឹងចង្វាក់បទភ្លេងយ៉ាងអធិកអធមចំកណ្ដាលក្រុងបាត់ដំបងនៃក្រុមសិស្សានុសិស្ស សាលាបឋមសិក្សា «២ធ្នូ» ហាក់មិនបានទាក់ទាញចំណាប់អារម្មណ៍កុមារីដ៏កំសត់ម្នាក់នេះឲ្យពុះកញ្ជ្រោលពេកនោះទេ ។ គួររំលឹកថា មុនប៉ុន្មានថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (១៤.១៥.១៦-២០២៥) ចូលមកដល់ គេសង្កេតឃើញនៅតាមរមណីយដ្ឋាន ទីវត្តអារាម ឬនៅតាមបណ្ដាសាលារៀននានា មានប្រារព្ធ ឬរៀបចំពិធី «សង្ក្រាន្តឆ្នាំថ្មី» យ៉ាងគគ្រឹកគគ្រេង ។

ជាមួយគ្នានោះ សាលាបឋមសិក្សា«២ធ្នូ» ដែលស្ថិតនៅចំកណ្ដាលបេះដូងក្រុងបាត់ដំបង ក៏បានរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះយ៉ាងសប្បាយរីករាយដូចសាលាដទៃទៀតដែរ ។ ភាពសប្បាយរីករាយដ៏អធិកអធមរបស់កុមាររាប់រយនាក់នៅក្នុងបរិវេណសាលាបឋមសិក្សា«២ធ្នូ»ហាក់មិនបានអូសទាញចិត្តអ្នកលក់បន្លែផ្សងព្រេងវ័យ១០ឆ្នាំម្នាក់នេះឲ្យរំភើបរីករាយជាមួយទេ ។

ជាមួយនឹងទំនូលបន្លែស្ពៃមួយល្អីយ៉ាងធំ ស្ថិតនៅលើក្បាលផង កុមារីដ៏កំសត់រូបនេះ បានត្រឹមទូលបន្លែដើរឆ្លងកាត់ជាមួយនឹងការឆ្លៀតឱកាសឈប់លួចអើតមើលគេពីមាត់ទ្វារនៃរបងសាលាត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ហើយក៏ធ្វើដំណើរបង្ហូសទៅមុខ ដើម្បីស្វែងរកអតិថិជនរបស់នាង ។
ជួបជាមួយកោះសន្តិភាព មិនឆ្ងាយប៉ុន្មានពីរបងសាលាបឋមសិក្សា «២ធ្នូ» នៅលើដងវិធីដ៏មមារញឹកបំផុតមួយ អ្នកលក់បន្លែផ្សងព្រេងតាមដងផ្លូវដ៏អភ័ព្វរូបនេះ បានផ្ដល់ពេលយ៉ាងខ្លីឈរនិយាយរៀបរាប់ប្រាប់ពីមុខជំនួញប្រចាំថ្ងៃរបស់នាង ។

នាងមិនរារែកទេក្នុងការផ្ដល់ចម្លើយទៅនឹងសំនួរខ្លីៗ ។ នៅចំពោះមុខកញ្ចក់កាមេរ៉ាទូរស័ព្ទ នាងបានប្រាប់ថា «ខ្ញុំឈ្មោះ វណ្ណា អាយុ១០ឆ្នាំ។ ឪពុកខ្ញុំឈ្មោះ ដុក»។ ប៉ុន្តែនាងមិនបានប្រាប់ឈ្មោះ ម្ដាយ និង ប្រវត្តិលម្អិតពីក្រុមគ្រួសារនាងទេ ។ ក្នុងទឹកមុខមាំទាំ បន្ថែមនូវស្នាមញញឹមបន្តិចបន្តួចម្ដងម្កាលផង កុមារី ដុក វណ្ណា បានរៀបរាប់ខ្លីៗដូច្នេះថា « ខ្ញុំទូលបន្លែស្ពៃនេះ ចេញមកពីផ្សារបឹងឈូក ដើរលក់គ្រប់ច្រកល្អក និងតាមផ្ទះនានានៅក្នុងក្រុងបាត់ដំបង ដោយឆ្លងកាត់ពីផ្លូវមួយ ទៅផ្លូវមួយ ដើម្បីស្វែងរកអ្នកទិញ» ។
កោះសន្តិភាព៖ តើម្ដាយក្មួយជាអ្នកលក់បន្លែដែរឬ ? មិនរារែកយូរឡើយ នាងបានប្រាប់ត្រង់ៗថា «អត់ទេ..! ម្ដាយខ្ញុំ ដើររើសអេតចាយ ហើយខ្ញុំដើរលក់បន្លែ»។
កោះសន្តិភាព៖ តើថ្ងៃនេះ បន្លែប៉ុណ្ណឹងលក់អស់ទេ ? ហើយចំណេញបានប៉ុន្នាន ?
ដុក វណ្ណា៖ « ពេលខ្លះក៏លក់អស់ ពេលខ្លះក៏សល់។ បើលក់អស់បានកំរ៉ៃចន្លោះពី៥ទៅ៦ពាន់រៀល»។

នៅពេលសួរដល់សំណួរចាក់ចំបេះដូងនាង ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សង្គ្រាន្តឆ្នាំថ្មី» ខណៈកុមាររាប់រយនាក់កំពុងស្រែកហ៊ោសប្បាយរីករាយយ៉ាងអធិកអធម នៅក្នុងសាលាបឋមសិក្សា«២ធ្នូ» ឬកន្លែងដទៃៗទៀត ដែលកុមារីដ៏កំសត់រូបនេះ បានត្រឹមដើរឆ្លងកាត់ នាងហាក់មិនចាប់អារម្មណ៍នឹងក្ដីរីលរាយនោះទេ ។ នាងបានឆ្លើយដោយគ្មានការរារែក បន្ថែមនូវស្នាមញញឹមទៀតផង ។
កោះសន្តិភាព៖ ពេលទូលបន្លែដើរលក់ កាត់មុខសាលាគេលេងសង្ក្រាន្តអីចឹង តើក្មួយមិនចង់ចូលលេងនឹងគេទេ ? នាងគ្រវីក្បាល ជាមួយនឹងការបង្ហាញនូវទឹកមុខមាំទាំ៖ «អត់..!» នេះជាចម្លើយមួយម៉ាត់យ៉ាងខ្លី ដែលកុមារីដ៏កំសត់រូបនេះ បានឆ្លើយទៅនឹងសំនួរចាក់ចំបេះដូងរបស់នាង ។

ក្រោមកំដៅថ្ងៃនាវេលាម៉ោងប្រមាណ១០ព្រឹក និងមានទំនូលបន្លែមួយល្អីនៅលើក្បាលផង នាងមិនភ្លេចក្រឡេកមើលឆ្វេងស្ដាំឡើយ ដែលទំនងនាងក្រឡេកមើល ក្រែងមានអតិថិជនរបស់នាងហៅទិញ ប៉ុន្តែនាងនៅតែបន្តផ្ដល់ចម្លើយ ។ អ្នកលក់បន្លែផ្សងព្រេងវ័យក្មេងខ្ចីរូបនេះ បានបន្តចម្លើយដ៏គួរឲ្យសង្វេគ ភ្ជាប់ទៅនឹងសំណួរខាងលើ ដូច្នេះទៀតថា «ខ្ញុំមិនហ៊ានចូលលេងសង្គ្រាន្តជាមួយគេទេ ខ្លាចលក់បន្លែមិនអស់ អត់លុយទិញអង្ករដាំបាយហូប» ។
គ្មានទេសេចក្ដីរីករាយសប្បាយ ជាមួយសង្ក្រាន្តឆ្នាំថ្មី សំរាប់កុមារីដ៏កំសត់រូបនេះ ។ ដុក វណ្ណា បានចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ក្នុងការសារសងជាមួយកោះសន្តិភាព ហើយនាងក៏បន្តដំណើរទៅមុខជាមួយនឹងទំនូលបន្លែស្ពៃមួយល្អីគ្របលប់លើក្បាល ។ នាងត្រូវដើរឆ្លងកាត់លើដងវិថីនានា ក្នុងក្រុងបាត់ដំបង ដើម្បីប្រឹងប្រែងស្វែងរកអតិថិជនរបស់នាងដែលធ្លាប់ទិញរាល់ថ្ងៃ ខណៈដែលមនុស្សម្នា ចាស់ក្មេង ប្រុស ស្រី ភ្លូកទឹក ភ្លូកដី រាប់រយរាប់ពាន់នាក់ កំពុងធ្វើដំណើរស្វែងរកកន្លែងកម្សាន្តក្នុង«សង្ក្រាន្តឆ្នាំថ្មី» ។

កុមារី ដុក វណ្ណា ក៏បានបង្ហើបពីប្រវត្តិដ៏សង្វេគរបស់នាងផ្ទាល់មកប្រាប់កោះសន្តិភាពដែរថា «ខ្ញុំរៀនបានត្រិមថ្នាក់ទី៣ ឥឡូវខ្ញុំឈប់រៀនហើយ ព្រោះម៉ាក់ខ្ញុំអត់លុយឲ្យរៀន ហើយអត់មានអ្នកជួយរកលុយទៀត ទើបខ្ញុំឈប់រៀន ទូលបន្លែដើរលក់ដើម្បីរកលុយទិញអង្គរ ។ ពេលលក់មិនអស់ខាត ហើយខូចបន្លែទៀត តែបើលក់អស់គ្រាន់បានចំណេញខ្លះយកឲ្យម៉ាក់ទិញអង្ករដាំហូប» ៕


ចែករំលែកព័តមាននេះ